រថយន្ត
អន្តរជាតិ
«រថយន្តចេកដ៏វែងបំផុត» ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​សកម្មភាព​កម្សាន្ត និង​សប្បុរសធម៌
01, Aug 2022 , 8:19 pm        
រូបភាព
ដោយ: ធីតា
កាលពីឆ្នាំ២០០៩ លោក Steve Braithwaite ដែល​មាន​កំណើត​នៅ​ចក្រភពអង់គ្លេស បាន​ផលិត​ «រថយន្ត​ចេកដ៏ធំ» (Big Banana Car) តែមួយ​គត់នៅ​លើពិភពលោក។ ពីរឆ្នាំក្រោយមក រថយន្តនេះ ក៏ត្រូវបាន​សៀវភៅ​កំណត់ត្រា Guinness World Records ទទួលស្គាល់ជាផ្លូវ​ការជា​រថយន្តចេកដ៏វែងជាងគេ​លើ​ពិភពលោក។



 
មាន​ប្រវែង ៦,៩៧ម៉ែត្រ និង​កម្ពស់​ ៣,០៩ម៉ែត្រ រថយន្តចេក (banana car) ត្រូវ​បាន​ផលិតឡើង​តាមគំរូ​រថយន្ត pick-up Ford F-150 ឆ្នាំ១៩៩៣ ដោយ​លោក Steve ចំណាយពេល​សរុប​អស់៣​ឆ្នាំ ហើយបុរស​ដែលលំនៅ​ដ្ឋាន​អចិន្ត្រៃយ៍នៅ​រដ្ឋ Michigan សហរដ្ឋអាម៉េរិក រូបនេះ បានអះអាងថា វាជារ​ថយន្ត​ចេក តែមួយ​គត់​លើ​ពិភពលោក។
 


រថយន្តចេករបស់​លោក Steve មាន​ល្បឿន​ដល់​១៣៦,៧៩គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ហើយ​អាច​ផ្ទុក​មនុស្ស​៣នាក់អង្គុយនៅពីក្រោយ​អ្នក​បើក​បរ និងមាន​ប្រវត្តិ​បើក​បរ​ឆ្លងកាត់​ផ្លូវធំៗច្រើន​នៅ Michigan, Miami (Florida), Houston (Texas), Providence (Rhode Island) ក៏ដូចជាតំបន់ផ្សេងទៀត។
 

យោងតាមការ​ផ្សាយ​របស់ Guinness World Records កាលពីឆ្នាំ​២០១១ រថយន្តចេកវែងជាងគេ​បំផុត (Longest Custom Banana Car) នេះ មាន​តម្លៃប្រមាណ​២៥០០០ដុល្លារអាម៉េរិក ប៉ុន្តែ​លោក Steve មិនមែន​ផលិតឡើង​សម្រាប់អាជីវកម្មនោះឡើយ។
 
បច្ចុប្បន្ន ក្រៅពី​ដំណើរ​កម្សន្តដើម្បីភាព​សប្បាយ​រីករាយ លោក Steve Braithwaite ប្រើ​ប្រាស់រថយន្តចេក​របស់​ខ្លួន​ក្រោមហេតុ​ល្អជាច្រើន ជាពិសេស​សកម្ម​ភាព​រៃអង្គាស​ថវិកា​សប្បុរសធម៌ រួមទាំងយុទ្ធនាការលើក​កម្ពស់​ការអាន​សម្រាប់កុមារ៕
 






 

© រក្សាសិទ្ធិដោយ thmeythmey.com