ជាតិ
អាស៊ាន
បដិវត្តន៍ឧស្សាហកម្ម៤.០៖ គម្លាតការប្រើប្រាស់បច្ចេកវិទ្យាជាបញ្ហាប្រឈមសម្រាប់យុវជនអាស៊ាន
26, Jul 2022 , 9:40 pm        
រូបភាព
សៀមរាប៖ ប្រទេសអាស៊ាន រួមមានកម្ពុជាផង បានចាប់ផ្តើមស្គាល់តែខ្លាំងពីការប្រើប្រាស់បច្ចេកវិទ្យា ពិសេសកំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ ការសិក្សាត្រូវផ្លាស់ប្ដូរពីការសិក្សាផ្ទាល់ ទៅសិក្សាតាមអនឡាញ។ យ៉ាងណាមិញ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះ មិនទាន់ស្មើគ្នាទេរវាងយុវជននៅតាមទីប្រជុំជន និងនៅតំបន់ដាច់ស្រយាល។

 
អគ្គលេខាធិការអាស៊ាន លោក លីម ជុកហ៊ុយ (Lim Jock Hoi) លើកឡើងថា បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ពិតជាមានសារសំខាន់ណាស់សម្រាប់យុវជន ពិសេសលើវិស័យអប់រំ ដោយសារបច្ចុប្បន្នការសិក្សាភាគច្រើនផ្តោតលើការសិក្សាតាមប្រព័ន្ធអនឡាញ។ ហើយវា ក៏មានសារសំខាន់ដែរលើវិស័យពាណិជ្ជកម្ម និងកាន់តែសំខាន់ទៅទៀតនោះ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ 
 
យ៉ាងណាមិញ អ្វីដែលប្រទេសអាស៊ានកំពុងជួបបញ្ហាប្រឈមចំពោះបដិវត្តន៍ឧស្សាហកម្មនេះ គឺថា ការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ នៅតែមានគម្លាតខ្លាំងសម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយាល ដែលពួកគេទាំងនោះមិនអាចចូលរួមប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដូចទៅនឹងអ្នកឯទៀតបានទេ។ វាជាអ្វីដែលអាស៊ាន ចាំបាច់ត្រូវធ្វើការបន្តទៀត។ នេះជាការពន្យល់របស់លោក លីម ជុកហ៊ុយ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានបិទកិច្ចប្រជុំកិច្ចសន្ទនាយុវជនអាស៊ាន លើកទី១ នារសៀលថ្ងៃទី២៦ ខែកក្កដា។
 
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លើកឡើងចំណុចនេះដែរថា វាពិតជាមានសារសំខាន់ណាស់ក្នុងការដោះស្រាយគម្លាតការប្រើប្រាស់បច្ចេកវិទ្យានេះ ខណៈដែលបច្ចុប្បន្នត្រូវបានគេមើលឃើញថា យុវជនកំពុងចូលរួម ឬអ្នកប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងគេ ពិសេសបណ្ដាញសង្គម។ 


 
លើបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះដែរ លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ក៏ព្រួយបារម្ភចំពោះការកើនឡើងការរំលោភបំពានតាមប្រព័ន្ធអ៊ិនធឺណិតផងដែរ ដែលវាកំពុងកើតឡើងគ្រប់ទីកន្លែង និងពេលវេលា។  
 
ការជ្រើសរើសយកប្រធានបទទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ សម្រាប់កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ក៏ត្រូវបានលោក ហង់ ជួនណារ៉ុន ពន្យល់ថា៖«យើងចូលយុគសម័យបច្ចេកវិទ្យា ហើយកូវីដនេះយើងជួបគ្នាតាមអនឡាញ ដូច្នេះបំនិនបច្ចេកវិទ្យានេះ គឺសារសំខាន់ណាស់សម្រាប់អនាគត សម្រាប់យុវជន ដែលគាត់ចូលចិត្តប្រើប្រាស់ ការទំនាក់ទំនងប្រើបច្ចេកវិទ្យា។ និយមន័យយុវជនសម័យនេះ គឺអ្នកចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា ឬហៅថាយុវជនជំនាន់ថ្មី ជ្រើសរើសប្រធានបទនេះ ដើម្បីឱ្យគេត្រៀមទៅអនាគត»។
 
កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ត្រូវបានបញ្ចប់ហើយនៅរសៀលថ្ងៃទី២៦ ខែកក្កដា បន្ទាប់ពីធ្វើឡើងរយៈពេល១ថ្ងៃកន្លះ នៅសណ្ឋាគារសុខាសៀមរាប។ ក្រោយបញ្ចប់កម្មវិធី យុវជនអាស៊ានបានលើកឡើងនូវអនុសាសន៍ចំនួន៨ផ្នែក ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ាន។ អនុសាសន៍ទាំងនោះរួមមាន ទី១ ផ្នែកអភិបាលកិច្ច ទី២ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងវានានុវត្តន៍ ទី៣ ការបង្កើតការងារសម្រាប់អនាគត ទី៤ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ទី៥ កំណើនប្រកបដោយបរិយាប័ន ទី៦ បម្រែបម្រួលអាកាសធាតុ ទី៧ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ប្រទេសអាស៊ាន ទី៨ ការផ្លាស់ប្ដូររវាងប្រទេសនិងប្រទេស។ 
 
អនុសាសន៍ទាំងនេះមានភាពជាក់ស្ដែង និងរស់រវើក ដែលថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសអាស៊ាន ដើម្បីបញ្ចូលទៅក្នុងគោលនយោបាយជាតិ និងចាប់ផ្តើមបង្កលក្ខណៈ និងផ្តល់ឪកាសដល់យុវជន បានចូលរួមក្នុងការអភិវឌ្ឍ។ នេះជាលើកឡើងរបស់លោក ហង់ ជួនណារ៉ុន៕
 



Tag:
 កិច្ចសន្ទនាយុវជនអាស៊ានលើកទី១
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com