ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
បន្ទាប់ពីបក្សនយោបាយ សង្គមស៊ីវិលជាង១០០ រួមគ្នាស្នើឲ្យផ្អាកការកែរដ្ឋធម្មនុញ្ញ
27, Jul 2022 , 4:27 pm        
រូបភាព
កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាកន្លងមក (រូបពីរដ្ឋសភា)
កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាកន្លងមក (រូបពីរដ្ឋសភា)
អង្គការសង្គមស៊ីវិល១០៤នៅកម្ពុជា ទទូចសុំឲ្យរដ្ឋសភា ផ្អាកដំណើរការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ការទទូចសុំរបស់អង្គការសង្គមស៊ីវិល ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម  ដែលចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។



អង្គការសង្គមស៊ីវិល បង្ហាញក្តីបារម្ភចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដ្បិតពួកគេ មើលឃើញពីផលប៉ះពាល់មួយចំនួន រួមមាន ស្ថិរភាពអំណាចរដ្ឋ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាអាទិ៍។ អង្គការសង្គមស៊ីវិល ដែលចេញសេចក្តីថ្លែងការណ៍ មានដូចជា អាដហុក សង់ត្រាល់ ខុមហ្វ្រែល និង និចហ្វិក ជាដើម។
 
អង្គការសង្គមស៊ីវិលខាងលើ ចេញសេចក្តីថ្លែងការណ៍ ស្របពេលដែលរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។ សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល មិនអាចបង្អាក់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាបានឡើយ។
 
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា អះអាងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គនេះ ទៅតាមកាលកំណត់ទុក។ លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«មតិរបស់គាត់ យើង យកមកពិនិត្យពិចារណា តែមិនមែនមានន័យថា ត្រូវតែទទួលយកទេ»។ 
 
កាលពីថ្ងៃទី២១ ខែកក្កដា តំណាងគណបក្សក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ បានធ្វើញត្តិរួមគ្នាយកទៅដាក់ជូនរដ្ឋសភា ដើម្បីសុំឲ្យរដ្ឋសភា ច្រានចោលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។ 
 
លោក ឡេង ប៉េងឡុង លើកឡើងថា ញត្តិរបស់គណបក្សទាំង៤ ត្រូវបានបញ្ជូនទៅដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងគណៈកម្មការជំនាញរបស់រដ្ឋសភារួចហើយ ហើយក៏បានពិនិត្យមើលរួចហើយដែរ។ ចំពោះសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលជាង១០០នោះ លោក ប្រាប់ថា លោក មិនទាន់បានទទួលឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកក្កដា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បកស្រាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ក៏មិនខុសពីលើកមុនៗ គឺស្ថិតក្នុងគោលបំណងសំខាន់២យ៉ាង រួមមាន ទី១ ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងទី២ ដើម្បីឧត្តមប្រយោជន៍ជាតិ។ ឧត្តមប្រយោជន៍ជាតិ លោក ចង់សំដៅលើការធានាដល់ស្ថិរភាពនយោបាយ ឬស្ថិរភាពស្ថាប័នជាតិធំៗរបស់កម្ពុជា។ 
 
មាន៦មាត្រានៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានជ្រើសរើសយកមកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ រួមមាន មាត្រា១៩​ ថ្មី​ (មួយ) មាត្រា​៨៩ មាត្រា៩៨ ​ថ្មី មាត្រា​ ១០២ ​ថ្មី មាត្រា​ ១១៩ ​ថ្មី (មួយ) និង​មាត្រា​១២៥ ​ថ្មី​។ សម្រាប់លើកនេះ មិនត្រឹមតែរដ្ឋធម្មនុញ្ញនោះទេ ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវធ្វើវិសោធនកម្មដែរ។ មាន២មាត្រានៃច្បាប់ធម្មនុញ្ញបន្ថែម គឺ ​មាត្រា​៣ ​ថ្មី និង​មាត្រា៤ ថ្មី ដែលត្រូវធ្វើវិសោធនកម្ម។ 
 
តាមនីតិវិធី ក្រោយរដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ហើយពេលព្រឹទ្ធសភាអនុម័តរួច នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បើក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យឃើញថា ការធ្វើវិសោធនកម្មនេះ មានធម្មនុញ្ញភាព ឬស្របតាមរដ្ឋធម្មនុញ្ញ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ៕ 
 

Tag:
 វិសោធនកម្មរដ្ឋធម្មនុញ្ញ
  សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com