សុខភាព
អន្តរជាតិ
រដ្ឋមន្រ្តីសុខាភិបាលថៃ៖ ឧស្សាហកម្មពាក់ព័ន្ធកញ្ឆានឹងមានទំហំ ៣ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ
27, Jul 2022 , 9:29 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ បានជួយថៃទាញប្រយោជន៍​យ៉ាងច្រើនទៅលើការលក់អាហារ​សម្រន់ដែលមានជាតិកញ្ឆា និងផលិតផលពាក់ព័ន្ធកញ្ឆាផ្សេងៗ​ទៀត។​ យ៉ាងណាមិញ រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Anutin Charnvirakul បានបញ្ជាក់ថា កញ្ឆាគួរតែយកទៅចម្រាញ់ផលិត​ជាឱសថ​ប៉ុណ្ណោះ។ ទន្ទឹមនេះ រដ្ឋមន្រ្តីសុខាភិបាលថៃ បានប៉ាន់ប្រមាណផងថា ឧស្សាហកម្មពាក់ព័ន្ធកញ្ឆា នឹងមានទំហំ ៣ពាន់លានដុល្លារក្នុងរយៈ​ពេល ៥ឆ្នាំ​ខាងមុខ។



 
 
ថៃកំពុងទាញប្រយោជន៍យ៉ាងច្រើនពីការលក់ផលិតផលដែលផ្សំពីកញ្ឆា ដូចជាថ្នាំដុស​ធ្មេញ តែ សាប៊ូ និងអាហារសម្រន់ផ្សេងៗ បន្ទាប់ពីរដ្ឋាភិបាលថៃបានអនុម័តឱ្យកញ្ឆាអាច​ដាំ ហើយចម្រាញ់​និងប្រើប្រាស់​ដោយស្របច្បាប់ ក្រោមលក្ខខណ្ឌដែលបានកំណត់។ ការអនុញ្ញាតឱ្យប្រើកញ្ឆាស្របច្បាប់​ បានធ្វើ​ឱ្យម្ចាស់អាជីវកម្មជា​ច្រើននៅថៃផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
 
ថៃជាប្រទេសអាស៊ីអាគ្នេយ៍ទី១ ដែលបានដក​កញ្ឆាពី​បញ្ជី​គ្រឿង​ញៀន​របស់ខ្លួននៅខែ​មិថុនា​កន្លងទៅ ដោយធ្វើឱ្យ​ការនាំចូល នាំចេញ​ទៅ​ក្រៅ​ប្រទេស ការផលិត ការ​ចែកចាយ ការប្រើ​ប្រាស់​និង​ការមានកញ្ឆាជា​ការត្រឹមត្រូវ​តាម​ច្បាប់។ យ៉ាងណាមិញ ប្រជាជនថៃ អាចចម្រាញ់យកសារធាតុនៅក្នុងកញ្ឆា បានត្រឹមតែ ០,២ភាគរយប៉ុណ្ណោះ បើលើសពីនេះ ត្រូវចាត់ទុកថាខុសច្បាប់ដដែល។ តាមពិត ​ថៃ​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ក្នុង​ការ​ប្រើ​កញ្ឆា​ជាឱសថ​បុរាណ​ដើម្បី​បំបាត់​ការ​ឈឺ​ចុក​ចាប់។ 
 
ឥឡូវនេះ ពេលកញ្ឆាត្រូវបាន​អនុញ្ញាតឱ្យប្រើប្រាស់ស្របច្បាប់ ប្រជាជនមានភាពច្នៃប្រឌិត បង្កើតគំនិតថ្មី ដូចជាការយក​កញ្ឆាទៅផ្សំក្នុងថ្នាំដុសធ្មេញ ដើម្បីជួយសុខភាពអញ្ចាញធ្មេញ និងយកកញ្ឆាដាក់ក្នុងអាហារ បង្អែម និងភេសជ្ជៈដែលជួយឱ្យគេងលក់ស្រួល។
 
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ Anutin Charnvirakul ដែលជាបុគ្គលសំខាន់ម្នាក់នៅពីក្រោយ​ការ​ធ្វើឱ្យកញ្ឆាមានភាពស្របច្បាប់ បានជំរុញឱ្យប្រជាជនផ្ដោតសំខាន់លើការប្រើកញ្ឆាក្នុងវិស័យវេជ្ជសាស្រ្ត។ រដ្ឋមន្រ្តីរូបនេះ បានប៉ាន់ប្រមាណថា​ឧស្សាហកម្មទាក់ទិននឹងកញ្ឆានឹងមានទំហំ ៣ពាន់លានដុល្លារ ក្នុង​រយៈពេល​ប្រាំឆ្នាំខាងមុខ។
 
«ខ្ញុំចង់ឃើញប្រជាជនថៃក្លាយជាអ្នកមាន ចេញពីការយកកញ្ឆាទៅប្រើតាមមធ្យោបាយវិជ្ជ​មាន»។ រដ្ឋមន្ត្រីសុខាភិបាលថៃប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ មុនបន្ថែមថា គោលនយោ​បាយរបស់លោកចំពោះកញ្ឆា គឺផ្តោតតែលើផ្នែកវេជ្ជសាស្រ្ត និងការថែទាំសុខ​ភាពប៉ុណ្ណោះ។ លោកមិនលើកទឹកចិត្តឱ្យយកកញ្ឆាទៅប្រើប្រាស់តាមវិធីផ្សេងទេ។
 
បើទោះកញ្ឆាជារុក្ខជាតិស្របច្បាប់នៅក្នុងប្រទេសថៃមែន ប៉ុន្តែក្រសួងសុខាភិបាលបាន​ហាមឃាត់លក់ទៅឱ្យស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងប្រជាជនមានអាយុក្រោម ២០ឆ្នាំ។ ប្រជាជនថៃត្រូវទទួលបានការអប់រំជាសាធារណៈបន្ថែមទៀតអំពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃកញ្ឆា ដើម្បីឱ្យការប្រើប្រាស់ប្រកបទៅដោយសុវត្ថិភាព៕ 
 

Tag:
 ថៃ
  កញ្ឆា
© រក្សាសិទ្ធិដោយ thmeythmey.com