ជាតិ
រថយន្ត
៦ឆ្នាំនេះ សមត្ថកិច្ចរឹបអូសរថយន្ត និងម៉ូតូរាប់ពាន់គ្រឿង ពីបទល្មើសព្រៃឈើ
01, Aug 2022 , 8:39 pm        
រូបភាព
ដោយ៖ ញឹក សំអូន

មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី បានបង្ក្រាប និងដកហូតរថយន្ត ម៉ូតូ និងរណាយន្តរាប់ពាន់គ្រឿង យកទៅរក្សាទុក និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធី។ វត្ថុតាំងទាំងនោះ គិតចាប់ពីឆ្នាំ២០១៦មក រហូតដល់បច្ចុប្បន្ន។

 
លោក ហាន សាខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានឱ្យដឹងថា រថយន្តកែច្នៃរាប់ពាន់គ្រឿង ត្រូវបានដកហូត និងរក្សាទុកនៅការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ។ ចំណែករថយន្តមួយចំនួន ត្រូវបានដោះស្រាយរួចរាល់ និងខ្លះទៀត កំពុងរង់ចាំនីតិវិធីរបស់តុលាការ។ 


 
ប្រធានការិយាល័យដែនជំរកសត្វព្រៃកែវសីមារូបនេះ លើកឡើងថា វត្ថុតាំងទាំងនោះ ត្រូវបានតុលាការដំណើរការកាត់ក្ដីរួចរាល់ នឹងប្រគល់ទៅមន្ទីរបរិស្ថានខេត្ត ដើម្បីបន្តនីតិវិធីដាក់ដេញថ្លៃ យកថវិកាចូលរដ្ឋ។ ប៉ុន្តែរថយន្តខ្លះមិនអាចដាក់ដេញថ្លៃបានទេ ព្រោះនៅជាប់សុំណុំរឿងនៅឡើយ។
 
លោក ហាន សាខន បានបញ្ជាក់បែបនេះ ៖« សំណុំរឿងខ្លះ អត់រឹបអូសជាមធ្យោបាយទេ តែរឿងខ្លះអាចរឹបអូសជាមធ្យោបាយរថយន្ត អ៊ឹចឹងពេលតុលាការដោះស្រាយរួចរាល់ ហើយអាចសម្រេចថាវត្ថុតាំងដាក់ដេញថៃ្លបាន យើងនឹងដាក់ដេញថ្លៃ»។
 
៧ខែឆ្នាំ២០២២នេះ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បង្ក្រាបបទល្មើសបានចំនួន ៤៩ករណី ក្នុងនោះ ៤៥ករណី ត្រូវបានបញ្ជូនទៅតុលាការ និង ៤ករណី ត្រូវបានពិន័យអន្តរការណ៍ ហើយសម្រេចឃុំខ្លួនជនសង្ស័យចំនួន ១៥នាក់។ ចំពោះវត្ថុតាំងដែលដកហូតបានរួមមាន រថយន្ត ១៤គ្រឿង, ម៉ូតូ ៧៦គ្រឿង, គោយន្ត ៦គ្រឿង, រណាយន្ត ១៨១គ្រឿង, ឈើជាង ៩៣ម៉ែត្រគីប និងអន្ទាក់ជាង ២៧១អន្ទាក់។ នេះបើតាមលោក ហាន សាខន។
 
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសធនធានធម្មជាតិ ជាពិសេសការកាប់ឈើ និងការដឹកជញ្ជូនមិនមានបែបទ្រង់ទ្រាយធំទៀតទេ តែអាចនៅមានទ្រុងទ្រាយតូចៗ ដែលដឹកតាមម៉ូតូខ្លះ។ យ៉ាងណាមិញក្រសួងនៅតែបន្ត អនុវត្តវិធានការណ៍ឱ្យបានតឹងរ៉ឹងបំផុត សម្រាប់ជនល្មើសលួចកាប់ និងដឹកឈើទាំងនោះ។


 
លោក ភក្ក្រា បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលធ្លាប់តែអាស្រ័យផល តាមរយៈការកាប់ព្រៃឈើ បរបាញ់សត្វ ដើម្បីជីវភាពគ្រួសារ ពួកគេបានកែប្រែឥរិយាបថពីការចូលព្រៃកាប់ឈើ ចាប់សត្វព្រៃងាកមកបង្កបង្កើនផលកសិកម្ម និងទទួលផលពីវិស័យទេសចរណ៍វិញ។
 
«ការបង្កើតការងារថ្មីដល់ប្រជាពលរដ្ឋជំនួសការចូលព្រៃកាប់ឈើ បរបាញ់សត្វ ដាក់អន្ទាក់ មានសារៈសំខាន់ណាស់ ក្នុងការជំរុញការលើកកំពស់ការងារអភិរក្សធនធានធម្មជាតិ»។ នេះបើតាមលោក នេត្រ ភក្រ្កា។
 
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទម្លាក់ចោលទម្លាប់ការចូលកាប់ឈើ បរបាញ់សត្វ ដើម្បីចាប់យករបរថ្មី ពោលគឺសំដៅលើការចូលរួម និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ លោកបន្តថា ពលរដ្ឋត្រូវរក្សាឈើឈរ ដើម្បីរកចំណូលពីការលក់ឥទានកាបូន និងរកចំណូលតាមរយៈប្រព័ន្ធអេកូទេសចរណ៍។


 
សូមជម្រាបថា ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីសរុប ២៩២,៦៩០ហិកតា ដែលមានព្រំប្រទល់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រិច, ខាងត្បូង និងខាងកើតជាប់ប្រទេសវៀតណាម និងមួយផ្នែកទៀតជាប់ខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្ដប់ដោយប្រភេទព្រៃស្រោង ព្រៃចម្រុះ និងព្រៃរបោះ។ ក្នុងនោះ មានសត្វព្រៃច្រើនជាង ១០០០ប្រភេទ ថនិកសត្វ ៩៤ប្រភេទ (២២ប្រភេទ កំពុងរងការគម្រាមកំហែង), បក្សីចំនួន ៣៥៦ប្រភេទ (១៧ប្រភេទ រងការគម្រាមកំហែង), ល្មូនមាន ៥៤ប្រភេទ(៩ប្រភេទ រងការគម្រាមកំហែង), សត្វល្អិតមាន ៧៥ប្រភេទ, ដើមឈើ និងរុក្ខជាតិចំនួន ២៦៧ប្រភេទ(២០ប្រភេទ រងការគម្រាមកំហែង)៕
 




 
 
 

Tag:
 បទល្មើសព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com