កីឡាជាតិ
ជាតិ
អបអរសាទរ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា៣ទល់៣ ឈ្នះមេដាយមាសប៉ារ៉ាហ្គេម
31, Jul 2022 , 3:43 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡាការិនីបាល់បោះជិះរទះ (Wheelchair Basketball) កម្ពុជា លើវិញ្ញាសា៣ទល់៣ ដែលរួមមានឡាក់ សាវីរី, ដួង ច័ន្ទរក្សា, អាន ស៊ីណែត, ស៊ឹម ដា, សាន រដ្ឋា បានក្លាយជាម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូណេស៊ី បន្ទាប់ពីយកឈ្នះក្រុមថៃ ៧-៥ នៅវគ្គផ្តាច់ព្រ័ត្រ។

 
នាជំនួបទីលាន GOR Sritex Arena ក្រុងសូឡូ ក្រុមកីឡាការិនីជនពិការកម្ពុជា បានទទួលជ័យជម្នះទាំងបីប្រកួតនៅវគ្គជម្រុះ ដោយបើកឆាកឈ្នះឡាវ ១១-៥ ឈ្នះថៃ ៩-៨ និងឈ្នះហ្វីលីពីន ១៨-០។
 
ឈានដល់វគ្គផ្តាច់ព្រ័ត្រ កីឡាការិនី ឡាក់ សាវីរី, ដួង ច័ន្ទរក្សា, អាន ស៊ីណែត, ស៊ឹម និងសាន រដ្ឋា ត្រូវប៉ះក្រុមកីឡាការិនីថៃ Pimjai Putthanoi, Natnapa Ponin, Anurak Sirinikorn, Pornthip Kachunram និង Pawarati Jala សារជាថ្មី។ 
 
កម្ពុជាបានឈ្នះថៃក្នុងលទ្ធផល ៧-៥ ដើម្បីបានមេដាយមាស បន្ទាប់ពីក្រុមឡាវឈ្នះហ្វីលីពីន ៤-០ នាជំនួបដណ្តើមមេដាយសំរឹទ្ធ។
 
រីឯក្រុមបុរសដែលរួមមាន កីឡាករថាវ ថេត, ចក់ ចាន់, លន់ វណ្ណៈ, វ៉ាត ចំរ៉ុង និងញូង វិចិត្រ បានខកឱកាសឈ្នះមេដាយ ក្រោយចាញ់ឥណ្ឌូណេស៊ី ៩-៥ នាការប្រកួតដណ្តើមេដាយសំរឹទ្ធ។ នាវគ្គជម្រុះ ក្រុមបុរសកម្ពុជា បានចាញ់ថៃ ១៦-៤  បន្ទាប់មកបានយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ៨-៥ មុននឹងចាញ់ហ្វីលីពីន ២០-៤៕
 

Tag:
 ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com