មីស៊ីលរុស្ស៊ី បានវាយលុកកំពង់ផែភាគខាងត្បូងរបស់អ៊ុយក្រែន Mykolaiv នៅថ្ងៃទី៣១ ខែ កក្កដា ដែលបានបណ្ដាលឱ្យម្ចាស់ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានស្លាប់។ ស្របគ្នានេះ សមាជិកសភារុស្ស៊ីម្នាក់ បានចោទអ៊ុយក្រែនពីការណ៍ដែលដ្រូនមួយបាន វាយប្រហារមូលដ្ឋានទ័ពជើងទឹកសមុទ្រខ្មៅរុស្ស៊ីនៅ Sevastopol។
អភិបាលក្រុង Mykolaiv លោក Vitaliy Kim បានលើកឡើងក្រុងប្រព័ន្ធបញ្ជូនសារ Telegram នៅថ្ងៃទី៣១ ខែកក្កដាថា លោក Oleksiy Vadatursky ស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនកសិកម្ម Nibulon ដ៏ធំមួយរបស់អ៊ុយក្រែន និងព្រមទាំងភិរិយាលោកស្រី Raisa បានស្លាប់នៅផ្ទះរបស់ពួកគេក្រោយមានការបាញ់មីស៊ីលពីសំណាក់កងកម្លាំងរុស្ស៊ីលើតំបន់កំពង់ផែភាគខាងត្បូង Mykolaiv។
បន្ថែមពីនេះ ចៅហ្វាយក្រុង Mykolaiv លោក Oleksandr Senkevych បានរាយការណ៍ពីការ វាយប្រហារមីស៊ីលដោយកងកម្លាំងរុស្ស៊ីដែលមានជាង ១២លើកដែលចំនួននេះ ជាការបាញ់ ដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងអំឡុងសង្គ្រាម ៥ ខែមកនេះ។ នៅល្ងាចថ្ងៃដដែលនោះ លោកបញ្ជាក់ថា ការវាយប្រហារបានបន្តឡើងវិញ តែលោកមិនបានរាយការណ៍ពីជនរងគ្រោះ និងការខូតខាតនោះឡើយ។
ចំពោះការស្លាប់របស់លោក Vadatursky ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេន ស្គី បានចាត់ទុកថាជាការបាត់បង់ដ៏ធំធេងមួយសម្រាប់អ៊ុយក្រែន ដោយសារលោក Vadatursky បានជួយសាងសង់ និងទ្រទ្រង់ទីផ្សារគ្រាប់ធញ្ញជាតិទំនើបជាមួយនឹងបណ្តាញ នៃស្ថានីយដឹកជញ្ជូនផងដែរ។
«មនុស្សទាំងនេះ និងក្រុមហ៊ុនភាគខាងត្បូងទាំងនេះ បានធានាសន្តិសុខ និងស្បៀងអាហាររបស់ពិភពលោក»។ លោកហ្សេលេនស្គីបានសង្កត់ធ្ងន់បែបនេះតាមរយៈសារវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គមនៅយប់ថ្ងៃទី៣១ ខែកក្កដា។
នៅថ្ងៃដដែលអភិបាលតំបន់ Sevastopol លោក Mikhail Razvozhayev បានអះអាងថា អ៊ុយក្រែនបានបញ្ជូនដ្រូនវាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅ ហើយការនេះ បានបង្ខំឱ្យរុស្ស៊ីត្រូវលុបចោលការប្រារព្ធទិវាកងទ័ពជើងទឹកនៅតំបន់គ្រីមេដែលរុស្ស៊ីកាន់កាប់។
សមាជិកព្រឹទ្ធសភារុស្ស៊ីម្នាក់នៅគ្រីមេ បាននិយាយថាដ្រូននោះ បានបាញ់បង្ហោះចេញពីក្នុងទីក្រុង Sevastopol ហើយជនល្មើសត្រូវបានរកឃើញនៅពេលល្ងាច។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន លោក Serhiy Bratchuk បានបដិសេធការចោទនេះ ហើយចោទទៅវិញថា រុស្ស៊ីព្យាយាមបង្កហេតុ។
គួរបញ្ជាក់ថា នៅតំបន់ផ្សេងៗនៅអ៊ុយក្រែន កងកម្លាំងរុស្ស៊ីក៏បានបន្តការវាយប្រហារផងដែរ រួមទាំងទីក្រុង Sumy ដែលកសិដ្ឋានមួយបានរងការខូចខាត ហើយវាលស្រូវចំនួន ២៥ហិកតា ត្រូវបានបំផ្លាញ។ លោកហ្សេលេនស្គីបានសង្កត់ធ្ងន់ថាអ៊ុយក្រែនអាចប្រមូលផលស្បៀង អាហារបានតែពាក់កណ្តាលនៃចំនួនធម្មតារបស់ខ្លួននៅឆ្នាំនេះ ដោយសារតែការលុកលុយ របស់រុស្ស៊ី។
តាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១ ខែសីហា ក្រសួងការពារជាតិតួកគី បានប្រាប់ថា នាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិលើកដំបូង បានបើកចេញពីកំពង់ផែអ៊ុយក្រែនហើយ បន្ទាប់ពីកិច្ចចរចាជាច្រើនលើក។ ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញជាលើកដំបូងនេះ នឹងជួយសម្រាលបន្ទុកទីផ្សារសកល ក៏ដូចជាឈានទៅដល់ការកាត់បន្ថយតម្លៃគ្រាប់ធញ្ញជាតិផងដែរ។ នាវាដំបូងនេះ បានដឹកពោតចេញចំនួន ២៦០០០តោន៕