ជាតិ
គយ ចាត់វិធានការលើទំនិញ២មុខ ដែលសង្ស័យមានផ្ទុកសារធាតុគីមីប៉ះពាល់សុខភាព
31, Jul 2022 , 11:07 am        
រូបភាព
ផលិតផលមី និងការ៉េម ដែលអាជ្ញាធរសង្ស័យមានផ្ទុកសារធាតុប៉ះពាល់សុខភាព។ រូបភាពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ (រូបខាងក្រោយ) មន្ត្រី ក.ប.ប ចុះត្រួតពិនិត្យ និងស្រាវជ្រាវផលិតផលមី និងការ៉េម។ រូបភាព ក.ប.ប។
ផលិតផលមី និងការ៉េម ដែលអាជ្ញាធរសង្ស័យមានផ្ទុកសារធាតុប៉ះពាល់សុខភាព។ រូបភាពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ (រូបខាងក្រោយ) មន្ត្រី ក.ប.ប ចុះត្រួតពិនិត្យ និងស្រាវជ្រាវផលិតផលមី និងការ៉េម។ រូបភាព ក.ប.ប។
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញនូវចំណាត់ការបណ្ដោះអាសន្នមួយ លើការត្រួតពិនិត្យផលិតផលនាំចូល មីកញ្ចប់ និងការ៉េម ចាប់ពីថ្ងៃទី១ ខែសីហាតទៅ។ ការដាក់ចេញនូវវិធានការនេះ ដោយមន្ត្រីសង្ស័យថា ផលិតផលទាំងនោះ មានផ្ទុកសារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កផលប៉ះពាល់លើសុខភាពអ្នកប្រើប្រាស់។


ផលិតផលដែលខាងអាជ្ញាធរ សង្ស័យថាមានផ្ទុកសារធាតុគីមីនោះ រួមមាន មីកញ្ចប់ម៉ាក «Lucky Me!» ផលិតផលប្រទេសថៃ, មីកញ្ចប់ម៉ាក «Háo Háo» ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក «Häagen-Dazs (Vanilla)» ផលិតនៅប្រទេសបារាំង។
 
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា រាល់នាំចូលទំនិញដូចរៀបរាប់ខាងលើនេះ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការវិភាគសារធាតុ អេទីឡែនអុកស៊ីត ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យសុវត្ថិភាពម្ហូបពីប្រទេសនាំចេញ។ រីឯទំនិញ ដែលមកដល់កម្ពុជា អ្នកនាំចូលត្រូវដកសំណាកទំនិញនោះ ធ្វើការវិភាគសារធាតុ អេទីឡែនអុកស៊ីត នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ  នៃក្រសួងពាណិជ្ជកម្ម មុនពេលអនុញ្ញាតបញ្ចេញទំនិញពីគយ។ 
 
គួរជម្រាបផងដែរថា ចំណាត់ការខាងនេះ បន្ទាប់អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេស នៅសហគមន៍អឺរ៉ុបមួយចំនួន បានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់សារធាតុអេទីឡែនអុកស៊ីត។ សារធាតុនេះ ត្រូវបានសហភាពអឺរ៉ុប អាម៉េរិក និងអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថា ជាសារធាតុបង្កជាជំងឺមហារីក៕
 

Tag:
 អគ្គនាយកដ្ឋានគយ
© រក្សាសិទ្ធិដោយ thmeythmey.com