សុខភាព
អន្តរជាតិ
ការសិក្សា៖ គេងថ្ងៃញឹកញាប់ប្រឈមហានិភ័យជំងឺលើស​ឈាម និង​ស្ត្រូក
30, Jul 2022 , 8:30 am        
រូបភាព
រូបភាព៖ unsplash
រូបភាព៖ unsplash
មនុស្សពេញវ័យដែលគេងថ្ងៃជាប្រចាំ ឬញឹកញាប់មានហានិភ័យខ្ពស់ប្រឈមនឹងជំងឺលើស​ឈាម ១២ភាគរយ និងមានហានិភ័យប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ២៤​ភាគរយ បើប្រៀបធៀបទៅនឹងអ្នកមិនគេងថ្ងៃ។ នេះ​បើ​​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​​ចេញ​ផ្សាយ​នៅ​លើទិនានុប្បវត្តិ American Heart Association។

 
ក្រុមអ្នកស្រាវជ្រាវរបស់ចិនបានសិក្សាពីទំនាក់ទំនងរវាងការគេងថ្ងៃញឹកញាប់ និងជំងឺលើស​ឈាម រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក)។ ការសិក្សា បានប្រើទិន្នន័យពី UK Biobank ដែលបានជ្រើសរើសអ្នកចូលរួមជាង ៥០ម៉ឺន​នាក់ មានអាយុចន្លោះពី ៤០ទៅ ៦៩ឆ្នាំ តែអ្នកចូលរួមប្រហែល ៣៦ម៉ឺននាក់ប៉ុណ្ណោះ ​ដែលមានបានលក្ខខណ្ឌសុខភាព​ត្រឹមត្រូវសម្រាប់ការសិក្សា។ ការសិក្សានេះធ្វើឡើងរយៈ​ពេល ១១ឆ្នាំ។ 
 
តាមលទ្ធផលនៃការសិក្សា អ្នកគេង​ថ្ងៃជាប្រចាំ ឬញឹកញាប់មានហានិភ័យខ្ពស់ប្រឈម​ជំងឺ​លើសឈាម និងស្ត្រូក។ អ្នកគេង​ថ្ងៃញឹកញាប់ប្រឈមហានិភ័យជំងឺលើសឈាម ១២ភាគ​រយ និងប្រឈមជំងឹស្ត្រូក ២៤​ភាគរយធៀបនឹងអ្នកមិនងងុយគេងពេលថ្ងៃ។ 
 
លើសពីនេះ ការសិក្សាបង្ហាញថា ភាគច្រើនអ្នកគេងថ្ងៃ ជាបុរសមានកម្រិតសិក្សា និង​ប្រាក់ចំណូលទាប ជាអ្នកជក់បារី ផឹកស្រាប្រចាំថ្ងៃ ពេលយប់គេងមិនលក់ និងគេងស្រមុក​ជាដើម។ ប្រសិនបើបរិមាណនៃការគេងថ្ងៃកើនឡើង ឬកាន់តែញឹកញាប់ឡើង នោះកម្រិត​ហានិភ័យនៃការវិវដ្តទៅមានជំងឺលើសឈាមក៏កាន់តែកើនឡើងដែរ គឺអាចឈាន​ដល់ ៤០ភាគរយ។ 
 
ការគេងថ្ងៃច្រើនអាចជាលទ្ធផលនៃការគេងពេលយប់មិនគ្រប់គ្រាន់។ ការគេងពេលយប់​មិនគ្រប់គ្រាន់បង្កហានិភ័យជាច្រើនដល់សុខភាពរាងកាយ និងផ្លូវចិត្ត ហើយការគេងថ្ងៃ​មិនអាចជំនួស ឬកាត់បន្ថយផលប៉ះពាល់នៃការគេងពេលយប់មិនគ្រប់នោះឡើយ។ អ្នក​ជំនាញ​អំពីការគេងបានលើកឡើងបែបនេះ។ 
 
ម៉្យាងវិញទៀត ការគេងពេលថ្ងៃច្រើនអាចបង្កើនហានិភ័យនៃបញ្ហា​សុខភាពបេះដូង ជំងឺ​ធាត់ ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពសរីរាង្គផ្សេងទៀតផងដែរ។ យ៉ាងណាមិញ ការ​សិក្សា​មិនទាន់រកឃើញពីហេតុផលនៃទំនាក់ទំនងរវាងការគេងថ្ងៃ និង​ជំងឺលើសឈាម ក៏​ដូចជា​ជំងឺស្ត្រូកឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com