ជាតិ
រថយន្ត
រថយន្តខ្មែរម៉ាក ANGKOR នៅមានវត្តមានដឹកអ្នកដំណើរ និងទំនិញ ក្នុងក្រុងបាត់ដំបង?
× បាត់ដំបង៖ លោក ចាន់ សារ័ត្ន និងភរិយា មានរថយន្ដ "បែប" ANGKOR ១គ្រឿង។ តាមពិត វាមិនមែនជាឡាន ANGKOR ពិត ពីដើមទេ។ គឺជាឡានទូរីស ឬអាចនិយាយថារថយន្ដក្រុងខ្លីក៏បាន ដែលត្រូវបានកែច្នៃឡើងក្នុងឆ្នាំ១៩៨៥ តាមឡាន ANGKOR។ វានៅតែបំពាក់ផ្លាកលេខ ភព (ភ្នំពេញ) ពីដើម។ អក្សរដំបូង គឺជាអក្សរ ក ដែលបញ្ជាក់ថា វាចាស់ពិតមែន។ ចំណែកឯគ្រឿងរបស់វា មានប្រភពផ្សេងៗគ្នា ក្នុងនោះ សាស៊ីមកពីរថយន្ដម៉ាក NISSAN ១គ្រឿង។ តាប្លូមកពីរថយន្ដម៉ាក KIA ១គ្រឿង។ គ្រឿងបង្គុំភាគច្រើនមកពីឡាន ANGKOR ពិតប្រាកដ។ គ្រឿងបន្លាស់ខ្លះៗទៀត មកពីយន្តហោះខូច ឃើញនៅព្រលានយន្ដហោះ បាត់ដំបង តែម្ដង។
លោក សារ័ត្ន និងភរិយា មិនមែនជាម្ចាស់ដើមទេ។ ទោះវាធ្លាប់មានម្ចាស់ច្រើននាក់គ្នា និងខូចច្រើនយ៉ាងណា ក៏លោក សារ័ត្ន នៅតែប្រើប្រាស់ដឹកអ្នកដំណើរ ពីស្រុកមោងឫស្សី ទៅក្រុងបាត់ដំបងជារៀងរាល់ព្រឹក។ នៅពេលល្ងាច គាត់ដឹកអីវ៉ាន់ពីក្រុងបាត់ដំបង ទៅស្រុកមោងឫស្សីវិញ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
សូមរំឭកថា នៅមុនសង្គ្រាម គឺពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦២ នៅក្រុងព្រះសីហនុ មានរោងចក្របារាំង CITROËN ដែលផលិតឡានប្រភេទ 2CV (ឌើសឺវោ)។ នៅក្នុងពេលជាមួយគ្នានោះ នៅក្រុងព្រះសីហនុ ក៏មានរោងចក្រតូចមួយ ដែលផលិតរថយន្ដម៉ាកខ្មែរ ANGKOR ដែរ។ ពេលនោះគេផលិត ប្រភេទតែមួយ គឺជាឡានទូរីស ដើម្បីដឹកអ្នកដំណើរ។ ឥឡូវនេះវិញ អ្នកបើកបរដឹកទំនិញច្រើន។
ពីដើម ឡាន ANGKOR បំពាក់ម៉ាស៊ីនម៉ាក CITROËN និងសំបកកង់ម៉ាក ANGKOR។ ឥឡូវនេះវិញ វានៅសល់ចំនួនតិចណាស់ ហើយនៅមានតែនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងប៉ុណ្ណោះ។ គួរកត់សម្គាល់ដែរថា មុនការរាតត្បាតនៃជំងឺកូវីដ-១៩ រថយន្តប្រភេទនេះ មានប្រមាណបួនដប់គ្រឿង ទាំងពណ៌ស ទាំងពណ៌ចាស់ ដែលជិះទៅក្រុងបាត់ដំបង ជាប្រចាំថ្ងៃ។ តែឥឡូវនេះ នៅសល់ឡាន ANGKOR តែ៣គ្រឿងប៉ុណ្ណោះ ដែលនៅតែជិះ ក្រោយវិបត្តិកូវីដ-១៩ ដែលបានប៉ះពាល់លើវិស័យដឹកជញ្ជូនយ៉ាងធ្ងន់ធ្ងរនោះ៕
[រូបថត ឆ្នាំ2000 © FIGAREDO Enrique]
Tag:
យានយន្ត
រថយន្តបុរាណ
ឡាន ANGKOR
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com