ជាតិ
សេដ្ឋកិច្ច
UN ៖ កំណើនថ្លៃម្ហូបអាហារ បង្កហានិភ័យដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា
25, Jul 2022 , 9:59 pm        
រូបភាព
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដោយ ៖ ធន់ សេងហុង
 
កម្ពុជាកំពុងប្រឈមការគំរាមកំហែងថ្មីមួយ ចំពោះសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយសារថ្លៃស្បៀងអាហារក្នុងស្រុក និងពិភពលោកកើនឡើងយ៉ាងឆាប់រហ័ស។ នេះបើតាមកម្មវិធីអាហារូបត្ថម្ភនៃអង្គការសហប្រជាជាតិ (UNN) ។


កម្មវិធីអាហារូបត្ថម្ភនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២១ កក្កដា ជុំវិញសន្តិសុខស្បៀង និងអាហាររូបត្ថម្ភនៅកម្ពុជាថា ការឡើងថ្លៃស្បៀងអាហារផលិតក្នុងស្រុក ដោយសារតែការកើនថ្លៃប្រេងឥន្ធនៈ ដឹកជញ្ជូន និងថ្លៃធាតុចូលផ្នែកកសិកម្ម ដូចជា ជីជាដើម បង្កជាកង្វល់ដ៏ធំមួយចំពោះសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ។ ជាពិសេសចំពោះក្រុមជនងាយរងគ្រោះ។ 
 
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានព្យាករថា ថ្លៃអង្ករនិងកើនឡើងពី ១០ ទៅ២០ភាគរយ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ព្រោះតែការឡើងថ្លៃធាតុចូលសម្រាប់ផលិតអង្ករ។
ចំណែកឯស៊ុតទា និងត្រកួន បានឡើងថ្លៃពី ២០.៨ ទៅ៣០,៧ភាគរយ ក្នុងខែឧសភាឆ្នាំនេះ បើធៀបគ្រាដូចគ្នាឆ្នាំមុន ។ នេះបើតាមកម្មវិធីស្បៀងអាហារពិភពលោក(WFP)។ 
 
ក្រៅពីនេះ ថ្លៃអាហារនាំចូលក៏មានការកើនឡើងផងដែរ ខណៈតម្លៃប្រេងឆាកើន ៣៩,៧ភាគរយ ក្នុងខែឧសភា ឆ្នាំ២០២២ ធៀបពេលដូចគ្នាកាលឆ្នាំមុន ។
 
បើតាមកម្មវិធីស្បៀងអាហារពិភពលោក នៅឆ្នាំ២០១៧ ប្រជាជាជនកម្ពុជា១នាក់ ក្នុងចំណោម៥នាក់ ពុំមានលទ្ធភាពទិញរបបអាហារសម្បូរជីវជាតិ ដែលមានតម្លៃទាបបំផុតឡើយ។ 
 
កាលពីខែឧសភាកន្លងទៅ លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានព្រមានថា ៖ «កម្រិតនៃការអត់ឃ្លានជាសកល កំពុងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ។
ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលជួបបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងទ្វេរដង ពី១៣៥លាននាក់ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ រហូតដល់២៧៦លាននាក់...។ ប្រសិនបើមិនដោះស្រាយបញ្ហានេះទេ យើងនឹងត្រូវប្រឈមនឹងគ្រោះខ្វះខាតស្បៀងអាហារជាសកល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»។ 
 
ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងរយៈពេលខ្លី កម្មវិធីអាហារូបត្ថម្ភនៃអង្គការសហប្រជាជាតិ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនការគាំទ្រហិរញ្ញវត្ថុលើផ្នែកអាហារូបត្ថម្ភ ដោយផ្តោតជាពិសេសលើកុមារ និងពង្រឹងកម្មវិធីជំនួយជាសាច់ប្រាក់ ដែលជាយន្តការគាំពារសង្គមដ៏សំខាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់រយៈពេលខ្លី លើក្រុមជនងាយរងគ្រោះ ។ ជាពិសេសសិក្សាស្វែងយល់អំពីលទ្ធភាពទិញ និងការទទួលបានរបបអាហារគ្រប់គ្រាន់ ក៏ដូចជាពិនិត្យបន្ថែមពីបញ្ហាអាហារូបត្ថម្ភ។ 
 
សម្រាប់សកម្មភាពក្នុងរយៈពេលមធ្យម រដ្ឋាភិបាលត្រូវផ្សព្វផ្សាយយ៉ាងណា ឱ្យមានការផ្លាស់ប្តូរទម្លាប់សង្គម ពាក់ព័ន្ធអាហារូបត្ថម្ភ ក្នុងការទិញអាហារដែលមានជីវជាតិ ព្រមទាំងបង្កើនការប្រើប្រាស់ធនធាននៅគ្រប់កម្រិត និងក្នុងអន្តរវិស័យ។ 
 
ចំពោះរយៈពេលវែងវិញ រដ្ឋាភិបាលត្រូវបង្កើនប្រសិទ្ធភាពខ្សែច្រវ៉ាក់តម្លៃ ដើម្បីធានាកាត់បន្ថយឥទ្ធិពលវិបត្តិនានា ដែលកើតឡើងក្នុងពេលអនាគត លើសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយការលើកកម្ពស់កសិ-អេកូឡូស៊ី នៅក្នុងផលិតកម្មស្បៀង ដើម្បីកាត់បន្ថយថ្លៃដើម បញ្ឈប់ការខូចគុណភាពដី និងបង្កើនជីវជាតិដីក្នុងរយៈពេលវែង៕
 

Tag:
 UNN អាហារូបត្ថម្ភ ស្បៀងអាហារ WFP
© រក្សាសិទ្ធិដោយ thmeythmey.com