កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Hamilton ដណើមបានលេខ២លើកដំបូង ស្របពេលគូប្រជែង Verstappen ឈ្នះជាលើកទី៧
25, Jul 2022 , 7:29 pm        
រូបភាព
កីឡាករ Lewis Hamilton (ស្តាំ) និងគូប្រជែង Max Verstappen
កីឡាករ Lewis Hamilton (ស្តាំ) និងគូប្រជែង Max Verstappen
Lewis Hamilton ដណ្តើមបានចំណាត់ថ្នាក់ទី២ក្នុងការប្រណាំងរថយន្ត Formula One រដូវកាល ២០២២ជាលើកដំបូងនៅទីលានទី១២ នៅ French Grand Prix ប្រទេសបារាំង។ ម្ចាស់ការពារតំណែងជើងឯក Max Verstappen បន្តរកបានជ័យជម្នះជាលើកទី៧របស់ខ្លួន។

 
Hamilton ម្ចាស់ជើងឯក F1 ពិភពលោក៧សម័យដែលបើកបរឱ្យក្រុម Mercedes ធ្លាក់ទឹកដៃប្រណាំងយ៉ាងខ្លាំងនៅរដូវកាលនេះ។ រូបគេមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេចំណោមការប្រណាំង១២លើកកន្លងមក។ យ៉ាងណាដ៏ដោយ នៅប៉ុន្មានប្រកួតចុងក្រោយអ្នកប្រណាំងអង់គ្លេសរូបនេះដណ្តើមបានលេខ៣ និងលេខ២ជាបន្តបន្ទាប់។
 
នាការប្រណាំងនៅប្រទេសបារាំងក្នុងកម្មវិធី French Grand Prix ថ្ងៃទី២៤ ខែកក្កដា Hamilton ដែលចូលរួមប្រណាំង F1 លើកទី៣០០ប្រកួតរបស់ខ្លួន ទទួលបានចំណាត់ថ្នាក់ទី២ និងជាចំណាត់ថ្នាក់ល្អបំផុតដែលរូបគេទទួលបាននៅរដូវកាល២០២២នេះ។ គូប្រជែង និងជាម្ចាស់ការពារជើងឯក Verstappen ដែលបើកឱ្យក្រុម Red Bull នៅតែបន្តែរកបានជ័យជម្នះរបស់ខ្លួនដោយប្រើថេរវេលា ១ម៉ោង ៣០នាទី និង២វិនាទី ខណៈលេខ៣បានទៅមិត្តរួមក្រុម Mercedes កីឡាករ George Russell។
 
Hamilton ដែលមិនសូវសប្បាយចិត្តពាក់ព័ន្ធបញ្ហាម៉ាស៊ីនរថយន្តប្រណាំង Mercedes តាំងពីដើមរដូវកាល បានអះអាងថា ខ្លួនមានអារម្មណ៍ល្អឡើងវិញបន្តិចបើទោះខ្លួនសង្កេតឃើញថារថយន្តស៊ីប្រេងតិចជាងរយន្តប្រណាំងក្រុមដទៃ។ ស៊ីប្រេងតិច គឺ Hamilton ចង់មានន័យថាឡានខ្លួនមិនសូវមានកម្លាំងខ្លាំង។
 
ឆ្លងកាត់ការប្រណាំង១២លើក Verstappen អ្នកប្រណាំងហូឡង់រកបាន២៣៣ពិន្ទុ ដោយបង្កើនការនាំមុខក្នុងកំពូលតារាងរហូតដល់៦៣ពិន្ទុឯណោះ។ Charles Leclerc ដែលបើកឱ្យក្រុម Ferrari មាន១៧០ពិន្ទុស្ថិតនៅចំណាត់ថ្នាក់ទី២ តាមពីក្រោយដោយ Sergio Perez មិត្តរួមក្រុម Red Bull ដោយរកបាន១៦៣ពិន្ទុ។ Hamilton នៅរក្សាលេខរៀងទី៦ដដែល ជាមួយពិន្ទុសរុប ១២៧ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com