ជាតិ
អាជ្ញាធរព្រះសីហនុ នឹងដំណើរការច្រក​ចេញ​ចូល​តែមួយក្នុងឃុំ-សង្កាត់ចំនួន២៩ ចាប់ពីខែសីហា
30, Jul 2022 , 9:00 am        
រូបភាព
(រូបតំណាង) ការិយាល័យច្រកចេញចូលតែមួយ មួយកន្លែង ក្នុងខេត្តបាត់ដំបង។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តបាត់ដំបង។
(រូបតំណាង) ការិយាល័យច្រកចេញចូលតែមួយ មួយកន្លែង ក្នុងខេត្តបាត់ដំបង។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តបាត់ដំបង។
រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយ នៅតាមឃុំ-សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ។ ការបើកដំណើរច្រកចេញចូលតែមួយនេះ គឺដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋ។


ច្រកចេញចូលតែមួយ នៅតាមបណ្ដាឃុំ-សង្កាត់ ចំនួន២៩ ក្នុងខេត្តព្រះសីហនុ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ខាងមុខ។ ការបើកដំណើរការនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបើកកិច្ចប្រជុំ ផ្សព្វផ្សាយនូវខ្លឹមសារដែលកំណត់នៅក្នុងសេចក្ដីណែនាំលេខ ០១៨សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត-ក្រុង- ស្រុក ឃុំ-សង្កាត់ នៃខេត្តព្រះសីហនុ។
 
សេចក្ដីណែនាំនោះ ស្ដីអំពីរបៀបនៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់នីមួយៗសំដៅដាក់ឱ្យដំណើរការយន្តការឱ្យបានឆាប់រហ័សក្រោយពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតអាណត្តិថ្មីចូលកាន់តំណែង។
 
គម្រោងបើកដំណើរការច្រកចេញចូល របស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងគោលបំណង លើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅបង្ខិតសេវាសាធារណៈជាមូលដ្ឋាន និងចាំបាច់នានាឱ្យទៅកៀកជិតពលរដ្ឋ។ ម្យ៉ាងទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កាត់បន្ថយការិយាល័យធិបតេយ្យ និងភាពស្មុគស្មាញនៃការស្នើសុំសេវារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
 
នាកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ នៅថ្ងៃទី២៥ ខែកក្កដា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា អាជ្ញាធរត្រូវរួមគ្នាពង្រីងសេវារដ្ឋបាលនៅច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព តម្លាភាព, បិទតារាងតម្លៃកំណត់ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយកង្វល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងត្រូវប្រឡងប្រណាំងនៅតាមឃុំ-សង្កាត់ទាំង២៩។
 
គួរជម្រាបផងដែរថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តសាកល្បងអង្គភាពច្រកចេញចូលតែមួយ ចាប់ពីឆ្នាំ២០០៥ ដោយមានការសិក្សា និងវាយតម្លៃបន្តបន្ទាប់ លើការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយ។ តាមរយៈយន្តការនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានពិនិត្យឃើញថា ទទួលបានការគាំទ្រ និងពេញចិត្ត ពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
 

Tag:
 ច្រកចេញចូលតែមួយ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com