កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីលី ប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្ត FIFA ដែលច្រានចោលរឿងអាក្វាឌ័រក្លែងបន្លំកីឡាករ កីឡាករ Byron Castilla ពាក់ឯកសណ្ឋានក្រុមអេក្វាឌ័រមានលេខ ៦។
× សហព័ន្ធបាល់ទាត់ស៊ីលី (ANFP) កំពុងតែប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលបានច្រានចោលពាក្យបណ្តឹងពួកគេ លើក្រុមអេក្វាឌ័រ ដែលបានក្លែងបន្លំកីឡាករគ្មានសិទ្ធិអំឡុងការប្រកួតជម្រុះពានរង្វាន់ World Cup។
នេះជាការដាក់សម្ពាធថ្មីម្តងទៀតទៅលើអេក្វាឌ័រ ពីសំណាក់ស៊ីលី ក្រោយពេល FIFA កាលពីខែមិថុនា បានចេញសេចក្តីសម្រេចថា ក្រុមជម្រើសជាតិអេក្វាឌ័រគឺមានសិទ្ធិបន្តប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។
កាលពីខែមិថុនា ANFP បាននិយាយថា ខ្លួនមានភស្ដុតាងគ្រប់គ្រាន់បង្ហាញពីកីឡាករ Byron Castillo ដែលលេងឱ្យក្រុមជម្រើសជាតិអេក្វាឌ័រ មានដើមកំណើតនៅទីក្រុង Tumaco ប្រទេសកូឡាំប៊ី ក្នុងឆ្នាំ ១៩៩៥ ហើយរូបគេមិនមែនជាប្រជាជនអេក្វាឌ័រដែលកើតក្នុងទីក្រុង Villamil Playas ឆ្នាំ ១៩៩៨ ដូចទៅនឹងឯកសាររបស់ប្រទេសអេក្វាឌ័រឡើយ។
កីឡាករខ្សែការពារដែលលេងឱ្យក្រុម Barcelona Sporting Club របស់លីគកំពូលអេក្វាឌ័រ បានបង្ហាញខ្លួនចំនួន ៨ប្រកួត ពីចំណោម ១៨ប្រកួតរបស់អេក្វាឌ័រ នាការប្រកួតជម្រុះដណ្តើមកៅអីទៅកាន់ការប្រកួតពានរង្វាន់ World Cup ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា។ Castillo បានប្រើលិខិតឆ្លងដែនក្លែងក្លាយ និងលិខិតបញ្ជាក់កំណើត។
ទាក់ទង់បញ្ហានេះ FIFA បាននិយាយថា សហព័ន្ធបានត្រួតពិនិត្យលើសំណើររបស់គ្រប់ភាគីពាក់ព័ន្ធ ហើយបានពិចារណាសម្រេចថា មិនមានការចាត់វិធានការអ្វីឡើយ។ ទោះយ៉ាងនេះក្តីថ្ងៃទី២៨ កក្កដា ស៊ីលី បានអះអាងជាថ្មីថា ខ្លួនបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តរបស់ FIFA។
«យើងប្រាកដទាំងស្រុងថាការសន្និដ្ឋាននៃការស៊ើបអង្កេតរបស់យើងគឺច្បាស់លាស់ខ្លាំងណាស់។ វាពិតច្បាស់ខ្លាំងណាស់ ដែលថាកីឡាករបានប្រើឯកសារក្លែងបន្លំជាជនជាតិអេក្វាឌ័រ ហើយបញ្ហានោះគឺមិនស្ថិតលើការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ World Cup 2022 ឡើយ ប៉ុន្តែរឿងសំខាន់នោះគឺជាការរំលោភគោលការណ៍លេងយុត្តិធន៍ ឬ Fair Play។»។ នេះបើតាមលោក Jorge Yunge អគ្គលេខាធិការនៃសមាគមបាល់ទាត់ស៊ីលី។
ស៊ីលីមិនឈ្នះកៅអី សម្រាប់ការប្រកួតនៅប្រទេសកាតានាចុងឆ្នាំ ២០២២ ឡើយ ដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៧ មាន ១៩ពិន្ទុ ក្នុងពូលនៃទ្វីបអាម៉េរិកខាងត្បូង CONMEBOL នាការប្រកួតជម្រុះដណ្តើមកៅអី World Cup ខណៈដែលអេក្វាឌ័រឈរលំដាប់លេខ ៤ ហើយឈ្នះកៅអី។
ទ្វីបអាម៉េរិកខាងត្បូងមាន ៤កៅអីកន្លះ ដោយមានប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្គាយ និងអេក្វាឌ័រ ឈ្នះកៅអីស្វ័យប្រវត្តិ ។ ចំណែកប៉េរូ ឈ្នះកន្លះកៅអីប្រកួត Play-off អន្តរទ្វីបដណ្តើមមួយកៅអីទៅ World Cup ត្រូវខកចិត្តបាត់បង់ឱកាសក្រោយចាញ់ក្រោមថ្វីជើងក្រុមអូស្ត្រាលី៕
© រក្សាសិទ្ធិដោយ thmeythmey.com