COVID-19
អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនសន្យាបញ្ឈប់ការបិទខ្ទប់ក្នុងប្រទេស ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
26, Jul 2022 , 2:15 pm        
រូបភាព
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ក្នុងសុន្ទរកថាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី២៥ ខែកក្កដា បានសន្យា មិនអនុវត្តវិធានបិទខ្ទប់ក្នុងប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ទៀត។ បើតាមមេដឹកនាំរូបនេះ ហ្វីលីពីនគ្មានលទ្ធភាពបិទខ្ទប់ប្រទេសទៀតឡើយ។

 
ក្នុងសុន្ទរកថាដំបូងទៅកាន់សភា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានលើកឡើងទាក់ទងនឹងប្រព័ន្ធសុខាភិបាលថា ហ្វីលីពីននៅរងការគំរាមកំហែងពីជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនផ្សេងទៀត ដែលបង្កជាជំងឺកូវីដ-១៩ ។ យ៉ាងណាមិញ លោក​ Marcos Jr បានសន្យាថា ហ្វីលីពីន នឹងមិនបិទខ្ទប់ប្រទេសទៀតឡើយ។ 
 
«យើងមិនអាចមានលទ្ធភាពអនុវត្តវិធានការបិទខ្ទប់មួយផ្សេងទៀតបានទេ។ យើងនឹងមិនបិទខ្ទប់ប្រទេសទៀតឡើយ»។ លោក​ Marcos Jr បានសង្កត់ធ្ងន់បែបនេះ ក្នុងសុន្ទរកថានៅថ្ងៃទី២៥ ខែកក្កដា ដោយបន្តថាថា ហ្វីលីពីន​ត្រូវតែមានតុល្យភាពរវាងសុខុមាលភាព និងសុខភាពរបស់ប្រជាជនជាមួយនឹងសេដ្ឋកិច្ចជាតិ។ ប្រធានាធិបតីហ្វីលីពីន បានបន្ថែមថា ភ្នាក់ងាររដ្ឋាភិបាល កំពុងសហការជាមួយមន្ទីរពេទ្យ ដើម្បីតាមដានចំនួនករណីឆ្លងជំងឺកូវីដ-១៩ ដើម្បីធានាថាប្រព័ន្ធថែទាំសុខភាពអាចដំណើរការបាន និងមិនរងសម្ពាធខ្លាំង។ 
 
ជាមួយគ្នានេះ លោក Marcos ក៏បានប្រកាសថា សិស្សអាចនឹងត្រលប់ទៅរៀនក្នុងថ្នាក់យ៉ាងពេញលេញក្នុងពេលឆាប់ៗនេះ​។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺកូវីដ-១៩ ថ្នាក់រៀននៅហ្វីលីពីនភាគច្រើន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត។ 
 
លោក Marcos Jr បានមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ នាយកដ្ឋានអប់រំកំពុងរៀបចំសម្រាប់ការអនុវត្តក្នុងឆ្នាំសិក្សាខាងមុខ ដោយមានការគិតគូរយ៉ាងខ្លាំងដល់សុវត្ថិភាពសិស្ស ដោយសារយើងកំពុងស្ថិតនៅកណ្តាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩»។
 
បន្ថែមពីនេះ មេដឹកនាំហ្វីលីពីន បានប្តេជ្ញាបង្កើនសេវាសុខាភិបាលសម្រាប់ប្រជាជនផង។ ក្នុងសុន្ទរកថាដដែល លោក Marcos Jr​ បានអះអាងថា អាជ្ញាធរត្រូវ​តែ​នាំ​យក​សេវា​ពេទ្យទៅជូន​ប្រជាពលរដ្ឋ ដោយមិនចាំរហូតដល់ពួកគាត់មកមន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​សុខភាព​ទេ។ 
 
បើតាមលោក Marcos Jr សេវាថែទាំសុខភាពក៏នឹងត្រូវបានដាក់ពង្រាយទៅកាន់កន្លែងដែលពិបាកធ្វើដំណើរពីរទៅបីដងក្នុងមួយសប្តាហ៍​។  ដូច្នេះប្រជាជននឹងលែងពិបាកធ្វើដំណើរទៅកាន់ទីក្រុង ឬមជ្ឈមណ្ឌលក្នុងតំបន់ដើម្បីស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រទៀត។ ទន្ទឹមនឹងនេះ លោក Marcos ក៏បានសន្យាថានឹងធ្វើឱ្យកំណែទម្រង់លើលក្ខខណ្ឌការងារសម្រាប់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាផង៕
 

Tag:
 ហ្វីលីពីន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com