ជាតិ
សាលារៀនអន្តរជាតិ ILead ប្រើប្រាស់ចំណូលខ្លួន ជួយសាលាសហគមន៍ចំនួន៤២ ក្នុងខេត្ត៧
31, Jul 2022 , 10:00 pm        
រូបភាព
កម្មវិធីប្រគល់វិញ្ញាបនបត្រដល់ថ្នាក់មត្តេយ្យកម្រិតខ្ពស់
កម្មវិធីប្រគល់វិញ្ញាបនបត្រដល់ថ្នាក់មត្តេយ្យកម្រិតខ្ពស់
ភ្នំពេញ​៖ សាលារៀនអន្តរជាតិ ILead ជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមិនផ្តោតលើចំណូល ។ សាលានេះ បានផ្តល់ថវិកាបន្តទៅសាលាសហគមន៍ក្នុងខេត្តចំនួន៧ ដូចជា កណ្តាល តាកែវ ព្រៃវែង កែប កំពត សីហនុ និងកោះកុង។ ការបញ្ជូនកូនៗទៅសិក្សានៅសាលាILead ជាចំណែកមួយដែលបានជួយដល់កុមារក្រីក្រ នៅតាមសាលាសហគមន៍ ឱ្យទទួលបានការអប់រំល្អប្រសើរ សម្ភារៈសិក្សា និងការបណ្តុះបណ្តាលភាសាផងដែរ។​


សាលារៀនអន្តរជាតិ ILEAD នៅកម្ពុជា បង្កើតឡើងដោយអង្គការ អេដ អេ អាក់ ស្យុង ដែលមានមូលដ្ឋាននៅទីក្រុងជេននីវ៉ា ប្រទេសស្វីស។ ក្រោយសង្កេតឃើញពីតម្រូវការអប់រំចាំបាច់សម្រាប់កុមារតាមភូមិស្រុកនោះ អង្គការ អេដ អេ អាក់ ស្យុង​ និងសាលារៀនអន្តរជាតិILEAD បានបង្កើតសាលាសហគមន៍ក្នុងខេត្តចំនួន៧ ដើម្បីផ្តល់ការអប់រំឥតគិតថ្លៃដល់កុមារ។
 
ប្រាក់ចំណេញ ដែលបានមកពីសាលារៀនអន្តរជាតិ ILEAD ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់ជាអាហារបំប៉នដល់កុមារតូចចំនួន ២០០នាក់ ជាប្រចាំថ្ងៃផងដែរ ក៏ដូចជាសាងសង់កន្លែងលាងដៃចំនួន១៦៥ សម្រាប់ប្រើប្រាស់ផងដែរ។

 អ្នកស្រី ហ៊ី ឆេងលី និងកុមារី ស៊ីណូ ហាណា ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រដល់ថ្នាក់មត្តេយ្យកម្រិតខ្ពស់
បច្ចុប្បន្ន សាលាសហគមន៍មានចំនួន ៤២កន្លែង ក្នុងនោះមានបន្ទប់រៀនចំនួន ៥៤ ដោយកុមារ កម្ពុជាចំនួន ៦ ៥០០នាក់ បានទទួលសម្ភារៈសិក្សាគ្រប់គ្រាន់ និងកុមារចំនួន ១៧៥០នាក់ បានទទួលអាហារូបករណ៍សម្រាប់គាំទ្រការសិក្សា។
 
លោក វន សំភាស់ នាយកអង្គការ អេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា បានបានថ្លែងក្នុងពិធីបញ្ចប់ឆ្នាំសិក្សារបស់កុមារតូចៗ នៃសាលាមត្តេយ្យអន្តរជាតិILEAD នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ថា «យើងទាំងអស់គ្នារួមគ្នា ធ្វើឲ្យការរៀនសូត្រពោពេញដោយការលើកទឹកចិត្ត ការចូលរួម និងភាពសប្បាយរីករាយ កសាងពិភពលោកដ៏អស្ចារ្យមួយសម្រាប់កុមារ អាចលូតលាស់ និងរីកចំរើន»។ 
 
ក្នុងពិធីបញ្ចប់ការសិក្សាមានការចូលរួមជាច្រើនពីអាណាព្យាបាល និងសិស្សានុសិស្ស ដោយក្នុងនោះក៏មានអាណាព្យាបាល និងសិស្សានុសិស្ស មកពីសាលាសហគមន៍ផងដែរ។ កុមារី ស៊ីណូ ហាណា ជាសិស្សម្នាក់ក្នុងចំណោមកុមារា-កុមារីជាច្រើន ដែលពាក់អាវធំពណ៌ទឹកប៊ិច មានស្លាកសាលាILEADនៅលើទ្រូងឆ្វេង រួមទាំងពាក់មួកទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់មតេយ្យឈានចូលកម្រិតបឋមភូមិ។ 
 
ហាណា ជាកុមារី ដែលមកពីសាលាមតេយ្យសហគមន៍ ភូមិគរ ស្រុកស្អាង ខេត្តកណ្តាល។ នៅក្បែរកុមារីអាយុ៥ឆ្នាំរូបនេះ មានស្រ្តីវ័យ៣២ឆ្នាំម្នាក់ អង្គុយញញឹមបិតមាត់មិនជិតឡើយ។ ម្នាក់នោះ ជាអ្នកស្រី ហ៊ី ឆេងលី ដែលជាម្តាយរបស់កុមារីរូបស្រស់ខាងលើ។ អ្នកស្រីប្រាប់សារព័ត៌មានThmeyThmey25 ទាំងរីករាយថា៖«ខ្ញុំសប្បាយចិត្ត ពេលកូនរៀនពូកែ ជាប់លេខ១ ហើយបានអ្នកគ្រូអញ្ជើញមកទទួលសញ្ញាបត្រនៅភ្នំពេញ បានទទួលលិខិតសសើរ»។ 
 
អ្នកស្រីបានរម្លឹកថា ហាណា ទន្ទឹងរងចាំថ្ងៃទទួលសញ្ញាបត្រនេះទាំងសប្បាយចិត្ត ក្រោយទទួលបានការអញ្ជើញពីអ្នកគ្រូ។ នៅពីក្រោយភាពជោគជ័យជំហានដំបូងរបស់កុមារីសម្បុរស្រអែម ហាណា គឺមានការលើកទឹកចិត្ត និងជួយបណ្តុះបណ្តាលពីអ្នកម្តាយរូបនេះ។ 
 
«ខ្ញុំបានលើកទឹកចិត្តឱ្យខំរៀន បើសិនជាចង់ឡើងមកភ្នំពេញទទួលសញ្ញាបត្រ ដូច្នេះក៏ឃើញថាគាត់ខំរៀនមែន។ ម្យ៉ាងពេលខ្ញុំទៅយកគាត់ពីសាលា ខ្ញុំទៅមើលថាគាត់រៀនអ្វីថ្ងៃនេះ គ្រូឱ្យកិច្ចការងារផ្ទះអ្វី អ៊ីចឹងខ្ញុំក៏បង្រៀនគាត់ថែម»។ នេះជាការលើកឡើងរបស់អ្នកស្រី ហ៊ី ឆេងលី ជាម្តាយរបស់កុមារី ស៊ីណូ ហាណា។ 
 
ក្រៅពីបានផ្តល់ការបណ្តុះបណ្តាល ក៏ដូចជាផ្តល់ចំណេះដល់កុមារក្នុងសហគមន៍ សាលារៀនអន្តរជាតិ ILEAD ក៏បានផ្តល់ការងារ និងប្រាក់ចំណូលដល់លោកគ្រូ-អ្នកគ្រូ ក្នុងសហគមន៍ផងដែរ។ ប្តូរពីគ្រូបង្រៀនតាមផ្ទះដោយឥតកម្រៃ អ្នកគ្រូ ធិន យ៉ែម ក្លាយជាគ្រូមតេយ្យក្នុងសាលាសហគមន៍ ភូមិគរ។ 
 
រយៈ១២ឆ្នាំមកហើយ ដែលអ្នកគ្រូវ័យ៤៨ឆ្នាំរូបនេះ ប្រឡូកក្នុងវិស័យអប់រំ ដោយការអាណិតស្រលាញ់កុមារ។ ទឹកចិត្តស្រលាញ់កុមារ និងឆន្ទៈចង់បណ្តុះទំពាំងថ្មី​ឱ្យមានចំណេះដឹង អ្នកគ្រូ យ៉ែម ដាក់ចិត្តបង្រៀនក្មេងៗនៅផ្ទះ ដោយមិនយកថវិកាពីអាណាព្យាបាលសិស្សនៅឆ្នាំ ២០១០។ រហូតដល់ឆ្នាំ២០១៤ អ្នកគ្រូ ក៏បានចូលបង្រៀននៅសាលាសហគមន៍ភូមិគរ ដោយទទួលបានចំណូលក្នុង១ខែ ៦៧ម៉ឺនរៀន។

 អ្នកគ្រូ ធិន យ៉ែម ក្នុងពិធីបញ្ចប់ការសិក្សាថ្នាក់មតេយ្យ នៃសាលាអន្តរជាតិ ILEAD
«កាលពីមុនខ្ញុំបង្រៀននៅតាមផ្ទះ មានសិស្សប្រហែល១០នាក់ទេ តែពេលអង្គការគាត់ទៅមើល ឃើញខ្ញុំបង្រៀនតាមផ្ទះ គាត់ក៏សាងសងសាលាILEAD ឱ្យខ្ញុំមកបង្រៀន។ កូនសិស្សខ្ញុំក៏មកចុះឈ្មោះរៀន រហូតដល់ឥឡូវ ថ្នាក់ខ្ញុំមានសិស្សដល់ទៅ ៤២នាក់»។ នេះជាការលើកឡើងរបស់អ្នកគ្រូមតេយ្យ ធិន យ៉ែម នៃសាលាសហគមន៍ ភូមិគរ ដែលបានអញ្ជើញមកពិធីសិក្សារបស់កុមារតូចៗ នៃសាលាមត្តេយ្យអន្តរជាតិILEAD។
 
ស្ថិតក្នុងសំលៀកហូលផាមួង អាវស សំពតពណ៌បៃតងចាស់ អង្គុយ​មើលសិស្សរបស់ខ្លួនឡើងទទួលសញ្ញាបត្រដោយមានមោទកភាព អ្នកគ្រូបានឆ្លៀតបា្រប់សារព័ត៌មានថ្មីៗថា៖«ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញកូនៗទទួលសញ្ញាបត្រ»។ 
 
ជាការពិតណាស់ ការចេះដឹងរបស់សិស្សគ្រប់រូប កើតចេញពីការបង្រៀនយ៉ាងយកចិត្តទុកពីលោកគ្រូ-អុ្នកគ្រូម្នាក់ៗ។ លើសពីនេះ ការបង្រៀនកុមារតូចៗ គឺមិនងាយស្រួលឡើយ។ យ៉ាងណាមិញ អ្នកគ្រូមតេយ្យសម្បុរសណ្តែកបាយរូបនេះ មិនត្អូញត្អែរទេ តែបែរជារីករាយជាមួយកុមារទាំងនោះរៀងរាល់ព្រឹក។ អ្នកគ្រូបានលើកឡើងថា៖«យូរៗទៅទម្លាប់ អត់មានពិបាកទេ ចាត់ទុកគាត់ដូចជាកូន។ ពេលកូនណាខូច លួងគាត់បន្តិចអ៊ីចឹងទៅ ហើយពេលគាត់បាត់យំ ក៏បង្រៀនទៀតទៅ។ ធម្មតាហើយ អត់ពិបាកផង»។ 
 
បើតាមអ្នកគ្រូ យ៉ែម មុនពេលមានសាលាសហគមន៍ កុមារភាគច្រើនមិនបានទទួលការអប់រំពីក្មេងឡើយ ដោយអ្នកគ្រូសង្កេតឃើញថា កុមារទាំងនោះច្រើនដើរលេង និងមានឥរិយាបថ​ ក៏ដូចជាការនិយាយស្តីមិនសមរម្យឡើយ។ ចំណែកការបង្រៀនតាមផ្ទះរបស់អ្នកគ្រូ ក៏មិនសូវមានសិស្សចាប់អារម្មណ៍រៀនច្រើនដែរ។ 
 
ប៉ុន្តែ ក្រោយមានសាលាសហគមន៍ ឪពុកម្តាយបានបញ្ជូនកូនៗរបស់ខ្លួនមកសាលាច្រើន។ បើតាមអ្នកគ្រូយ៉ែម អាណាព្យាបាលសិស្សមានភាពកក់ក្តៅ ក្រោយកូនៗបានទទួលការអប់រំល្អ​ប្រសើរពីសាលា។ អ្នកគ្រូបានលើកឡើងពីភាពខុសគ្នាក្រោយកុមារទទួលបានការអប់រំដូច្នេះថា៖«កាលខ្ញុំអត់ទាន់បង្រៀន ពួកគាត់អត់ចេះជម្រាបសួរ អត់ចេះអរគុណទេ តែក្រោយបានរៀន គាត់ចេះអរគុណ ចេះសុំទោស ពេលធ្វើខុស»។
 
អ្នកគ្រូ ធិន យ៉ែម បង្រៀនចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០ព្រឹក រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយពេលទំនេរពីការបង្រៀន អ្នកគ្រូឆ្លៀតទៅធ្វើស្រែចម្ការបន្ថែម៕​
 

Tag:
 អប់រំ
  សាលាសហគមន៍
  សាលាអន្តរជាតិ Ilead
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com