កីឡាអន្តរជាតិ
អន្តរជាតិ
លីគអង់គ្លេស នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើអ្នករត់ចូលទីលាន និងប្រើកាំជ្រួចផ្សែងក្នុងកីឡដ្ឋាន
26, Jul 2022 , 2:59 pm        
រូបភាព
លីគកីឡាបាល់ទាត់កំពូលអង់គ្លេស Premier League និងលីគអង់គ្លេ Football League នៅថ្ងៃទី២៥ ខែកក្កដាប្រកាសដាក់ទណ្ឌកម្មតឹងរ៉ឹង លើអ្នកគាំទ្រណាចូលអ៊ុកឡុកក្នុងទីលានអំឡុងពេលប្រកួត និងការប្រើគ្រាប់បែកផ្សែងក្នុងកីឡដ្ឋានជាដើម។ អ្នកល្មើសអាចឈានដល់ជាប់គុក និងហាមចូលទស្សនាប្រកួតមួយជីវិត។

 
ភាពអាណាធិបតេយ្យរបស់អ្នកគាំទ្របានកើតឡើងគួរកត់សម្គាល់នៅលីគអង់គ្លេសរដូវកាលមុន តាមរយៈការអបអរការឈ្នះពានរបស់ក្រុមពួកគេ អបអរការគេចផុតពីការកាត់ចោល និងអបអរការឡើងទៅកាន់លីគកំពូលជាដើម។ អ្នកគាំទ្រទាំងនោះបានចូលលុកលុយពេញទីលានតែម្តង។
 
អំពើហិង្សាជាច្រើនករណីក៏បានកើតឡើងនៅលើទីលាន រួមទាំងបញ្ហាពាក់ព័ន្ធនឹងអ្នកចាត់ការ Crystal Palace លោក Patrick Vieira និង Billy Sharp ខ្សែប្រយុទ្ធ Sheffield United ដែលត្រូវបានអ្នកគាំទ្រវាយបន្ទាប់ពីប្រកួតចាញ់ Nottingham Forest នៅវគ្គជម្រុះ Play-off។
 
គ្រាប់បែកផ្សែង និងកាំជ្រួចជាដើម ដែលត្រូវបានប្រើប្រាស់ជាយូរមកហើយ នៅក្នុងការប្រកួតនៅតំបន់អឺរ៉ុប និងកន្លែងផ្សេងទៀតលើពិភពលោក ដែលធ្លាប់ជាករណីកម្រនៅអង់គ្លេស ។ ប៉ុន្តែបានកើនឡើងញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ។
 
ដើម្បីបង្កាករណីនេះកើតឡើងទៀត លីគ និងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នឹងចាត់វិធានការតឹងរឹងចាប់ពីដើមរដូវកាលថ្មីនេះទៅ។
 
«ជនល្មើសដែលបានកំណត់អត្តសញ្ញាណទាំងអស់នឹងត្រូវក្លិបរាយការណ៍ទៅប៉ូលីស ហើយពួកគេអាចរងការកាត់ទោសតាមកំណត់ត្រាព្រហ្មទណ្ឌអចិន្ត្រៃយ៍ ដែលអាចប៉ះពាល់ដល់ការងារ និង​ដាក់​ពន្ធនាគារជាដើម»។ នេះជាការបញ្ជាក់របស់ Premier League និង FA។
 
ដោយឡែក អ្នកគាំទ្ររូបណាដែលរត់ចូលទីលាន និងប្រើកាំជ្រួចផ្សែង អាចត្រូវរងការហាមប្រាមពីក្លិបផ្ទាល់តែម្តង ដោយបម្រាមនោះ អាចឈានដល់ហាមអ្នកគាំទ្រចូលទស្សនាមួយជីវិត ហើយពិសេសអ្នកល្មើសជាកុមារ អាចឈានដល់ការហាមប្រាមដល់អាណាព្យាបាលពួកគេថែមទៀតផង៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com