សុខភាព
អន្តរជាតិ
រដ្ឋញូវយ៉ករបស់អាម៉េរិក ដាក់រដ្ឋក្នុងស្ថានភាពអាសន្នមានមហន្តរាយ ដោយសារជំងឺអុតស្វា
30, Jul 2022 , 9:30 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul នៅថ្ងៃទី២៩ ខែកក្កដា បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នមានមហន្តរាយ ដោយសារជំងឺអុតស្វា។ ការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋញូវយ៉កមានករណីឆ្លងជាង ១ពាន់ករណី ខណៈអាម៉េរិកទាំងមូលមានប្រមាណ ៥ពាន់ករណី។

 
តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង(CDC) មកទល់ពេលនេះ អាម៉េរិកមានករណីឆ្លងប្រមាណ ៥ពាន់ករណី ដោយក្នុងនោះរដ្ឋញូវយ៉ក មានចំនួន ១៣៨៣ករណី។ ទាក់ទិននឹងបញ្ហានេះ អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បានប្រកាសដាក់រដ្ឋរបស់ខ្លួន ក្នុងស្ថានភាពអាសន្នមានមហន្តរាយ (State Disaster Emergency) ដើម្បីទប់ស្កាត់ជំងឺមួយនេះ កុំឱ្យរីកសាយធំឡើយ។ 
 
«បន្ទាប់ពីពិនិត្យទិន្នន័យចុងក្រោយលើការផ្ទុះឡើងនៃជំងឺអុតស្វាក្នុងរដ្ឋញូវយ៉ក ខ្ញុំប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នមានមហន្តរាយ ដើម្បីបង្កើនកិច្ចខិតខំក្នុងការប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺឆ្លង»។ លោកស្រី Hochul បានសង្កត់ធ្ងន់បែបនេះនៅក្នុងបញ្ជាប្រតិបត្តិមួយ ចេញនៅថ្ងៃទី២៩ ខែកក្កដា។ 
 
បើតាមអភិបាលរដ្ឋញូវយ៉ករូបនេះ ករណីឆ្លងអុតស្វា ១ភាគ៤នៅក្នុងប្រទេស គឺមាននៅក្នុងរដ្ឋញូយ៉ក ហើយអាម៉េរិក ត្រូវតែឆ្លើយតបនឹងជំងឺមួយនេះ តាមដែលអាចធ្វើបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ 
 
ស្របពេលមានករណីឆ្លងជំងឺអុតស្វាហក់ឡើងនៅក្នុងប្រទេស អាម៉េរិក នៅថ្ងៃទី២៨ ខែកក្កដា បានប្រកាសបញ្ចេញវ៉ាក់សាំងប្រឆាំងជំងឺឆ្លងមួយនេះចំនួនជិត ៣០ម៉ឺនដូស ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com