ជាតិ
ក្រសួងអភិវឌ្ឍន៍​ជន​បទចង់បាន​សិទ្ធិពិន័យ «អ្នកបំផ្លាញ​​ផ្លូវជន​បទ» មិនមែន​ត្រឹមតែហៅអប់រំនោះឡើយ
01, Aug 2022 , 8:59 pm        
រូបភាព
លោក ជ្រុន ថេរ៉ាវ៉ាត អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ នាសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ»។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ជ្រុន ថេរ៉ាវ៉ាត អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ នាសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ»។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ការដឹកជញ្ជូនលើសទម្ងន់កំណត់ ជាបញ្ហាប្រឈមមួយដែលបណ្ដាលឱ្យផ្លូវជនបទឆាប់ខូច បន្ទាប់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ។បច្ចុប្បន្នអាជ្ញាធរបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដូចជាជញ្ជីងថ្លឹងចល័តតាមខេត្តគោលដៅ និង ការធ្វើវិសោធនកម្មច្បាប់ដើម្បីឱ្យក្រសួងអភិវឌ្ឍន៍ជនបទមានសិទ្ធិ ក្នុងការផាកពិន័យដល់អ្នកល្មើសខណៈបច្ចុប្បន្នក្រសួងបានត្រឹម អប់រំដល់ពួកគេប៉ុណ្ណោះ។

 
បញ្ហាបម្រែមប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលអាក្រក់មកលើគុណភាពផ្លូវជនបទស្របពេលដែលការដឹកជញ្ជូនលើសទម្ងន់កំណត់ បណ្ដាលឱ្យផ្លូវជនបទទាំងនោះខូចខាត។ លោក ជ្រុនថេរ៉ា​វ៉ាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជន​បទបាន​ឡើង​យ៉ាង​ដូច្នេះ កាលពីព្រឹក​ថ្ងៃទី​១ ខែសីហា។
 
ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី «សមិទ្ធផល​រយៈពេល​៥​ឆ្នាំ​របស់​ក្រសួងអភិវឌ្ឍន៍​ជន​បទ» លោក ជ្រុន ថេរ៉ាវ៉ាត បាន​ផ្តល់​ភារៈ​ដល់​លោក គង់ ភឿន ប្រធាន​នាយកដ្ឋាន​ផ្លូវ​លំ​ជន​បទ ធ្វើ​ការពន្យល់​លម្អិតទាក់ទង​បញ្ហា​ប្រឈម​នានាលើ​ការ​អនុវត្ត​ច្បាប់​លើ​អ្នក​ប្រព្រឹត្ត​ខុស។
 
«(អ្នកបើក)ឡាននៅពេលដែលគាត់ដឹកលើសទម្ងន់ គាត់តែងរកវិធីគេចវាង ដើម្បីឱ្យផុតនៅសមត្ថកិច្ច ដែលដាក់ជញ្ជីងនៅតាមផ្លូវជាតិ និងផ្លូវខេត្ត។ អ៊ីចឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវជនបទ»។ នេះជាលើកឡើង​​របស់​លោក គង់ ភឿន។
 


ប្រធាននាយកដ្ឋានផ្លូវលំជនបទរូបនេះ ពន្យល់បាន​ពន្យល់ថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ជញ្ជីងថ្លឹងទម្ងន់ចល័ត តាមបណ្ដាខេត្តគោលដៅដូចជា កំពង់ស្ពឺ ត្បូងឃ្មុំ និងកំពង់ឆ្នាំង ដើម្បីចាប់អ្នកល្មើសទាំងនោះ ប៉ុន្តែមន្ត្រីជំនាញក្រសួងបានត្រឹមអប់រំតែ​ពួកគាត់ប៉ុណ្ណោះ ដោយ​មិនមានសិទ្ធិផាកពិន័យនោះឡើយ។ 
 
ត្រង់ចំណុចនេះ ទំនងជាលោក គង់ ភឿន ចង់បង្ហាញថា ការដាក់ជញ្ជីងចល័តតាមខេត្តគោលដៅនេះមិនសូវបានប្រសិទ្ធភាពប៉ុន្មានឡើយ ដោយសារពេលចាប់ជនល្មើសបានក្រសួងបានត្រឹមអប់រំផ្សព្វផ្សាយ ដោយមិនបានធ្វើឱ្យជនទាំងនោះ រាងចាលនោះឡើយ។
 
ចំពោះ​ដំណោះស្រាយខាងលើនេះ លោកបាន​បញ្ជាក់ទៀតថា ក្រសួងពាក់ព័ន្ធកំពុងដំណើរនីតិវិធីច្បាប់ ស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ធ្វើវិសោធនកម្មអនុក្រឹត្យ ដើម្បីពិន័យដល់អ្នកល្មើសទាំងនោះ។ 
 

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោកសង្កត់ធ្ងន់ជុំវិញការធ្វើវិសោធនកម្មច្បាប់នេះដូច្នេះ៖ «ប្រសិនបើក្រសួងអភិវឌ្ឍន៍ជនបទទៅចាប់(ជនល្មើស) គឺបានត្រឹមអប់រំទេ! យើងអត់មានផ្នែកខាងទិដ្ឋភាពច្បាប់ក្នុងការពិន័យគាត់ទេ។អ៊ីចឹងបើយើងធ្វើវិសោធនកម្មច្បាប់រួច នោះយើងមានសិទ្ធដូចគ្នា។អ៊ីចឹងយើងសហការគ្នារវាង ក្រសួងសាធារណការ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃពេលនោះគឺយើងអាចទប់ស្កាត់បានហើយ»។ 
 
ក្នុងរយៈពេល៥ឆ្នាំ(២០១៨)មកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញផ្លូវលំជនបទថ្មី ជាង ២ ៨២៧គីឡូម៉ែត្រ (ផ្លូវក្រួសក្រហម ផ្លូវបេតុងផ្លូវក្រាលកៅស៊ូ២ជាន់ DBST ជាដើម), ជួសជុលផ្លូវនិងថែទាំចំនួន ១៧ ០៧០,៨០គីឡូម៉ែត្រនិងសកម្មភាពជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាដទៃទៀត ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួង៕
 
 
 

Tag:
 ផ្លូវជនបទខូច
  ក្រសួងអភិវឌ្ឍន៍ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com