កីឡាជាតិ
ជាតិ
បទចម្រៀងមិនត្រូវការចំណូល“Will to Heal” និង “S for E” ជាកាដូរដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
30, Jul 2022 , 7:30 pm        
រូបភាព
បទចម្រៀង S for E រូបពី VDO ចម្រៀង
បទចម្រៀង S for E រូបពី VDO ចម្រៀង
អ្នកស្រី Natalia Tjahja អ្នកនិពន្ធចម្រៀង២បទ “Will to Heal” និង “S for E”  សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម​លើកទី១១ នៅទីក្រុងសូឡូ ។ បើតាមអ្នកនិពន្ធរូបនេះ បទចម្រៀងទាំងពីរ គឺមិនត្រូវការចំណូលមកវិញ តែបានបង្កប់អត្ថន័យលើកទឹកចិត្ត ដល់ជនពិការទាំងអស់។


“Will to Heal” ដែលមានអត្ថន័យជាខ្មែរថា “ឆន្ទៈដើម្បីព្យាបាល” និង “S for E” ដែលបានមកពីពាក្យ “Striving for Equality” មានអត្ថន័យថា តស៊ូដើម្បីសមភាព ជាបទចម្រៀងបែបលើកទឹកចិត្តដល់ជនពិការ។ ម្នាក់ក្នុងចំណោម តារាចម្រៀងបទ S for E កញ្ញា Kezia Kaithlyn បាននិយាយថា៖« S for E គឺជាបទចម្រៀងដ៏អស្ចារ្យ ហើយអត្ថន័យធ្វើឲ្យអត្ដពលិក មានស្មារតី និងការដឹងគុណកាន់តែខ្លាំង។»។
 
ជាមួយគ្នានេះ  លោកស្រី Natalia Tjahja បានប្រាប់ពីប្រវត្តិនៅពីក្រោយបទចម្រៀងនេះថា បទចម្រៀងជាច្រើន បានបង្កប់ន័យស្នេហា រវាងមនុស្សស្រី ប្រុស ឪពុកម្ដាយ ហើយចម្រៀងនីមួយៗ តែងផលិតឡើងដើម្បីរកចំណូល ពីការស្ដាប់របស់អ្នកគាំទ្រ តែបទចម្រៀងទាំងពីរនេះ វិញគឺកើតចេញពីសប្បុរសធម៌ និងមិនគិតពីចំណូលអ្វីឡើយ។

 
កញ្ញា Kezia Kaithlyn ពាក់អាវពណ៌ស នៅចំកណ្ដាល ជាមួយតារាចម្រៀង៣រូបផ្សេងទៀត ក្នុងបទចម្រៀង S for E រូបពី Rada Indonesia
«បទចម្រៀងនេះ​ គឺជាអំណោយពីព្រះជាម្ចាស់ ដោយក្នុងពិភពលោកនេះ គ្មានបទចម្រៀងណា ដែលមានតម្លៃនៃពាណិជ្ជកម្មទេ។»។ អ្នកនិពន្ធរូបនេះ បានប្រាប់បែបនេះ។ 
 
លោក ​ Rima Ferdianto អគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី ពេញចិត្តនូវស្នាដៃនិពន្ធនេះណាស់ ព្រោះជាផ្នែកមួយក្នុងការលើកទឹកចិត្តជនពិការ តាមរយៈបទចម្រៀង។ នេះ បើយោងតាមការផ្សាយរបស់គេហទំព័រ Radar Indonesia កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។

 
រូបកីឡាការិនី ហ្វឹកហាត់ រូបពី VDO ចម្រៀង
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ត្រូវបានសមាជិកអាស៊ានចាត់ទុកជារឿងសំខាន់ ក្នុងការលើកស្ទួយសកម្មភាពកីឡា រប​ស់ជនពិការក្នុងតំបន់អាស៊ាន ក្រោយព្រឹត្តិការណ៍នេះ ត្រូវបានខកខានអស់រយៈពេល៤ឆ្នាំ។ ការប្រកួតនៅឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ត្រូវបានលុបចោលទាំងស្រុង ដោយសារជួបបញ្ហាកូវីត-១៩។ ដោយឡែក ការប្រកួតនៅវៀតណាម នៅឆ្នាំ២០២១ ត្រូវបានផ្ទេរ ទៅឥណ្ឌូណេស៊ីនេះ ដោយក្រោមមូលហេតុ ដូចហ្វីលីពីនដែរ។ ព្រឹត្តិការណ៍លើកទី១១នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកក្កដា ចប់ទៅវិញនៅថ្ងៃទី៦ ខែសីហា ដោយប្រកួតលើ១៤ ប្រភេទកីឡា៕
 

Tag:
 Natalia Tjahja
  Asean Para Games
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com