អន្តរជាតិ
លោកបៃឌិន៖ អាម៉េរិកបានសម្លាប់មេដឹកនាំក្រុមអាល់កៃដាលោក al-Zawahiri នៅអាហ្វហ្កានីស្ថាន
02, Aug 2022 , 12:18 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
​ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១ ខែសីហា បានប្រកាសថា កងកម្លាំងអាម៉េរិក បានសម្លាប់មេដឹកនាំក្រុមភេរវករអាល់កៃដា លោក Ayman al-Zawahiri ដែលត្រូវបានសង្ស័យថា​ ជាមេខ្លោងនៃការវាយប្រហារព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ការរកឃើញមេដឹក នាំក្រុមភេរវកម្មនៅអាហ្វហ្កានីស្ថានបែបនេះ បានបង្ហាញថា ក្រុមតាលីបង់មិនបានធ្វើតាមពាក្យ សន្យាក្នុងការផ្ដាច់ទំនាក់ និងការផ្ដល់ជម្រកដល់ក្រុមភេរវករនោះឡើយ។

 
តាមរយៈសុន្ទរកថាមួយ នៅថ្ងៃទី១​ ខែសីហា ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន បានបញ្ជាក់ ពីការវាយប្រហាររបស់កងកម្លាំងអាម៉េរិកនៅទីក្រុងកាប៊ុល អាហ្វហ្កានីស្ថាន និងបានសម្លាប់ មេដឹកនាំក្រុមភេរវកម្មអាល់កៃដា លោក al-Zawahiri។ ប្រតិបត្តិការនេះ ធ្វើឡើងតាមរយៈយន្តហោះដ្រូន។ 
 
«ខ្ញុំបានសម្រេចចុងក្រោយឱ្យ (កងកម្លាំងអាម៉េរិក) ទៅសម្លាប់គេ (លោក al-Zawahiri)»។ លោកបៃឌិនបានលើកឡើងបែបនេះ មុនបន្តថា ការវាយប្រហារនេះ មិនបានបង្កឱ្យមានការខាតបង់ ឬការរងគ្រោះថ្នាក់លើជនស៊ីវិលនោះឡើយ។ លោកបៃឌិនបន្ថែមថា មេដឹកនាំក្រុមភេរវកម្មលែងមានទៀតហើយ ហើយយុត្តិធម៌ក៏រកបានដែរសម្រាប់ជនរងគ្រោះ។
 
ជុំវិញការវាយប្រហារនេះ មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ បានបញ្ជាក់ថា លោក Zawahiri ត្រូវបានសម្លាប់នៅយ៉ខាងមុខផ្ទះនៅទីក្រុងកាប៊ុល តាមរយៈការវាយប្រហារដោយដ្រូន។ មន្ត្រី រូបនោះក៏បានបន្តថា វត្តមានរបស់មេដឹកនាំក្រុមអាល់កៃដា Zawahiri នៅរដ្ឋធានីកាប៊ុលនេះ បង្ហាញច្បាស់ពីការណ៍ដែលក្រុមតាលីបង់ បំពានកិច្ចព្រមព្រៀងដែលបានចុះជាមួយអាម៉េរិកនៅទីក្រុងដូហា ក្នុងឆ្នាំ២០២០​ក្នុងការមិនផ្ដល់ជម្រកឱ្យក្រុមភេរវកម្ម។
 
ការវាយប្រហារនេះជាលើកទីមួយហើយរបស់អាម៉េរិកលើគោលដៅក្រុមអាល់កៃដា ដែល តាំងទីនៅអាហ្វហ្កានស្ថាន តាំងពីពេលដែលអាម៉េរិកបានដកទ័ពចេញពីប្រទេសមួយនេះ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១។
 
គួរបញ្ជាក់ថា លោក Zawahiri គឺជាជនជាតិអេហ្ស៊ីបដែលបានធំធាត់ឡើងនៅទីក្រុងគែរ។ លោក បានបន្តតំណែងជាមេដឹកនាំក្រុមអាល់កៃដា បន្ទាប់ពីអតីតមេដឹកនាំំលោក Osama bin Laden ដែលត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសអាម៉េរិកនៅប៉ាគីស្ថានក្នុងឆ្នាំ ២០១១។ 
 
Zawahiri ដែលមានវ័យ ៧១ ឆ្នាំបានជួយជ្រោមជ្រែង លោក bin Laden ក្នុងការប្រមូលផ្ដុំក្រុមសកម្ម ប្រយុទ្ធទូទាំងពិភពលោក  ហើយក៏បានធ្វើជាអ្នកដឹកនាំយុទ្ធសាស្ត្រធំៗ ដូចជាការធ្វើមេខ្លោង ក្នុងការចេញប្រតិបត្តិការការវាយប្រហារអគារពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០០១ ក្នុងទីក្រុងញ៉ូយកដែលបានបណ្ដាលឱ្យមនុស្សជាង៣ពាន់នាក់បានស្លាប់។ ទន្ទឹមនេះ លោកក៏ជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក bin Laden ផងដែរ៕
 

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com