ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ និងតំណាង UN ពិភាក្សាពីដំណោះស្រាយលើភាពចង្អៀតណែនក្នុងពន្ធនាគារ
28, Jul 2022 , 10:59 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង និងអ្នកស្រី Roueida El Hage (រូបពី United Nations Human Rights in Cambodia)
ជំនួបរវាងសម្តេច ស ខេង និងអ្នកស្រី Roueida El Hage (រូបពី United Nations Human Rights in Cambodia)
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកស្រី Roueida EI Hage ប្រធានថ្មីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាពីបញ្ហាចង្អៀតណែតក្នុងពន្ធនាគារកម្ពុជា ។ ជំនួបរវាងសម្តេច និងអ្នកស្រី ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

 
ជុំវិញបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ សម្តេច ស ខេង និងអ្នកស្រី Roueida បានជជែកគ្នាដល់គោលការណ៍ដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ និងគោលការណ៍ទោសក្នុងសហគមន៍។ សម្តេច ស ខេង ជម្រាបអ្នកស្រី Roueida ថា ដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ កម្ពុជា បានចាប់ផ្តើមអនុវត្តគោលការណ៍ដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌហើយ ខណៈគោលការណ៍ទោសក្នុងសហគមន៍ កំពុងស្ថិតក្នុងការពិភាក្សារបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។ បើតាមប្រសាសន៍របស់សម្តេច អ្នកទោស ដែលត្រូវបានដោះលែងដោយភ្ជាប់លក្ខខណ្ឌ គឺជាអ្នកទោស ដែលមានទោសស្រាល។ 
 
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្រ្តីមហាផ្ទៃ បានប្រកាសក្នុងពិធីមួយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ថា ជាការអនុវត្តលើកដំបូងនេះ មានអ្នកទោសត្រឹម១៧នាក់ប៉ុណ្ណោះ ដែលត្រូវដោះលែងដោយភ្ជាប់លក្ខខណ្ឌ។ សម្តេច សង្កត់ថា លក្ខខណ្ឌសំខាន់ ដែលអ្នកទោសទាំង១៧នាក់ ត្រូវប្រកាន់ខ្ជាប់ គឺប្រព្រឹត្តអំពើល្អ។ សម្តេច អះអាងថា បើពួកគេ ប្រព្រឹត្តបទល្មើស ឬធ្វើខុសនឹងលក្ខខណ្ឌ ពួកគេ នឹងត្រូវចាប់បញ្ជូនទៅពន្ធនាគារវិញ។ 
 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន អ្នកជាប់ឃុំសរុប មានជិត៤ម៉ឺននាក់ ដោយក្នុងនោះ គ្រាន់តែអ្នក ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មានចំនួនពាក់កណ្តាល។ 
 

ជំនួបរវាងសម្តេច ស ខេង និងអ្នកស្រី Roueida El Hage (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)

ការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ និងទោសក្នុងសហគមន៍ សុទ្ធតែមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។ ក្រោយឆ្លងកាត់ការសិក្សា និងការស្រង់បទពិសោធតាមប្រទេសមួយចំនួនអស់រយៈពេលច្រើនឆ្នាំរួចមក កម្ពុជា អាចយកការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌនេះ មកអនុវត្តបានមុន ខណៈទោសក្នុងសហគមន៍ នៅបន្តស្ថិតក្នុងការសិក្សា។ 
 
ក្នុងជំនួបផ្ទាល់មុខ អ្នកស្រី Roueida បានអរគុណសម្តេច ស ខេង ដែលគាំទ្រការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងការចុះធ្វើទស្សនកិច្ចនៅតាមបណ្ដាពន្ធនាគារ។ អ្នកស្រី ក៏អរគុណផងដែរ ដែលអគ្គនាយកដ្ឋានពន្ធនាគារ បានចែករំលែកព័ត៌មាន និងទិន្នន័យចាំបាច់នានា ដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ។ សម្តេច ស ខេង បានអរគុណអ្នកស្រី និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិវិញ ដែលកន្លងមក បានជួយគាំទ្រដល់គម្រោងនានាលើការងារពន្ធនាគារនៅកម្ពុជា៕  
 

Tag:
 ស ខេង
  Roueida EI Hage
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com