ជាតិ
រថយន្ត
លោក Dara នឹងជួសជុលឡានបុរាណម៉ាកឡាដា ប្រភេទនីវ៉ាដ៏ទាក់ទាញ ឱ្យអាចបើកបរជាប្រ​ចាំបាន
01, Aug 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ លោក DK Dara ទើបទិញបានរថយន្ត ឡាដា ប្រភេទ នីវ៉ា ម៉ូឌែល ១៦០០ ដែលអាយុប្រហែល៤០ ក្រោយពីតាមអង្វរម្ចាស់មុនរបស់វា អស់ពេលជាច្រើនឆ្នាំ។   លោក លឹម សម្បូរ ​​ជា​ម្ចាស់​ឡានម៉ាក​សូវៀត ឡាដា នេះពីមុន។ ដ្បិតតែគាត់ទុកវាចោលលែងប្រើប្រាស់ទៀត ប៉ុន្តែគាត់​នៅ​តែស្រលាញ់យាន​បុរាណ​នោះ​ពេកណាស់។ ប៉ុន្តែដោយ​លោក Dara ទទូចសុំទិញពេក ទើបលោក សម្បូរ ដាច់ចិត្ត​​លក់ ​ព្រោះ​គាត់​ឃើញ​ថា លោក Dara ក៏ស្រលាញ់ ឡាដា នីវ៉ា នោះ​ណាស់ដែរ។ ​ក្រោយការព្រមព្រៀងទិញ-លក់ហើយ ​លោក Dara ជួល​រថយន្ដ​ធុនធ្ងន់មួយដើម្បីដឹក​ឡាន​ពីឆ្នាំ​១៩៧៩នោះ ទៅយានដ្ឋាន​របស់​ខ្លួន នៅ​រាជធានី​​ភ្នំពេញ​។ ដល់​ម៉ោង​ដូរ​ម្ចាស់ លោក សម្បូរ ព្យាយាម​មិន​ហូរ​ទឹក​ភ្នែក។ នោះគាត់​នឹករឭកអនុស្សាវរីយ ដែល​រយៈ​ពេល​យូរ​ឆ្នាំ​គាត់ជិះ ឡាដា នីវ៉ា។ មុខឡាននេះ យើង​ថត​រូប​មួយ​ម៉ុស្តិ៍ទាំងអស់គ្នា ជាមួយកូនៗរបស់​លោក សម្បូរ និង​អ្នកបើកបររថយន្ដ​ធុនធ្ងន់​ទៀត។ ​
 
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ពីដើម រថយន្ដ ឡាដា នីវ៉ា នេះ មានទ្រង់ទ្រាយ​ពណ៌ស ហើយ​កង់ និង​កញ្ចក់​ឆ្លុះមិន​បាន​បាញ់ថ្នាំទេ។ លោក​ សម្បូរ​ បាន​ទិញ​វាឆ្នាំ​២០០៧ ​ពី​ជនបរទេស​ម្នាក់ ដែលលែង​ប្រើ​វា។ លោក សម្បូរ បាន​ជួសជុល​វា​ខ្លះ។​ ឡាដា នីវ៉ា នេះ បំពាក់​ម៉ាស៊ីន​ម៉ាក​ជប៉ុន នីសាន វិញ។ វាខ្ពស់ជាង​ដើម​បន្តិច ក៏ប៉ុន្តែ​ដែកកាង​ខាង​មុខ​វា​ទាបជាងដើមវិញ!
 
រថយន្ដ​ ឡាដា នីវ៉ា ជំនាន់​ទី​មួយ មាន​លេខ​កូដ​ក្រុមហ៊ុន ВАЗ-2121 ។ ВАЗ គឺ​ឈ្មោះ​ក្រុមហ៊ុន ជាអក្សរ​កាត់​រុស្ស៊ី។ ប្រភេទ​ឡាន នីវ៉ា ជំនាន់​ទី​មួយ ត្រូវបានផលិតក្នុង​រោងចក្រ​ផ្សេងៗ​ ស្ថិត​នៅ​សហភាព​សូវៀត ប្រទេសហ៊្សកដានី ប្រទេស​អេក្វាទ័រ ប្រទេសរូម៉ានី ប្រទេស​អ៊ុយក្រែន ប្រទេសអេហ្ស៊ីប ប្រទេសអ៊ុយរូហ្គាយ ប្រទេសក្រិក និង​ប្រទេស​កាហ្សាក់ស្ថាន ​ពីឆ្នាំ១៩៧៧ រហូត​ដល់​ឆ្នាំ១៩៩៦។ ត្រូវបាន​ឈប់​ផលិត ឡាដា នីវ៉ា ១៦០០ ត្រឹម​ឆ្នាំ​១៩៩៣។ រហូតមក​ដល់​សព្វថ្ងៃ​នេះ ឡាដា នៅតែ​ផលិត​រថយន្ដប្រភេទ នីវ៉ា តទៀត។ ពី​ដំបូង រហូតដល់​ជំនាន់​បច្ចុប្បន្ន (ទី៥) ឡាដា បាន​ផលិតប្រភេទ នីវ៉ា អស់ ពីរលាន​គ្រឿង។
 
ក្រុមហ៊ុនរថយន្ដរុស្ស៊ីឈ្មោះ АвтоВАЗ បានបង្កើតឡើងម៉ាក ឡាដា នៅឆ្នាំ១៩៦៦ ហើយក្រុមហ៊ុននេះ បានក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធបារាំង RENAULT តាំងពីឆ្នាំ២០១៤មក៕
 
 


















Tag:
 យានយន្ត
 រថយន្ត
 ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com