ជាតិ
អភិបាលខេត្តកណ្ដាល ស្នើឱ្យមន្ត្រីកសិកម្មរៀបចំបណ្ដុំអាជីវកម្ម ដើម្បីរក្សាទីផ្សារឱ្យកសិករ
28, Jul 2022 , 8:59 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងពិធីសំណេះសំណាល ជាមួយកសិករ បណ្ដុំអាជីវកម្ម និង សហគមន៍កសិកម្ម ក្នុងស្រុកស្អាង នៅថ្ងៃទី២៧ ខែ កក្កដា។ រូបភាពរដ្ឋបាលខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងពិធីសំណេះសំណាល ជាមួយកសិករ បណ្ដុំអាជីវកម្ម និង សហគមន៍កសិកម្ម ក្នុងស្រុកស្អាង នៅថ្ងៃទី២៧ ខែ កក្កដា។ រូបភាពរដ្ឋបាលខេត្តកណ្ដាល។
ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល ស្នើដល់មន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ឱ្យយកចិត្តទុកដាក់ និងចងក្រងបណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាព ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ និងរក្សាទីផ្សារដល់កសិករ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកសិករបណ្ដុំអាជីវកម្ម និងសហគមន៍កសិកម្ម បន្លែសុវត្តិភាព ស្រុកស្អាង ខេត្តកណ្ដាល។

 
លោក គង់ សោភ័ណ្ឌ បានស្នើឱ្យមន្ទីរកសិកម្ម យកចិត្តទុកដាក់ ដល់បណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាពក្រុមចាស់ និងត្រូវបង្កើតក្រុមថ្មីផងដែរ។ លោកសង្កត់ធ្ងន់ឱ្យមន្ត្រីកសិកម្ម ពង្រីកគោលដៅឱ្យបានកាន់តែទូលំទូលាយ ដោយរៀបចំចងក្រងបណ្ដាញអាជីវកម្ម ឱ្យទៅជាសហគមន៍កសិកម្មបន្លែសុវត្ថិភាព។
 
អភិបាលខេត្ត​កណ្ដាល​ ថ្លែង​ដូច្នេះ៖ «ការរៀបចំចងក្រង បណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងសហគមន៍ រក្សាបានទីផ្សារជូនពរពួកគាត់(កសិករ) ទន្ទឹមនឹងនោះបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ»។ នេះបើតាម​ហ្វេសប៊ុកផេក​រដ្ឋបាលខេត្តកណ្ដាល។
 
ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ ក៏បានស្នើដល់មន្ទីរកសិកម្មខេត្តកណ្ដាល បន្តកៀងគរ វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើទំនើបកម្ម ធានាសន្តិសុខ និងសុវត្ថិភាពស្បៀង បង្កើនចំណូលដល់កសិករ ព្រមទាំងបង្កើនការផ្សព្វផ្សាយ និងអនុវត្តន៍បច្ចេកវិទ្យាទំនើបៗ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ពង្រឹងសហគមន៍កសិកម្ម បង្កើតមុខរបរបន្ថែម និងរៀបចំសហគមន៍កសិកម្ម ឱ្យ​ក្លាយជាសហភាពសហគមន៍កសិកម្ម ស្របតាមមុខរបរកសិករ ព្រមទាំងជំរុញការផ្សព្វផ្សាយ លើការប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិ ជីធម្មជាតិ ឬជីសរីរាង្គ ដើម្បីកាត់បន្ថយ ថ្លៃដើមផលិត និងធានាសុខភាព អ្នកប្រើប្រាស់ អ្នកហូប និងបរិស្ថានធម្មជាតិ ។
 
គួរជម្រាបផងដែរថា យោងតាមរបាយការណ៍ ការនាំចេញកសិផលក្នុងឆមាសទី១ ឆ្នាំ២០២២ ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសសរុបប្រមាណជាង ៥លានតោន កើនឡើងជាង ១៣ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងកសិផលនាំចេញ ក្នុងនោះកម្ពុជាបាននាំចេញបន្លែចម្រុះប្រមាណ ៤៨តោន កើនឡើង ៧,៧៥ភាគរយ៕
 

Tag:
 ThmeyThmey25
  គង់ សោភ័ណ្ឌ
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com