កីឡាអន្តរជាតិ
អន្តរជាតិ
AFC ប្រកាសទម្រង់ប្រកួតថ្មី និងទទួលបាន ៨កៅអីកន្លះឆ្ពោះទៅ World Cup 2026
01, Aug 2022 , 11:29 pm        
រូបភាព
គណកម្មាធិការប្រតិបត្តិសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចអនុម័តឱ្យប្រើប្រាស់ទម្រង់ប្រកួតថ្មី សម្រាប់ក្រុមប្រចាំតំបន់ទ្វីបអាស៊ី ក្នុងការប្រកួតជម្រុះឆ្ពោះទៅការដណ្តើមកៅអីព្រឹត្តិការណ៍ World Cup 2026 និងព្រឹត្តិការណ៍ AFC Asian Cup 2027។ នេះបើតាមសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC ថ្ងៃទី១ ខែសីហា។

 
ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ រៀបចំនៅប្រទេស៣ ជាសហម្ចាស់ផ្ទះរួមមាន អាម៉េរិក កាណាដា និង ម៉ិកស៊ិក​ ។ នាការប្រកួតបាល់ទាត់ពិភពលោក ក៏នឹងមានចំនួនក្រុមកើនឡើងពី ៣២ក្រុម (បច្ចុប្បន្ន) រហូតដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ត្រដែរ។ ជាមួយទម្រង់ប្រកួតថ្មីនេះ ទ្វីបអាស៊ីនឹងទទួលបានកៅអីស្វ័យប្រវត្តិចំនួន ៨ និង សិទ្ធិកន្លះកៅអី សម្រាប់ការប្រកួតអន្តរទ្វីប ដើម្បីប្រជែងយក ១កៅអី ទៅកាន់ការប្រកួត World Cup 2026 ខុសពីការប្រកួតលើកមុន ដែលមានត្រឹម ៤កៅអីកន្លះ។
 
ទម្រង់នៃការប្រកួតជម្រុះថ្មីនេះ បានបង្កើតឡើងក្រោយពេលមានកិច្ចប្រជុំពិភាក្សាជាច្រើនលើក រវាង AFC, សហព័ន្ធដែលជាសមាជិកបាល់ទាក់បាល់ទាត់តំបន់អាស៊ី, គណកម្មាធិការប្រតិបត្តិការប្រកួតរបស់ AFC ព្រមទាំងដៃគូម្ចាស់ភាគហ៊ុនសំខាន់ទាំងឡាយរបស់ AFC។ AFC ក៏បានអះអាងថា ទម្រង់ប្រកួតថ្មី គឺដើម្បីឱ្យសមស្របទៅតាមការកំណត់របស់ FIFA ដែលបន្ថែមចំនួនក្រុមប្រកួតដល់ ៤៨ក្រុមសម្រាប់ ​World Cup ក្នុងឆ្នាំ ២០២៦។
  
                                                                                    រូបភាព ៖ AFC 


ខាងក្រោមនេះជាទម្រង់ប្រកួតថ្មីប្រចាំតំបន់ទ្វីបអាស៊ី ឬ AFC៖
វគ្គជម្រុះបឋមជុំទី១ ៖ ២២ក្រុម ដែលមានចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ី ឬ Asia Ranking ពីលេខ ២២ ដល់ ៤៧ នឹងត្រូវចាប់គូប្រកួតជម្រុះដោយត្រូវលេង ២ប្រកួត(ការប្រកួតក្នុងទឹកដី និងក្រៅដី)។ ១១ក្រុមដែលឈ្នះការប្រកួតនេះ នឹងត្រូវឡើងទៅប្រកួតជម្រុះបឋមជុំទី២។
 
វគ្គជម្រុះបឋមជុំទី២ ៖ ជាការប្រកួតជម្រុះចែកពូល មាន ៣៦ក្រុម ហើយក្រុមលំដាប់ លេខ១ ដល់ ២៥ ជាក្រុមរង់ចាំនៅការប្រកួតនេះស្រាប់ បូករួមទាំងក្រុមចំនួន ១១ ដែលឈ្នះប្រកួតជម្រុះពីប្រកួតជម្រុះបឋមជុំទី១។ ចែកចេញជា ៩ពូល ដោយក្រុមនីមួយៗត្រូវជួបតទល់គ្នា២ដង (ក្នុងទឹក និងក្រៅទឹកដី) ហើយ ១៨ ក្រុមដែលមានលំដាប់លេខ ១ លេខ ២ ក្នុងពូលនីមួយៗ នឹងបន្តឡើងទៅប្រកួតជម្រុះតំបន់អាស៊ី សម្រាប់ដណ្តើមកៅអី World Cup ជុំចុងក្រោយ។ ១៨ក្រុមនោះក៏ឈ្នះកៅអី Asian Cup 2027 ស្វ័យប្រវត្តិ។
 
វគ្គជម្រុះ World Cup ជុំទី៣តំបន់អាស៊ី ៖ ១៨ក្រុមដែលជាប់ពីវគ្គបឋមជុំទី២ នឹងត្រូវបែកចែកជា ៣ពូល ដោយក្នុង១ពូលមាន ៦ក្រុម ហើយក្រុមនីមួយត្រូវជួបគ្នា២ ដង (ក្នុងទឹកដី និង ក្រៅទឹកដី)។ ក្រុមជាប់លេខ ១ លេខ២ កំពូលតារាងនៃពូលទាំងបី ឈ្នះកៅអី World Cup ស្វ័យប្រវត្តិ។​ ក្រុមលេខ ៣ លេខ៤ ក្នុងពូលទាំងបី នឹងត្រូវបន្តប្រកួតជម្រុះ Play-off ជុំទីបួន។
 
វគ្គជម្រុះ World Cup ជុំទី៤តំបន់អាស៊ី ៖ ជាការប្រកួតរបស់ក្រុមទាំង៦ ដែលជាប់ចំណាត់ថ្នាក់លេខ ៣ និងលេខ៤ ធ្លាក់ពីការប្រកួតជុំទីបីមក។ ៦ក្រុមត្រូវបែកចែកជា ពីរពូល ក្នុងមួយពូលមាន ៣ក្រុមប្រកួតជមុ្រះវិលជុំ។ ក្រុមលេខ១ ក្នុងពូលទាំងពីរឈ្នះកៅអីស្វ័យប្រវត្តិ World Cup និងក្រុមលេខ២ ក្នុងពូលត្រូវប្រកួត Play-off ដណ្តើមកន្លះកៅអី ដើម្បីមានសិទ្ធិប្រកួត អន្តរទ្វីបដណ្តើមកៅអីជាមួយទ្វីបដទៃ ដែលមានកន្លះកៅអីដូចគ្នា។
 
ការប្រកួតជម្រុះសម្រាប់ពានរង្វាន់ Asian Cup និងបន្តទម្រង់ប្រកួតដូចការប្រកួតជម្រុះបឋម World Cup ជុំទី១​ និងជុំទី២

វគ្គជម្រុះ Play-off AFC Asian Cup ៖ ១០ក្រុមដែលធ្លាក់ពីការប្រកួតជម្រុះបឋមជុំទី១ តំបន់អាស៊ីនៃពានរង្វាន់ World Cup ត្រូវចាប់គូប្រកួតជម្រុះ ដោយលេង២ប្រកួត (ក្នុងទឹកដី និងក្រៅទឹកដី)។ ៥ក្រុមឈ្នះការប្រកួត និងឡើងទៅកាន់ការប្រកួតជម្រុះជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup។
 
វគ្គជម្រុះជុំចុងក្រោយ AFC Asian Cup ៖ ជាការប្រកួតដែលមាន ២៤ក្រុម ចែកជា៦ពូល ដោយមាន១៨ក្រុម ដែលធ្លាក់ពីប្រកួតជម្រុះបឋមជុំទីពីរ World Cup រង់ចាំរួចស្រេច ហើយមានការចូលរួមពីក្រុមទាំង៥ ដែលជាប់វគ្គជម្រុះ Play-off និង ១ក្រុម ដែលជាក្រុមចាញ់មានចំណាត់ថ្នាក់ល្អជាងគេ នៅវគ្គជម្រុះបឋមជុំទីមួយ World Cup។ ក្រុមដែលឈរលេខ១ តាមពូលនីមួយៗ នឹងឈ្នះកៅអីសម្រាប់ការប្រកួត AFC Asian Cup 2027៕
 
 

Tag:
 AFC
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com