កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa បែកធ្លាយបញ្ជីពិន័យកីឡាករ៖ ភ្លេចទិញនំខេកឱ្យមិត្តរួមក្រុមថ្ងៃខួប ពិន័យម្នាក់៦០ដុល្លារ
× បញ្ជីផាកពិន័យដ៏ព្រៃផ្សៃរបស់ Aston Villa សម្រាប់រដូវកាល ២០២២-២៣ ត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Steven Gerrard តារាងបញ្ជីពិន័យកីឡាករមានចំនួន១៨ករណីឯណោះ ដែលរួមមានទាំងការពិន័យចំពោះការភ្លេចនំខួបកំណើត និងភ្លេចពាក់ស្បែកជើងផ្ទាត់ចូលងូតទឹកជាដើម។
ការផាកពិន័យក្នុងបាល់ទាត់អាជីពបានកើតឡើងយូមកហើយ មិនមែនជារឿងថ្មីនោះទេ។ ប៉ុន្តែ បញ្ជីផាកពិន័យកីឡាកររបស់ក្រុម Aston Villa ដែលបានបែកធ្លាយលើអ៊ីនធឺណិត ពិតជាធ្វើឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ភ្ញាក់ផ្អើល។
តើអ្នកចាត់ការទូទៅ Aston Villa លោក Steven Gerrard ពិតជាឃោឃៅមែនឬទេ? នៅក្នុងក្រដាសមួយសន្លឹកដែលកាសែត The Sun ចុះផ្សាយ បានបង្ហាញលក្ខខណ្ឌផាកពិន័យជាប្រាក់ចំនួន១៨ករណី ដែលមានតម្លៃចាប់ពី ៦០ដុល្លារ ដល់១២០០ដុល្លារ។
ទៅចូលរួមប្រជុំដំណើរកម្សាន្តជាក្រុម និងជូបគ្រូបង្វឹកយឺត នៅថ្ងៃប្រកួតជាតម្លៃផាកពិន័យថ្លៃជាងគេ ក្នុងចំណោម១៨ករណី ក្នុងចំនួនទឹកប្រាក់១២០០ដុល្លារ ខណៈសមាជិកក្រុមភ្លេចទិញនំខេកចំថ្ងៃខួបកំណើតរបស់សមាជិកណាម្នាក់ និងត្រូវផាកម្នាក់៦០ដុល្លារដែលជាតម្លៃពិន័យទាបជាងគេ ស្មើនឹងការភ្លេចខោរឹបជើងវែងដែរ។
ទៅហ្វឹកហាត់យឺតពេល ភ្លេចពាក់ប្រព័ន្ធ GPS ពេលហ្វឹកហាត់ ក៏ដូចជាភ្លេចយកអាវហ្វឹកហាត់ចេញពីទីលាន សុទ្ធតែស្ថិតក្នុងបញ្ជីពិន័យរបស់ Aston Villa។ សូម្បីកីឡាករភ្លេចពាក់ស្បែកជើងផ្ទាត់ចូលងូតទឹកក៏ត្រូវផាក១២០ដុល្លារផងដែរ ។នេះជាលក្ខខណផាកពិន័យដ៏តឹងរឹងមែនទែន៕
© រក្សាសិទ្ធិដោយ thmeythmey.com