ជាតិ
អុតស្វា៖ ថៃគ្មានគម្រោងយកបុរសនីហ្សេរីយ៉ាទៅវិញឡើយ ដោយទុកឲ្យព្យាបាលនៅកម្ពុជា
25, Jul 2022 , 10:25 am        
រូបភាព
រូបតំណាង ដោយ CDC
រូបតំណាង ដោយ CDC
ដោយ: រួបរួម
រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Anutin Charnvirakul បានអះអាងថា ថៃគ្មានគម្រោងនាំខ្លួនបុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាវិលត្រឡប់ទៅកាន់ប្រទេសថៃវិញនោះឡើយ។ នេះបើសំដីដែលដកស្រង់ដោយកាសែត បាងកក ប៉ុស្តិ៍។

 
លោក Anutin បាននិយាយកាលពីថ្ងៃអាទិត្យ កន្លងមកថា អ្នកជំងឺនីហ្សេរីយ៉ា ដែលបានលួចរត់ចេញពីថៃរូបនោះ អាចបន្តព្យាបាលនៅកម្ពុជា ហើយលោករំពឹងថា ស្ថានភាពរបស់គេនឹងមានភាពល្អប្រសើរឡើង។
 
កាលពីយប់ថ្ងៃទី២២ ខែកក្កដា ថៃបានប្រកាសពីការបាត់ខ្លួនអ្នកជំងឺនីហ្សេរីយ៉ាឈ្មោះOsmond Chihazirim អាយុ២៧ឆ្នាំ។ បុរសដែលជាអ្នកទេសចរនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានវិជ្ជមានវីរុសអុតស្វា (Monkeypox) ដោយមានប្រវត្តិធ្វើដំណើរនៅកោះភូកេត។ ដល់វេលាម៉ោង៥ និង៣០នាទីថ្ងៃទី២៣ ខែកក្កដា អាជ្ញាធរខ្មែរ បានរកឃើញបុរសរូបនោះ នៅផ្ទះសំណាក់មួយ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
 
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយបើតាមលទ្ធផលតេស្តពីរលើក គេពិតជាមានវិជ្ជមានវីរុសអុតស្វា ហើយក្រសួងសុខាភិបាលនៅតែបន្តស្វែងរកអ្នកប៉ះពាល់ផ្ទាល់។
 
យោងតាមបាងកកប៉ុស្តិ៍ Osmond បានលួចឆ្លងកាត់មកកម្ពុជា តាមព្រំដែនខេត្តស្រះកែវ។ បុរសនេះក៏ប្រឈមនឹងរងការពិន័យពីរដ្ឋាភិបាលថៃផងដែរ ទាក់ទងនឹងការស្នាក់នៅហួសកំណត់ ដោយគេបានចូលទៅថៃតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយស្នាក់នៅតំបន់ឆ្នេរ Patong។
 
 

ទាក់ទងនឹងជំងឺអុតស្វា ក្រសួងសុខាភិបាលកម្ពុជា បានសេចក្តីណែនាំមួយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដោយ ពន្យល់ថា អ្នកកើតជំងឺអុតស្វា មានសញ្ញា ដូចជា ចេញកន្ទួលរមាស់ដូចពងទឹកលើខ្លួន ក្តៅខ្លួនលើសពី៣៨,៥អង្សា ឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ ឈឺចង្កេះ និង អស់កម្លាំង ជាដើម។
 
ជាមួយ ក្រសួងសុខាភិបាល ក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយត្រូវអនុវត្តវិធានការការពារជំងឺដោយផ្ទាល់ខ្លួន។ បើតាមក្រសួងសុខាភិបាល មានករណីឆ្លងជំងឺអុតស្វាជិត៨ពាន់នាក់ហើយ នៅតាមបណ្តាប្រទេសជាង៦០លើពិភពលោក។ តួលេខនេះ ក្រសួង អះអាងថា ស្រង់ចេញពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com