រថយន្ត
អន្តរជាតិ
ស្ត្រីកាន់តែច្រើនប្រឡូកចូលក្នុងឧស្សាហកម្មយានយន្តនៅឥណ្ឌា ស្ត្រីក្នុងវិស័យយានយន្តនៅឥណ្ឌា។ រូបថត Johnny Greig
× ស្ត្រីកាន់តែមានចំនួនច្រើនឡើង បានប្រកួតប្រជែងជាមួយបុរសក្នុងឧស្សាហកម្មយានយន្តនៅក្នុងប្រទេសឥណ្ឌា ខណៈបណ្តាក្រុមហ៊ុនដូចជា Tata Motors, MG Motor, Hero MotoCorp និង Bajaj Auto ជាដើម សម្រេចបង្កើតយន្តការផ្សេងៗក្នុងលើកកម្ពស់យេនឌ័រ។
ក្រុមហ៊ុន Tata Motors បច្ចុប្បន្នមានស្ត្រីជាង៣០០នាក់ បម្រើការនៅទីតាំងរោងចក្រ៦កន្លែងនៅទូទាំងប្រទេសឥណ្ឌា ដោយមានតួនាទីផ្សេងៗលើផលិតកម្មចាប់តាំងពីប្រភេទរថយន្តធុនស្រាល ដល់រថយន្តធុនធ្ងន់។ នេះបើតាមការផ្សាយរបស់ Economic Times។
ដូចគ្នាផងដែរ ក្រុម MG Motor India ព្យាយាមបង្កើតឲ្យមានតុល្យភាពការងារ ដោយលើកកម្ពស់បុគ្គលិកជាស្ត្រីឲ្យមាន៥០ភាគរយនៅតាមក្រុមហ៊ុន និងបណ្តារោងចក្រ ឲ្យបានមុនខែធ្នូ ឆ្នាំ២០២៣។ បច្ចុប្បន្ន ក្រុមហ៊ុនមានស្ត្រី៣៤ភាគរយ ក្នុងចំណោមកម្លាំងពលកម្ម២០០០នាក់នៅរោងចក្រ Halot រដ្ឋ Gujarat។
ងាកទៅក្រុមហ៊ុន Hero MotoCorp ឯណោះវិញ បុគ្គលិកជាស្ត្រីមានជាង១៥០០នាក់ ខណៈរបាយការណ៍ក្រុមហ៊ុន Bajaj Auto សម្រាប់ឆ្នាំ២០២១-២២ បង្ហាញថា ស្ត្រីជិត៦៤ភាគរយ កំពុងបំពេញការងារនៅតាមបណ្តារោងចក្រយានយន្តរបស់ខ្លួន ជាពិសេសផ្នែកវិស្វកម្ម។
លោក Ravindra Kumar ប្រធានផ្នែកធនធានមនុស្សរបស់ Tata Motors បានលើកឡើងពីសារសំខាន់ក្នុងការផ្តល់តួនាទីស្ត្រីកាន់តំណែងខ្ពស់ក្នុងវិស័យយានយន្ត ដែលជាផ្នែកមួយនៃការកាត់បន្ថយគម្លាតយេនឌ័រ ក៏ដូចជាការទទួលយកនូវគំនិតថ្មីៗបន្ថែមទៀត។
រីឯ Hero MotoCorp ដែលជាហត្ថលេខីនៃគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងនៃគោលការណ៍ផ្តល់សិទ្ធិអំណាចស្ត្រី (WEPs) របស់អង្គការសហប្រជាជាតិ (UN Women & UN Global Compact’s Initiative) បានលើកឡើងពីទស្សនវិស័យរបស់ក្រុមហ៊ុនលើការផ្តល់សមភាពយេនឌ័រ។ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ឧស្សាហកម្មយានយន្តជាទូទៅនាំមុខដោយក្រុមបុរស ដោយតួនាទីស្ត្រីជាអ្នកបច្ចេកទេស ផ្នែកលក់ និងវិស្វកម្ម ហាក់ដូចជានៅឃ្លាតឆ្ងាយ ហេតុដូច្នេះហើយ បានជាក្រុមហ៊ុនកំណត់គោលការណ៍ច្បាស់លាស់លើការបង្កើនចំនួនបុគ្គលិកស្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com