អត្ថបទពាណិជ្ជកម្ម
ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៣៩ និងទី៤០ ក្រោមឧបត្ថម្ភពីមូលនិធិកូកា-កូឡា ត្រូវបានដាក់​ឱ្យប្រើប្រាស់
01, Aug 2022 , 2:39 pm        
រូបភាព
​កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២៖ ​មូលនិធិ Planet Water បានតម្លើងប៉ម​ចម្រោះ​ទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan នៅ២ទីតាំង ដែលប៉មទី៣៩ ស្ថិតនៅ​សាលាបឋមសិក្សា ​និងអនុវិទ្យាល័យពោធិ៍ ក្នុងខេត្តកំពង់ឆ្នាំង និងប៉មទី៤០ ស្ថិតនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ក្នុងខេត្តពោធិ៍សាត់។ សមិទ្ធផលនេះ បានផ្តល់ជូន​​សហគមន៍នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំង​កម្មវិធីអប់រំសុខភាពអនាម័យ។ ​នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភ​គាំទ្រពី​មូលនិធិកូកា-កូឡា​​ (The Coca-Cola Foundation)។
មូលនិធិកូកា-កូឡា គឺ​ជា​ស្ថាប័ន​សប្បុរសធម៌​សាកល​​ របស់​ក្រុមហ៊ុនកូកា-កូឡា ដែលបាន​ផ្តល់​ជំនួយ​ដល់មូលនិធិ Planet Water ដើម្បី​ដាក់​ពង្រាយ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers និងម៉ាស៊ីនអនាម័យ AquaSans ទាំងនេះ ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។
  


លោក​ស្រី Saadia Madsbjerg ប្រធាន​មូលនិធិកូកា-កូឡា មាន​ប្រសាសន៍​ថា៖ «មូលនិធិកូកា-កូឡា មាន​ប្រវត្តិ​យូរ​អង្វែងមក​ហើយ ​នៅទូទាំងពិភពលោក ក្នុងការគាំទ្រ​​គម្រោងនានា​ លើកិច្ច​ការពារ ​និងផ្តល់​លទ្ធភាព​ទទួល​បានធនធានទឹកស្អាត សម្រាប់ប្រើប្រាស់។ នៅប្រទេស​កម្ពុជាវិញ យើង​មាន​មោទកភាព​ ដែល​ការឧបត្ថម្ភ​គាំទ្រ​របស់​យើង ​ដល់​មូ​លនិធិ Planet Water នឹង​អាច​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​ពិសា ​​ប្រកប​ដោយ​សុវត្ថិភាព ​និងឥត​គិត​ថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះ នឹង​គ្របដណ្តប់នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​គិតត្រឹមបំណាច់​ឆ្នាំ​២០២២នេះ »។ 
  


បច្ចេក​វិទ្យា​ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTower របស់​មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់​បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារ​បង្ករោគ និង​សារធាតុ​កខ្វក់​ផ្សេង​ទៀត ​ដែល​ធំ​ជាង ០,០១ មីក្រូន ហើយ​ផ្តល់​ឱ្យ​កុមារ និងប្រជា​​សហគមន៍នូវ​ទឹក​ស្អាត​ សម្រាប់​បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់​តាំង​ពី​ឆ្នាំ២០១៦មក តាម​រយៈ​ការ​គាំទ្រ​ពី​មូលនិធិកូកា-កូឡា មូលនិធិ Planet Water បាន​សាង​សង់ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន៣៨ និង​ផ្តល់អត្ថ​​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង ៦៧ ៨០០​នាក់ ក្នុង​ខេត្ត​ចំនួន ២២ នៅ​ទូទាំង​ប្រទេស​កម្ពុជា។
គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២នេះ យើងនឹងអាចសម្រេចបានប៉ម​ចម្រោះ​ទឹក​ស្អាត AquaTowers ចំនួន​៤១ នៅ​គ្រប់​ខេត្ត​ទាំង​អស់នៅ​ទូទាំង​​​ប្រទេសកម្ពុជា ដោយ​ផ្តល់ជូន​​សហគមន៍ នូវប្រព័ន្ធចម្រោះ​ទឹក​ស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
 


ក្រៅ​ពី​​ទឹក​ស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​​ផ្តល់​​ជូន​​សាលារៀន និង​​សហគមន៍​​​ជនបទ​​នូវ​​​កន្លែង​លាង​​សម្អាត​​ដៃ និង​​អនាម័យ​​ផង​​ដែរ។ កន្លែង​​លាង​​ដៃ​​ត្រូវ​បាន​​បំពាក់​ទៅ​នឹងតួ​ប៉ម​​ចម្រោះ​ទឹកស្អាត ​AquaTower នីមួយៗ ហើយ​​បម្រើ​​ជា​​ធនធាន​​អនាម័យ​​សំខាន់​មួយ​ដល់​​សាលា​រៀន ដោយ​កន្លែង​លាង​ដៃ​នីមួយៗ​មាន​ផ្តល់​ជូន​​​ឧបករណ៍ ដាក់​​​​សាប៊ូលាងដៃ និង​បដា​ផ្ទាំង​ផ្សព្វ​ផ្សាយ​​ អម​ដោយសារ​​​​​យល់ដឹង​អំពីការ​លាង​ដៃ និង​ការ​អនុវត្ត​ល្អ​បំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
 
គម្រោង​នេះ ​ក៏មាន​​កម្មវិធី​អប់រំ​អនាម័យ ដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ​។ កម្មវិធីនៅ​តាម​សាលារៀន និង​សហគមន៍ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង​ ក្នុង​​​បំណង​អប់រំ និង​ផ្តល់សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូរគោលគំនិត និង​អាកប្បកិរិយា ចំពោះសុខភាព​ទឹក ​និង​អនាម័យ។


 
ថ្លែងក្នុងពិធីសម្ពោធនៅ​សាលាបឋមសិក្សា ​និងអនុវិទ្យាល័យពោធិ៍ ក្នុងខេត្តកំពង់ឆ្នាំង លោកស្រី ទន់ សាអ៊ីម​​ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ « ការអភិវឌ្ឍប្រទេសចាំបាច់ ត្រូវការធនធានមនុស្សប្រកបដោយសមត្ថភាព ប៉ុន្តែបើមានសុខភាពមិនល្អ វានឹងក្លាយជាឧបសគ្គមួយដល់ការអភិវឌ្ឍ។ ការផ្តល់មធ្យោបាយណាមួយ ដែលជួយឱ្យសិស្ស និងប្រជាពលរដ្ឋ ឈានទៅរកការមានសុខភាពល្អ ពិតជាការចូលរួមចំណែកដ៏ធំធេង ដល់ការអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា មូលនិធិកូកា-កូឡា អង្គការមូលនិធិPlanet Water ដែលបានតម្លើង និងផ្តល់ជូនសម្ភារទាំងអស់នេះ ដល់សាលារៀន និងសហគមន៍មូលដ្ឋាន និងសូមកោតសរសើរដោយស្មោះ ដល់ភាគីពាក់ព័ន្ធទាំងអស់ »។
 
ឯនៅក្នុងពិធីសម្ពោធនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ក្នុងខេត្តពោធិ៍សាត់ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា៖«ការផ្តល់ជូននូវប៉មចម្រោះទឹក ដោយមូលនិធិកូកា-កូឡានាថ្ងៃនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយការចំណាយ លើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់សិស្សានុសិស្ស ក៏ដូចជាសហគមន៍នៅក្នុងមូលដ្ឋាន ដោយពួកគាត់អាចទទួលបានទឹកស្អាត សម្រាប់ពិសាទាំងនៅសាលារៀន និងអាចយកទៅប្រើប្រាស់នៅតាមផ្ទះផងដែរ។ ខ្ញុំ​ពិតជាសាទរ និងថ្លែងអំណរគុណ ដល់ក្រុមហ៊ុនកូកា-កូឡា​កម្ពុជា និងអង្គការដៃគូ ដែលបានធ្វើឱ្យគម្រោងនេះលេចជារូបរាងឡើង »។


 
លោក Mark Steele ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​មូលនិធិ Planet Water បាន​មាន​ប្រសាសន៍​ថា៖ « ខ្ញុំសូមថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ ចំពោះ​ការ​គាំទ្រដែល​យើង​បាន​ទទួល និង​បន្ត​ទទួលបាន​ពី​អ្នកឧបត្ថម្ភ និង​ដៃគូសា​ជីវកម្ម​របស់​យើង រួម​ទាំង​មូលនិធិកូកា-កូឡាផង​ដែរ »។ លោក​បន្ថែមថា៖ « ឥទ្ធិពល​​ដែល​យើង​ កំពុង​បង្កើត មិន​អាច​វាស់​បាន​ដោយ​តួលេខ​នោះ​ទេ តែតាម​រយៈ​ការ​នាំយក​ទឹក​ស្អាត ​ទៅ​កាន់​សហគមន៍​ដែល​ខ្វះ​ខាត ពួក​យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​សុខភាព និង​គុណភាព​ជីវិត​សម្រាប់​បុគ្គល​រាប់​ពាន់​នាក់ ដែល​ឥឡូវ​នេះ ​ពួកគាត់អាច​បង្វែរ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន ​ទៅកាន់​ទិដ្ឋភាព​ផ្សេង​ទៀត​ នៃ​ជីវិត​​ ជំនួស​ឱ្យ​ការ​នៅតែ​បន្ត​បារម្ភ​អំពី​​​បញ្ហា​ប្រឈម​នេះ »។
 
សូមជម្រាបជូនផងដែរថា ចាប់​តាំង​ពី​ឆ្នាំ​២០១០មក មូលនិធិកូកា-កូឡា បាន​បរិច្ចាគថវិកា​ជាង១៣​លាន​ដុល្លារ ​ដល់​កិច្ចសហប្រតិបត្តិការ​ទឹកនានា ​​នៅ​ក្នុងបណ្តា​ប្រទេសនានា​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​៕
 




(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com