ជាតិ
សហគមន៍៤ ក្នុងខេត្តព្រះវិហារ ទទួលបានជំនួយខ្នាតតូចពី UNDP
25, Jul 2022 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សហគមន៍ចំនួន៤ រួមមាន ចាក់អង្រែ ដាតាវឹក តាំងយូ និងត្មាតប៉ើយ មានលក្ខខ័ណ្ឌគ្រប់ អាចទទួលថវិកាជំនួយខ្នាតតូចពី UNDP បន្ទាប់ពីជ្រើសចេញពីសហគមន៍ចំនួន២១។ ជំនួយទទួលនេះត្រូវគាំទ្រលើ សកម្មភាពនៃការល្បាតព្រៃឈើ ការសាងសមត្ថភាពស្ថាប័ន ការលើកកម្ពស់ជីវភាពរស់នៅ និងការរៀបចំសហគមន៍ដើម្បីអាចស្វែងរក និងគ្រប់គ្រងអត្ថប្រយោជន៍សហកាបូនពីព្រៃឈើ។



គម្រោង USAID ព្រៃឡង់បៃតង សហការជាមួយកម្មវិធីជំនួយខ្នាតតូចក្នុងកិច្ចគាំពារបរិស្ថានជាសកលរបស់ UNDP ដើម្បីផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពដល់សហគមន៍មូលដ្ឋាន នៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ។ 
 
ជាមួយគ្នានេះ កិច្ចសហការខាងលើ គឺសម្របសម្រួលសហគមន៍មូលដ្ឋាន ចំនួន៤ នៅក្នុងខេត្តព្រះវិហារ ឲ្យដាក់ពាក្យស្នើសុំជំនួយខ្នាតតូចក្នុងកិច្ចគាំពារបរិស្ថានជាសកលរបស់ UNDP ។ សហគមន៍ទាំង៤នោះ មានដូចជា ចាក់អង្រែ ដាតាវឹក តាំងយូ និង ត្មាតប៉ើយ ដែលត្រូវបានជ្រើសរើសពីសហគមន៍ចំនួន២១ ដែលបច្ចុប្បន្នគាំទ្រដោយគម្រោង USAID ព្រៃឡង់បៃតងក្នុងខេត្តព្រះវិហារ។ ការជ្រើសរើសនោះទៀតសោត ត្រូវផ្អែកលើលក្ខខ័ណ្ឌដែលអាចទទួលបាន និងចំនួនថវិកា។ 


 រូបភាពដោយ គម្រោងUSAID ព្រៃឡង់បៃតង

បើតាមគម្រោង USAID ព្រៃឡង់ សម្រាប់សំណើគម្រោងរបស់សហគមន៍មូលដ្ឋានទាំង៤ មានគោលដៅប្រហាក់ប្រហែលគ្នារួមមាន ការលើកកម្ពស់សុខុមាលភាពសហគមន៍ តាមរយៈសេវាអេកូទេសចរណ៍ និងការពង្រឹងការអភិរក្សព្រៃឈើ។ 
 
«ជំនួយទាំងនេះនឹងគាំទ្រដល់សកម្មភាពជាច្រើនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ ដូចជាការស្តារឡើងវិញនូវផ្លូវឡើងភ្នំ និងការបង្កើតកន្លែងបោះជំរុំ ការិយាល័យសហគមន៍ ប្រឡាយទឹក ក៏ដូចជាការកសាងសមត្ថភាពលើជម្រើសមុខរបរនៃការចិញ្ចឹមជីវិត»។ នេះជាការបញ្ជាក់របស់គម្រោង USAID ព្រៃឡង់។ 
 
ជាមួយគ្នានេះ សំណើគម្រោងរបស់សហគមន៍មូលដ្ឋានចំនួន៣ ត្រូវបានអនុម័តដោយមានលក្ខខណ្ឌ ដោយគណៈកម្មាធិការជាតិរបស់ UNDP។ ចំណែកឯសហគមន៍មូលដ្ឋាន១ទៀត នឹងត្រូវបានស្នើឱ្យដាក់ឡើងវិញសម្រាប់ជុំក្រោយដែលចាប់ផ្តើមក្នុងខែតុលាឆ្នាំ២០២២។
 
តាមរយៈដំណើរការនៃការស្នើសុំជំនួយខ្នាតតូច និងការបង្កើតផែនការនិរន្តរភាព សមាជិកគណៈកម្មការសហគមន៍ កាន់តែមានសមត្ថភាពក្នុងការស្នើសុំមូលនិធិពីម្ចាស់ជំនួយផ្សេងទៀតនាពេលអនាគត ដើម្បីគ្រប់គ្រងសហគមន៍ដោយខ្លួនឯង និងធានានិរន្តរភាពសម្រាប់ការការពារធនធានធម្មជាតិ បន្ទាប់ពីគម្រោង USAID ព្រៃឡង់បៃតងត្រូវបានបញ្ចប់៕
 

 រូបភាពដោយ គម្រោងUSAID ព្រៃឡង់បៃតង

  រូបភាពដោយ គម្រោងUSAID ព្រៃឡង់បៃតង
 

Tag:
 សហគមន៍
  UNDP
  គម្រោង USAID ព្រៃឡង់បៃតង
© រក្សាសិទ្ធិដោយ thmeythmey.com