ជាតិ
សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច៖ ការប្រមូលពន្ធដារ អាចសម្រេចបានដល់ជិត១១០ភាគរយ នាឆ្នាំនេះ 
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
×![]()
ភ្នំពេញ៖ ឆមាសទីមួយ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិបាន ដល់ជិត២០០០លានដុល្លារ។ ទំហំនេះស្មើនឹង៦៩,៨៩ភាគរយនៃផែនការ ខណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប៉ាន់ស្មានថា ពន្ធដារ នឹងសម្រេចការប្រមូលចំណូលពន្ធនប្រចាំឆ្នាំ២០២២ បានដល់១០៩,៥ភាគរយ។
ការប្រមូលចំណូលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារនារយៈពេល៦ខែមកនេះ គឺសម្រេចបាន ៧ ៩៨០,៥៧ពាន់លានរៀល (ប្រមាណ ១ ៩៧០,៥១លានដុល្លារអាម៉េរិក) ដែលស្មើនឹងជិត៧០ភាគរយនៃផែនការ។ ពន្ធដារសម្រេចបាននេះ កើនជិត៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
បើតាមលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសម្រេចបាននូវលទ្ធផលនេះ គឺដោយសារ ការកើនឡើងនូវពន្ធលើប្រាក់ចំណូល, ពន្ធលើប្រាក់បៀវត្ស, អាការលើតម្លៃបន្ថែម និងអាករពិសេសលើទំនិញ។
ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ជារួម ការប្រមូលចំណូលពន្ធនៅឆមាសទីមួយ ឆ្នាំ២០២២ នៅតែបន្តសម្រេចបានលទ្ធផលល្អប្រសើរដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងការដាក់ចេញនូវគោលនយោបាយបន្ធូរបន្ថយពន្ធ ដើម្បីទ្រទ្រងដល់ដំណើរការអាជីវកម្មចំនួនដែលរងផលប៉ះពាល់ ដោយសារកូវីដ-១៩ ។ «ដូចនេះ តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២២ ចំណូលពន្ធដារ នឹងអាចសម្រេចបានប្រមាណ ១០៩,៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២»។ នេះបើតាមក្រសួងសេដ្ឋកិច្ច។
សូមជម្រាបថា កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធចូលជាតិបាន ២ ៧៨១,៩២លានដុល្លារ។ ថវិកាដែលប្រមូលពន្ធដារប្រមូលបាននេះ គឺលើសផែនការរហូត២៤,០២ភាគរយ។ ការសម្រេចបាននូវសមិទ្ធផលនេះ ត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងថា ជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ៕
© រក្សាសិទ្ធិដោយ thmeythmey.com