កីឡាអន្តរជាតិ
អន្តរជាតិ
UEFA បើកការស៊ើបអង្កេត ក្រោយអ្នកគាំទ្រ Fenerbahce ស្រែក«ពូទីន»បញ្ឈឺក្រុមអ៊ុយក្រែន Dynamo Kyiv
29, Jul 2022 , 3:57 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បើកការស៊ើបអង្កេតផ្នែកវិន័យលើក្រុម Fenerbahce បន្ទាប់ពីអ្នកគាំទ្រក្រុមនៃលីគកំពូលតួកគីនេះ ស្រែកហៅឈ្មោះលោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី អំឡុងការប្រកួតជម្រុះ Champions League ជើងទី២ជាមួយក្រុម Dynamo Kyiv នៅថ្ងៃទី២៧ ខែកក្កដា។ នេះបើតាមការផ្សាយរបស់កាសែត Theguardian។

 
បន្ទាប់ពីការប្រកួតជើងទី១បញ្ចប់ដោយគ្មានគ្រាប់បាល់ដែលធ្វើឡើងនៅទឹកដីកណ្តាលប្រទេសប៉ូឡូញ ក្រុមអ៊ុយក្រែន Dynamo Kyiv បានទម្លាក់ក្រុម Fenerbahce ដោយការយកឈ្នះ ២-១ នៅជើងទី២ដែលធ្វើឡើងនៅក្រុង Istanbul ប្រទេសតួកគី។ 
 
ភ្លាមៗក្រោយពេលកីឡាករ Vitaliy Buyalskyi សម្រេចគ្រាប់បាល់ទី១ឱ្យ Dynamo Kyiv នៅនាទី៥៧ អ្នកគាំទ្រ Fenerbahce មួយចំនួនបាននាំគ្នាស្រែកហៅឈ្មោះ «វ្ល៉ាឌីមៀ ពូទីន» ដើម្បីឌឺដង បញ្ឈឺដល់ការអបអរគ្រាប់បាល់របស់ Buyalskyi​ ដែលជាកីឡាករសញ្ជាតិអ៊ុយក្រែន។
 
Attila Szalai បានរកគ្រាប់តាមស្មើឱ្យ Fenerbahce នៅនាទី៨៩ ដើម្បីបន្តការប្រកួតដល់ម៉ោងបន្ថែម។ ប៉ុន្តែយ៉ាងណាក៏ដោយ Dynamo បន្ថែមគ្រាប់ទី២និងជាគ្រាប់ជ័យជម្នះនៅនាទី១១៤ តាមរយៈការស៊ុតរបស់ Oleksandr Karavaev។ ដោយខឹងនឹងបរាជ័យដែលធ្វើឱ្យក្រុមពួកគេមិនអាចបង្ហាញមុខនៅ Champions League បាននោះ នៅក្នុងកីឡដ្ឋានត្រូវបានគ្របដណ្ដប់ដោយការស្រែកគំហក ក្នុងន័យគាំទ្រប្រធានាធិបតីរុស្ស៊ីបន្ថែមទៀត ពីសំណាក់អ្នកគាំទ្រ Fenerbahce ដែលបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងតាមអ៊ីនធឺណិត។
 
ក្រោយហេតុការណ៍នេះកើតឡើង UEFA បានបើកការស៊ើបអង្កេតដោយឱ្យមន្ត្រីខ្លួន ត្រួតពិនិត្យក្រមសីលធម៌ និងវិន័យទាក់ទងនឹងអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រ Fenerbahce ដែលធ្វើឡើងនៅកីឡដ្ឋាន Sukru Saracoglu ប្រទេសតួកគី។
 
លោក Vasyl Bodnar ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី បាននិយាយលើ Twitter ថា លោកមានការសោកស្ដាយចំពោះការស្រែកឌឺដងនឹងរឿងនយោបាយ ខណៈអ៊ុយក្រែនស្ថិតក្នុងស្ថានភាពរងគ្រោះដោយសារការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែលោក Bodnar បានថ្លែងអំណរគុណចំពោះអ្នកដែលឈរប្រឆាំងនឹង «សកម្មភាពមិនសមរម្យ» របស់អ្នកគាំទ្រមួយក្តាប់តួចទាំងនោះផងដែរ។
 
«បាល់ទាត់​គឺ​ជា​ការ​ប្រកួត​ដ៏​យុត្តិធម៌ជាងអ្វីទាំងអស់»។ ឯកអគ្គរដ្ឋទូតលើកឡើងដូច្នេះ ដោយបន្ថែមថា Dynamo Kyiv នឹងកាន់តែខ្លាំងជាងមុន ក្រោយឆ្លងកាត់រឿងដ៏អាក្រក់នេះ៕
 

Tag:
 UEFA
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com