កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ! ក្រុមបាល់ទាត់ស្ត្រីអង់គ្លេសឈ្នះពាន Euro ជាលើកដំបូង
01, Aug 2022 , 9:30 am        
រូបភាព
អង់គ្លេសបានបង្កើតប្រវត្តិសាស្ត្រថ្មីបន្ទាប់ពីក្រុមកីឡាបាល់ទាត់ស្ត្រីឈ្នះជើងឯក Euro ឆ្នាំ២០២២ ជាលើកដំបូង តាមរយៈការយកឈ្នះគូប្រជែងចាស់អាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅ Wembley។

 
ក្រោមក្រសែភ្នែកអ្នកទស្សនាដ៏ច្រើនចំនួន ៨៧១៩២នាក់ ជាកំណត់ត្រាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ស្ត្រីពានរង្វាន់ទ្វីបអឺរ៉ុបនៅយប់ថ្ងៃទី៣១ ខែកក្កដា កីឡាការិនី Ella Toone ដែលទើបប្តូរចូលនៅនាទី៥៥ បានសម្រេចគ្រាប់បាល់នាំមុខឱ្យអង់គ្លេសនៅនាទី៦២។
 
១៧នាទីក្រោយ អាល្លឺម៉ង់រកបានគ្រាប់តាមស្មើវិញ តាមរយៈការស៊ុតបញ្ចូលទីរបស់ Lina Magull។ បញ្ចប់ការប្រកួត៩០នាទីក្រុមទាំងពី ១-១ និងតម្រូវបន្ថែមម៉ោង១៥នាទីពីរដងដើម្បីរកឈ្នះចាញ់។
 
កីឡាការិនីបម្រុងទីពីររបស់អង់គ្លេស Chloe Kelly ជាអ្នកសម្រេចគ្រាប់ជ័យជម្នះនៅនាទី១១០ ដើម្បីជួយក្រុមតោកំណាចយកឈ្នះឥន្ទ្រីដែកក្នុងលទ្ធផល ២-១។


 
ជ័យជម្នះនេះបានជួយក្រុមស្ត្រីអង់គ្លេសគ្រងជើងឯក​ទ្វីបអឺរ៉ុបនៅឆ្នាំ២០២២ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត និងជាការសងសឹកក្រុមអាល្លឺម៉ង់បានសម្រេចផងដែរ។ អង់គ្លេសធ្លាប់បានត្រឹមរងជើងឯក Euro នៅឆ្នាំ២០០៩ ក្រោយចាញ់អាល្លឺម៉ង់ដែលជាម្ចាស់ជើងឯក៨ម័យកាល ច្រើនជាងគេនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៦-២។
 
នេះក៏មានន័យថា ជារយៈពេល ៥៦ឆ្នាំក្រោយ បន្ទាប់ពីក្រុមបុរសអង់គ្លេសបានយកឈ្នះអាល្លឺម៉ង់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក World Cup ដែលធ្វើឡើងក្នុងប្រទេសអង់គ្លេសឆ្នាំ ១៩៦៦ ផងដែរ៕
 

Tag:
 Euro 2022
© រក្សាសិទ្ធិដោយ thmeythmey.com