ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងរៀបចំផែនការមេនូវប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឆ្នាំ២០២២-២០៣០
25, Jul 2022 , 8:59 pm        
រូបភាព
 លោក ស៊ុន ចាន់ថុល កំពុងដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ កាលពីថ្ងៃ២១កក្កដា ឆ្នាំ២០២២។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល កំពុងដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ កាលពីថ្ងៃ២១កក្កដា ឆ្នាំ២០២២។ រូបថត៖ MPWT
ដោយ៖​​ ចៀន​​ និតា
 
កម្ពុជា កំពុងរៀបចំផែនការមេនៃប្រព័​ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជាចំនួន២ ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ​ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផែនការមេទាំង២នោះមាន ការស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០។

 
បច្ចុប្បន្ន ក្រសួងសាធារណការកំពុងរៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម  ខណៈផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ កំពុងរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ នេះបើតាមក្រសួងសារណការនិងដឹកជញ្ជូន។​ 
 
លោក ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ​ បានបញ្ជាក់ថា ​ ជុំវិញនៃផែនការមេនេះ ក្រសួងបានសហការជាមួយក្រុមហ៊ុនYCH  ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួននៅក្នុងវិស័យដឹកជញ្ជូន ដើម្បីឱ្យវិស័យនេះកាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ប្រកបដោយសក្កានុពល។​ បើតាមលោក ស៊ុន ចាន់ថុល​ គម្រោងដែលកម្ពុជាកំពុងសិក្សានោះមាន គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។  
 
លើសពីនេះ កម្ពុជាក៏កំពុងសិក្សាលើគម្រោងអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់, គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមទាំងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព ផងដែរ។ 
 
ដើម្បីឱ្យគម្រោងសិក្សាទាំងនេះ​ទទួលបានផលវិជ្ជមានសម្រាប់ប្រយោជន៍ជាតិនោះ  លោក ស៊ុន ចាន់ថុល ជំរុញដល់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ និងបន្ថែមនូវចំណុចដែលខ្វះខាតនានាដោយផ្អែកលើផែនការមេអន្តរកាលដែលបានអនុម័តជាផ្លូវការកាលពីដើមឆ្នាំ២០២០។​ 
 
បើតាមស៊ុន ចាន់ថុល ផែនការមេនៃប្រព័ន្ធដឹកជញ្ជូននេះ គឺវាផ្សារភ្ជាប់នឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥របស់កម្ពុជា ដែលផ្តោតសំខាន់លើការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកបញ្ជាក់ថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប, បញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន,  អភិវឌ្ឍធនធានមនុស្សល្អ និងរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕
 

Tag:
 ផែនការមេ
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com