ជាតិ
អាជ្ញាខេត្តបាត់ដំបង នឹងរៀបចំសណ្ដាប់ធ្នាប់ ក្នុងតំបន់អភរិក្ស
28, Jul 2022 , 7:59 pm        
រូបភាព
អាជ្ញាធរក្រុងបាត់ដំបង ឱ្យម្ចាស់អាជីវកម្ម ត្រូវរុះរើ ផ្ទាំងប៉ាណូ និងសំយាប ក្នុងតំបន់អភិរក្ស។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តបាត់ដំបង។
អាជ្ញាធរក្រុងបាត់ដំបង ឱ្យម្ចាស់អាជីវកម្ម ត្រូវរុះរើ ផ្ទាំងប៉ាណូ និងសំយាប ក្នុងតំបន់អភិរក្ស។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តបាត់ដំបង។
អាជ្ញាធរខេត្តបាត់ដំបង កំពុងចាត់វិធានការរៀបចំ តំបន់អភិរក្សក្នុងក្រុងបាត់ដំបង។ ពលរដ្ឋ ឬអាជីវករ ដែលធ្វើសំយាប ប៉ាណូ និងលក់ដូរ រំលោភចំណីផ្លូវត្រូវរុះរើចេញ។ ការណ៍នេះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ក្នុងតំបន់អភិរក្សនិងទាក់ទាញទេសចរ។

 
ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបង បានបង្កើតគណៈកម្មាការដឹកនាំ និង ពង្រឹងការងារ រៀបចំសណ្ដាប់ធ្នាប់ ការងារអនាម័យ និងបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ តាមរយៈសកម្មភាពនេះ ក្រុងបាត់ដំបងនៅថ្ងៃទី២៥ ខែកក្កដា កន្លងទៅ បានជូនដំណឹងដល់ម្ចាស់លំនៅដ្ឋាន អាជីវកម្ម ក្នុងសង្កាត់ស្វាយប៉ោ ឱ្យរុះរើ សំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្ម គ្រប់ប្រភេទ រហូតដល់ថ្ងៃទី១ ខែសីហា។ 
 
ជុំវិញវិធានការខាងលើនេះ លោក សុខ លូ អះអាងថា ដើម្បីរៀបចំក្រុងបាត់ដំបងជាពិសេសតំបន់អភិរក្ស ឱ្យមានសណ្ដាប់ធ្នាប់ និងសោភ័ណភាពឡើងវិញ។ ស្របពេលបច្ចុប្បន្នពលរដ្ឋ និងអាជីវករមួយចំនួន ក្នុងតំបន់អភិរក្សនោះបានធ្វើអាជីវកម្មរំលោភលើចំណីផ្លូវ។ 
 

សំណង់បុរាណ ក្នុងតំបន់អភិរក្ស ក្នុងក្រុងបាត់ដំបង។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តបាត់ដំបង។

ពាក់ព័ន្ធនឹងការរុះរើនេះ លោកអភិបាលខេត្តបាត់ដំបង ប្រាប់ ThmeyThmey25ថា  ពលរដ្ឋមិនទាន់មានសកម្មភាពឡើយដោយសារអាជ្ញាធរ ទើបនឹងផ្សព្វផ្សាយ។ លោកបន្ថែមទៀតថា​ ការរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះគឺអនុវត្តទាំងកម្រិតក្រុង និង កម្រិតខេត្ត។ 
 
លោក សុខ លូ ពន្យល់បន្ថែមដូច្នេះ៖ «យើងរៀបចំនេះមិនមែនតែតំបន់អភិរក្សទេ! តែដំបូងយើងធ្វើនៅតំបន់អភិរក្សនិងទីប្រជុំជនក្នុងក្រុងបាត់ដំបង ហើយនឹងបន្តធ្វើតាមទីប្រជុំជនផ្សេងៗទៀតផងដែរ»។ ការរៀបចំឱ្យមានសណ្ដាប់ធ្នាប់ និងសោភ័ណភាព តាមបណ្ដាក្រុងនិងទីប្រជុំនានាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខេត្តបាត់ដំបង។ លោក សុខ លូ បន្ថែមថាក្រុងបាត់ដំបង ជាតំបន់អភិរក្សនូវសំណង់ស្ថាបត្យកម្មបុរាណ ដែលត្រូវអភិរក្សហើយតាមរយៈការអភរក្សនេះ នឹងជំនួសមកវិញ ដោយផលចំណេញផ្នែកទេសចរណ៍។ 
 

លោក សុខ លូ អភិបាលខេត្តបាត់ដំបង។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តបាត់ដំបង។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរុះរើ សំយាប ផ្ទាំងប៉ាណូ និងការលក់ដូររំលោភលើចំណីផ្លូវទាំងនោះ ដោយធ្វើតាមគំរូ និងគោលការណ៍របស់រដ្ឋបាលខេត្តវិញ។ 
 
គួរជម្រាបផងដែរថា តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលក្រុងបាត់ដំបងក្នុងករណី ម្ចាស់លំនៅដ្ឋាន អាជីវកម្ម មិនអនុវត្តរដ្ឋបាលក្រុងបាត់ដំបងនឹងធ្វើការរុះរើយកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ៕
 
 

Tag:
 រៀបចំក្រុងបាត់ដំបង
  សុខ លូ
© រក្សាសិទ្ធិដោយ thmeythmey.com