កីឡាអន្តរជាតិ
អន្តរជាតិ
Vettel ប្រកាសបញ្ចប់អាជីពប្រណាំងរថយន្ត F1 ក្រោយចប់រដូវកាល ២០២២
30, Jul 2022 , 8:30 pm        
រូបភាព
ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula One ៤សម័យកាល Sebastian Vettel ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករប្រណាំងនៅចុងបញ្ចប់នៃរដូវកាល ២០២២ នេះ។


«នេះជាការសម្រេចចិត្តដ៏ពិបាក។ ខ្ញុំបានចំណាយពេលច្រើនណាស់ ក្នុងការសម្រេចចិត្តចូលនិវត្តន៍នេះ»។ នេះជាការបញ្ជាក់របស់ Vettel ដែលសព្វថ្ងៃបើកឱ្យក្រុម Aston Martin ដោយបន្ថែមថា រូបគេនឹងចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន ក្រោយពេលចូលនិវត្តន៍។ 
 
អ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ វ័យ៣៥ឆ្នាំ នឹង​ចាក​ចេញ​ពី​អាជីពកីឡា​នេះ​ ក្នុងនាមជា​អ្នក​បើក​បរ​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ F1។ គិតមកដល់ពេលនេះ មានតែ Lewis Hamilton, Michael Schumacher និង Juan Manuel Fangio ប៉ុណ្ណោះដែលបានឈ្នះជើងឯកប្រណាំងរថយន្តពិភពលោក F1ច្រើនជាង Vettel ដែលធ្លាប់ឈ្នះ៤ដង។
 
Vettel ដែលឈ្នះ F1 ទាំង៤លើកកាលនៅបើកបរឱ្យ Red Bull ចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ អះអាងថា ខ្លួនរីករាយដែលបានចូលរួមជាមួយ Aston Martin ក្នុងឆ្នាំ ២០២១ និង ២០២២ ទោះលទ្ធផលរបស់ពួកគេមិនបានល្អដូចដែលរំពឹងទុកក៏ដោយ។ អតីតអ្នកប្រណាំងរបស់ Ferrari រូបនេះ ធ្លាក់ទឹកដៃប្រណាំងយ៉ាងខ្លាំងនៅ៣រដូវកាលចុងក្រោយ ចាប់តាំងពីឆ្នាំ២០២០មក។
 
 នៅឆ្នាំ២០២២នេះ Vettel អតីតគូប្រជែងចាស់របស់ Hamilton ឈរនៅលេខរៀងទី១៤ ក្នុងតារាង F1 ដោយមិនទាន់ស្គាល់ជ័យជម្នះនៅឡើយក្រោយការប្រណាំង១២លើក។
 
«ខ្ញុំសង្ឃឹមថាការងារដែលខ្ញុំបានធ្វើកាលពីឆ្នាំមុន និងកំពុងបន្តធ្វើនៅឆ្នាំនេះនឹងមានប្រយោជន៍ក្នុងការអភិវឌ្ឍន៍ក្រុម Aston Martin ដើម្បីឈ្នះនៅពេលអនាគត ហើយខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដែលខ្ញុំអាចធ្វើបាននៅឆ្នាំចុងក្រោយសម្រាប់អាជីពប្រណាំងរបស់ខ្ញុំ»។ នេះជាការបន្ថែមរបស់ Vettel ប្រាប់កាសែត BBC។
 
ស្របពេលគ្នានេះដែរក្រុម Aston Martin បង្ហើបថាចង់រក្សា Vettel នៅរដូវកាលក្រោយទៀត ប៉ុន្តែរូបគេបានសម្រេចចិត្តចាកចេញពីកីឡាលំដាប់ពិភពលោកនេះទៅហើយ៕
 

Tag:
 Formula One
  Sebastian Vettel
© រក្សាសិទ្ធិដោយ thmeythmey.com