ជាតិ
ដើមកោងកាងទឹកប្រៃ ប្រឈមនឹងបាត់បង់ ដោយសារកត្តាមនុស្ស និងធម្មជាតិ
01, Aug 2022 , 10:59 pm        
រូបភាព
សកម្មភាពការដាំដើមកោងកាង ក្នុងសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ រូបភាពក្រសួងបរិស្ថាន។
សកម្មភាពការដាំដើមកោងកាង ក្នុងសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ រូបភាពក្រសួងបរិស្ថាន។
កម្ពុជា មានដើមកោងកាងទឹកប្រៃ នៅក្នុងខេត្តចំនួន៤ រួមមាន កំពត កែបកោះកុង និងព្រះសីហនុ។ ប៉ុន្តែដើមកោងកាងកំពុងប្រឈមនឹងបាត់បង់ ដោយសារកត្តាមនុស្សនិងធម្មជាតិ។ លោក នេត្រ ភក្ត្រា លើកឡើងបែបនេះ នាពិធីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងសង្កែ។


ក្រសួងបរិស្ថាន និងវិស័យឯកជន បានដាំកូនកោងកាងចំនួន ២០០០ដើម នៅសហគមន៍នេសាទត្រញាំងសង្កែ នាថ្ងៃទី៣១ ខែកក្កដា។ រដ្ឋលេខាធិការក្រសួងបរិស្ថានថា ការដាំកូនកោងកាងនេះ គឺដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ចូលរួមបង្កើតភាពបៃតង បង្កើនភាពសម្បូរបែបនៃជីវៈចម្រុះគ្រប់ប្រភេទ និងធនធានជលផល ជួយការពារបរិស្ថានតំបន់ឆ្នេរ និងជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ 
 
ស្របពេលនេះ បច្ចុប្បន្នដើមកោងកាង ក៏កំពុងប្រឈម នឹងការបាត់បង់ដោយសារតែកត្តាមនុស្ស និងកត្តាធម្មជាតិ ក្នុងនោះ កត្តាមនុស្សនៅតែជាកត្តាសំខាន់ដែលនាំឱ្យមានការបាត់បង់ដើមកោងកាង។ជុំវិញបញ្ហាប្រឈមនេះ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តនីតិវិធីយ៉ាងតឹងរឹងលើជនលើ្មស និងដាក់ចេញនូវវិធានការសេដ្ឋកិច្ច បង្កើតសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។
 
លោកបន្ថែមដូច្នេះ៖ «ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បានពឹងលើព្រៃកោងកាង ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដូចជានេសាទជាលក្ខណៈគ្រួសារ ឬនេសាទអាជីវកម្មខ្នាតតូច ឬការទាញផលពីទេសចរណ៍ ធម្មជាតិ»។
 
ជាមួយគ្នានេះ លោក ម៉ាតហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត ឱ្យដឹងថា ការចូលរួមដាំដើមកោងកាងក្នុងសហគមន៍ខ្លួន បានបង្កើតការងារ និងប្រាក់ចំណូលដល់ពលរដ្ឋក្នងសហគមន៍តាមរយៈវិស័យទេសចរណ៍។
 
បើតាមប្រធានសហគមន៍នេសាទរូបនេះតាំងពីឆ្នាំ២០១០ មកសហគមន៍បានដាំដើមកោងកាងបានចំនួនជាង ៦០ម៉ឺនដើម។ខណៈកម្ពុជាមានព្រៃកោងកាងជាង ៥,៦ម៉ឺនហិកតា ស្ថិតក្នុងខេត្តកំពត កែប ព្រះសីហនុនិងកោះកុង៕ 
 
 
 

Tag:
 ThmeyThmey25
  ដាំកូនកោងកាង
  កំពត
  ត្រពាំងសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com