ជាតិ
ទិវាឧទ្យានុរក្ស៖ អ្នកស្រី អៀវ ច្រឹប ប្តេជ្ញាការពារធនធានធម្មជាតិកម្ពុជា
31, Jul 2022 , 5:40 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងបរិស្ថានបានកំណត់យកថ្ងៃទី៣១ ខែកក្កដា រៀងរាល់ឆ្នាំ ជាទិវាឧទ្យានុរក្ស ដើម្បីជាការដឹងគុណដល់ភាពក្លាហាន និងការលះបង់របស់ឧទ្យានុរក្សគ្រប់រូប។ ឆ្នាំ២០២២ ជាទិវាឧទ្យានុរក្សលើកទី៦ហើយ ដោយការប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ២០១៧។ ឧទ្យានុរក្សជាច្រើន បានបង្ហោះសារអបអរសាទរទិវាឧទ្យានុរក្ស នៅគណនីយហ្វេសប៊ុករបស់ខ្លួន ហើយជាមួយគ្នានោះ គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន ក៏បានបង្ហោះវីដេអូអបអរសាទរផងដែរ។

 
មន្រ្តីឧទ្យានុរក្សជាច្រើន បានបង្ហោះសារអបអរសាទរទិវាឧទ្យានុរក្ស លើគណនីយហ្វេសប៊ុករបស់ខ្លួន អមជាមួយរូបភាព និងវីដេអូ អំឡុងពេលចុះល្បាត។ ជាមួយគ្នានោះ​ គណនីយហ្វេស​ប៊ុកឈ្មោះ San Savrith បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមានរូបលោក ជាមួយឧទ្យានុរក្សជាច្រើន ក្នុងឯកសណ្ឋានមន្រ្តីឧទ្យានុរក្ស ដោយអមជាមួយខ្លឹមសារ«អបអរសាទរទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ​ទិវាឧទ្យានុរក្សពិភពលោក បានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣១ កក្កដា ដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត បំពេញការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ពិភពលោក»។
 
ក្នុងនោះក៏មានអ្នកស្រី អៀវ ច្រឹប ម្នាក់ដែរ ដែលបានចូលរួមបង្ហោះសារនោះដែរ។ អ្នកស្រីបានបង្ហោះរូបភាពដើរល្បាតព្រៃ និងសកម្មភាពចុះអប់រំពលរដ្ឋតាមសហគមន៍អំពីសារៈសំខាន់នៃជីវចម្រុះ និងព្រៃឈើ អមជាមួយខ្លឹមសារ«អបអរសាទរទិវាឧទ្យានុរក្សពិភពលោក  ៣១ កក្កដា»។ 
 
អ្នកស្រី អៀវ ច្រឹប រួមជាមួយឧទ្យានុរក្សជាច្រើនរូបទៀត។ រូបភាពពីហ្វេសប៊ុកអ្នកស្រី អៀវ ច្រឹប

ទោះកំពុងរវល់កាតព្វកិច្ចក្នុងតំបន់ការពារ ដែលមិនសូវមានសេវាទូរសព្ទ ឧទ្យានុរក្សនារី រូបនេះ នៅតែខ្មីឃ្មាតឆ្លើយតបមកសារព័ត៌មាន ThmeyThmey25 ពីភាពរីករាយរបស់ខ្លួនចំពោះការងារតាមទូរសព្ទថា៖« ក្នុងនាមជាឧទ្យានុរក្សម្នាក់ ខ្ញុំពិតជាសប្បាយចិត្ត រីករាយ និងមានមោទនភាពខ្លាំងណាស់ ដែលបានរួមចំណែកថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។ សម្រាប់ជាឧត្តមប្រយោជន៍ប្រទេសកម្ពុជា និងពិភពលោក»។ 
 
ឧទ្យានុរក្សវ័យ២៩ឆ្នាំ ដែលមានភូមិសាស្រ្តក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រូបនេះ បានប្តេជ្ញាបន្តកិច្ចការងារ ការពារអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ។ ក្រៅពីនេះ ក៏មានកិច្ចសហការជាមួយអាជ្ញាធរ រួមទាំងអ្នកពាក់ព័ន្ធ ដើម្បីចុះអប់រំផ្សព្វផ្សាយដល់សាធារណជនអំពីសារសំខាន់នៃព្រៃឈើ ការអភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព។ 
 
ជាការពិតណាស់ ការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត របស់ឧទ្យានុរក្សគ្រប់រូបពិតជាមានតម្លៃឥតកាត់ថ្លៃបានឡើយ ក្នុងឆន្ទៈការពារព្រៃឈើក៏មានសារៈសំខាន់នៃកម្ពុជា។ មន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ពួតដៃគ្នាធ្វើការដោយស្វាហាប់ ក្នុងការដើរល្បាតព្រៃទាំងថ្ងៃទាំងយប់។ ឧទ្យានុរក្សគ្រប់រូប ត្រូវឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់ មកស្នាក់នៅក្នុងព្រៃជាច្រើនថ្ងៃ។ 
 
មន្រ្តីឧទ្យានុរក្ស អៀវ ច្រឹប ចុះអប់រំពលរដ្ឋអំពីសារៈសំខាន់នៃព្រៃឈើ និងជីវចម្រុះ។ រូបភាពពីហ្វេសប៊ុកអ្នកស្រី អៀវ ច្រឹប

ទន្ទឹមនឹងការឃ្លាតឆ្ងាយពីសាច់ញាតិ មន្ត្រីឧទ្យានុរក្សទាំងអស់ ក៏ប្រថុយជីវិតក្នុងដំណើររាប់សិបគីឡូរម៉ែត្រ ដើម្បីត្រួតពិនិត្យតំបន់ ដែលខ្លួនការពារ។ ការពុះពារដោយឥតខ្លាចហានិភ័យរបស់ឧទ្យានុរក្សទាំងអស់ ក្នុងបុព្វហេតុឃាត់ខាំងអំពើខុសច្បាប់នានា គឺជាគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយរៀនសូត្រតាម។ 
 
ការមើលថែធម្មជាតិ និងជីវចម្រុះទាំងអស់របស់មន្រ្តីឧទ្យានុរក្សគ្រប់រូប ប្រៀបដូចជាឪពុកម្តាយ ដែលតាមឃ្លាំមើលកូន មិនឱ្យជនខិលខូចមកប៉ះពាល់ ដោយហ៊ានបូជាទាំងជីវិត។ ជាការពិតណាស់ បើគិតត្រឹមឆ្នាំ២០២១ មានមន្រ្តីឧទ្យានុរក្ស២នាក់ បានស្លាប់ ក្នុងពេលបំពេញបេសកកម្ម។ ដោយសង្កេតឃើញពីសារៈសំខាន់ និងការលះបង់ដ៏មានតម្លៃរបស់មន្រ្តីឧទ្យានុរក្សគ្រប់រូប ក្រសួងបរិស្ថាន បានចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្ស លើកដំបូងនៅឆ្នាំ២០១៧។ 
 
ក្រសួងបរិស្ថាន បានប្រារព្ធទិវា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់ឧទ្យានុរក្សនៅកម្ពុជា និងជំរុញឱ្យសាធារណជនចូលរួមជាមួយឧទ្យានុរក្សក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។ លើសពីនេះ ក៏ដើម្បីជាដឹងគុណ និងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ៕ 
 

Tag:
 បរិស្ថាន
  ទិវាឧទ្យានុរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com