ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលបានលំហូរទុនវិនិយោគពីសិង្ហបុរី ក្នុងទំហំទឹកប្រាក់ ១,៥៣ពាន់លានដុល្លារ
27, Jul 2022 , 10:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបពី CDC។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបពី CDC។
ដោយ ៖ ធន់ សេងហុង 
 
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរី ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) មានទំហំទឹកប្រាក់សរុប ១,៥៣ពាន់លានដុល្លារ។ គម្រោងដែលកំពុងប្រតិបត្តិការមានចំនួន ១២៧គម្រោង នៅក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ​ និងវិស័យផ្សេងៗមួយចំនួនទៀត។


ទិន្ន័យនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ​CDC តាមរយៈជំនួបតាមប្រព័ន្ធវីឌីអូ រវាងក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី កាលពីថ្ងៃទី ២៦កក្កដា ជុំវិញប្រធានបទ «ស្វែងយល់ពីកម្ពុជា៖ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា» ។
 
លោក សុខ ចិន្តាសោភា បានបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន និងមានភាពអំណោយផល សម្រាប់វិនិយោគិនសិង្ហបុរី ចាប់យកឱកាសក្នុងវិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសាលជាដើម។ 
 
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះ បញ្ជាក់បន្ថែមថា វិនិយោគិនសិង្ហបុរីមានតួនាទីសំខាន់​ចំពោះកម្ពុជា ជាពិសេសការរួមចំណែកស្តារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យបានឆាប់រហ័ស។
  

ជំនួបតាមប្រព័ន្ធវីឌីអូ រវាងក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី កាលពីថ្ងៃទី ២៦កក្កដា ជុំវិញប្រធានបទ «ស្វែងយល់ពីកម្ពុជា៖ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា» ។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោកស្រី តែវ ឡាយឆេង បានលើកឡើងថា កម្ពុជា មានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី និងអាចស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយសម្រេចនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ -១៩ ។ 
 
បើតាមលោកស្រី តែវ ឡាយឆេង សិង្ហបុរីស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់កម្ពុជា​ ដែលភាគច្រើនវិនិយោគទៅលើវិស័យ អចលទ្រព្យ ថាមពល ពាណិជ្ជកម្ម ម្ហូបអាហារ ការអប់រំ និងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើងក្នុងមួយសប្តាហ៍។ 
 
បើតាមស្ថិតិរបស់ CDC ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤.៥ពាន់លានដុល្លារ។ ក្នុងនោះ សិង្ហបុរីបានឈរនៅលំដាប់លេខ៩ ស្មើនឹង ២,៨៥ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស ខណៈចិនគឺជាអ្នកវិនិយោគលំដាប់ទី១ ស្មើនឹង ២,៥ ភាគរយ ហើយកូរ៉េខាងត្បូងឈរលំដាប់លេខរៀងទី២ ក្នុងអត្រា៩,៦ ភាគរយ។ ចំណែកម៉ាឡេស៊ីបានឈរនៅលំដាប់លេខ៣ ស្មើនឹង ៦,៤ភាគរយ តាមពីក្រោយដោយអង់គ្លេស ៥,៧ ភាគរយ និងជប៉ុន ៥,២ ភាគរយ។
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី មានទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២។ ទំហំនេះមានការធ្លាក់ចុះខ្លាំងក្នុងអត្រា ៣៨,២ភាគរយ បើធៀបនិងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានចំនួនជាង ៣,៣៦ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 
 

Tag:
 សិង្ហបុរី CDC
© រក្សាសិទ្ធិដោយ thmeythmey.com