ជាតិ
អន្តរជាតិ
អាស៊ាន
តើប្រទេសដែលចង់ចូលជាសមាជិកអាស៊ានត្រូវបំពេញលក្ខខណ្ឌបែបណា?
02, Aug 2022 , 2:02 pm        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ដែលធ្វើឡើងនៅក្នុងខែកុម្ភៈ កន្លងទៅ។ រូបភាពយកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ដែលធ្វើឡើងនៅក្នុងខែកុម្ភៈ កន្លងទៅ។ រូបភាពយកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការទទួលយក​ប្រទេសណាមួយចូលជាសមាជិកអង្គការអន្តរជាតិ ឬអង្គការតំបន់ ប្រទេសមួយ នោះត្រូវឆ្លងកាត់ និងបំពេញលក្ខណៈវិនិច្ឆ័យ ព្រមទាំងតម្រូវការផ្សេងៗនៃការស្នើសុំចូលអង្គការនីមួយៗ។ ចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ ឬហៅកាត់ថាអាស៊ាន (ASEAN) ក៏មានលក្ខខណ្ឌ និងបែបបទក្នុងការទទួលយកសមាជិកថ្មីឱ្យចូលក្នុងអង្គការតំបន់ របស់ខ្លួនផងដែរ។​

 
តើប្រទេសដែលចង់ចូលជាសមាជិកអាស៊ានត្រូវបំពេញលក្ខខណ្ឌបែបណា?
 
តាមជំពូកទី៦នៃធម្មនុញ្ញអាស៊ាន ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានតួនាទីក្នុង ការទទួលពាក្យស្នើសុំចូលជាសមាជិក និងដំណើរការផ្សេងៗទៀតដែលទាក់ទង។ ក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន ជាក្រុមដែលប្រមូលផ្ដុំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង១០។ 
 
ជំពូកដដែលនោះ បានបញ្ជាក់ថា លក្ខខណ្ឌដែលប្រទេសមួយអាចដាក់ពាក្យស្នើសុំបានលុះ ត្រាតែប្រទេសនោះស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍, ត្រូវមានការទទួលស្គាល់ជាប្រទេសឯករាជ្យ ពេញលេញដោយសមាជិកអាស៊ានទាំង១០, ត្រូវព្រមព្រៀងគោរពតាមធម្មនុញ្ញរបស់អាស៊ាន, 
និងត្រូវមានសមត្ថភាព និងព្រមទាំងឆន្ទៈក្នុងការបំពេញតួនាទីជាសមាជិក។
 
តួនាទីប្រទេសសមាជិកមានទាំងពីការ​ទទួលខុសត្រូវផ្នែកច្បាប់ និងការចូលរួមចំណែកផ្នែក ហិរញ្ញវត្ថុដើម្បីទ្រទ្រង់អង្គការក្នុងតំបន់នេះផង។ តាមផ្នែកច្បាប់ ប្រទេសជាសមាជិកត្រូវទទួលយក និងអនុវត្តតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់របស់អាស៊ាន។ ក្នុងនាមជាសមាជិកក៏ត្រូវតាំងទី និងរក្សាស្ថានទូតនៅប្រទេសសមាជិកទាំងអស់ផងដែរ ដើម្បីរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក​។ 
 
ចំពោះផ្នែកសេដ្ឋកិច្ច សមាជិកអាស៊ានត្រូវត្រៀមខ្លួនរៀបចំ ឬកែលម្អសមត្ថភាព ដើម្បីបំពេញ តម្រូវការតំបន់ពាណិជ្ជកម្មសេរីអាស៊ានក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមរបស់ អាស៊ានជាមួយដៃគូសន្ទនា។ សមាជិកអាស៊ានក៏តម្រូវឱ្យចូលរួមវិភាគទានចំនួន ១ លាន ដុល្លារដល់មូលនិធិអភិវឌ្ឍន៍អាស៊ានដែលជាថ្លៃសមាជិកភាពផង។ ប្រទេសសមាជិកក៏ត្រូវមានការប្តេជ្ញាចិត្តក្នុងការរួមចំណែកស្មើភាពគ្នាទៅនឹងថវិកាប្រតិបត្តិការប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអាស៊ាន។
 
ក្រៅពីនេះ សមាជិកអាស៊ានត្រូវមានការប្តេជ្ញាចិត្ត ក្នុងការចូលរួមរាល់កិច្ចប្រជុំអាស៊ាន ការ បំពេញភារកិច្ចនៃការធ្វើម្ចាស់ផ្ទះនិងធ្វើជាប្រធានប្តូរវេន និងចូលរួមក្នុងគម្រោងក្នុងតំបន់ ក្រោមវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ។
 
ទាក់ទងនឹងដំណើរការដាក់ពាក្យ ជាដំបូងរដ្ឋដែលចង់ដាក់ពាក្យស្នើសុំអាចទាក់ទងក្រៅផ្លូវការ ជាមួយសមាជិកអាស៊ានណាមួយដែលមានទំនាក់ទំនងទ្វេភាគីល្អ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលជាសមាជិក។ ជំហានបន្ទាប់ គឺការទទួលបានការអញ្ជើញជាភ្ញៀវនៃ ប្រទេសប្រធានអាស៊ាន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការបរទេស។ 
 
បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំផ្សេងៗនៃអង្គការតំបន់មួយនេះប៉ុន្មានដងរួច រដ្ឋដាក់ពាក្យ អាចដាក់ពាក្យសុំចូលជាសមាជិកជាផ្លូវការ។ រដ្ឋដាក់ពាក្យក៏ត្រូវចុះហត្ថលេខាលើសន្ធិសញ្ញា មិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ចង់​ ចូលជាសមាជិកជាសាធារណៈ។ 
 
ក្រោយមកអគ្គលេខាធិការអាស៊ាន និងក្រុមការងារអ្នកសម្របសម្រួលនឹងចាប់ផ្ដើមការចរចា និងពិគ្រោះយោបល់ទាក់ទងនឹងការទទួលយករដ្ឋស្នើសុំ។ ក្នុងអំឡុងពេលដំណើរការនេះរដ្ឋ ស្នើសុំទទួលឋានៈជាអ្នកសង្កេតការណ៍ដោយមានការយល់ព្រមពីសមាជិកទាំងអស់ដើម្បី រៀបចំកាតព្វកិច្ចសមាជិកភាព។ បន្ទាប់មកក្រុមការងារថ្នាក់មន្ត្រីជាន់ខ្ពស់វាយតម្លៃសមត្ថភាព ប្រទេសដែលដាក់ពាក្យស្នើសុំ និងត្រួតពិនិត្យមើលស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ព្រមទាំងសមត្ថភាពបំពេញតម្រូវការអង្គការថ្នាក់តំបន់មួយនេះ។
 
ការសម្រេចឱ្យចូលជាសមាជិកចុងក្រោយនឹងត្រូវធ្វើឡើងដោយការបោះឆ្នោតតាមការ ឯកភាពគ្នា ឬការបោះឆ្នោតដោយកុងសង់ស៊ីស (Consensus) នៅកិច្ចប្រជុំកំពូលអាស៊ាន តាមអនុសាសន៍របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន។ រដ្ឋដាក់ពាក្យសុំចូលជាមាជិក អាស៊ានអាចចូលជាសមាជិកបាន នៅពេលដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការគោរពតាមធម្មនុញ្ញអាស៊ានរួច។
 
ចុះតើទីម័រខាងកើតមានលក្ខខណៈសម្បត្តិចូលជាសមាជិកហើយឬទេ?
 
ការរៀបចំខ្លួនសម្រាប់ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត នៅតែជាប្រធានបទមួយ ដែលមានការជជែកវែកញែក រួមទាំងមានការគាំទ្រ និងការបដិសេធ។ ទីម័រខាងកើត បានព្យាយាមដាក់ ពាក្យស្នើសុំចូលជាសមាជិកតាំងពីឆ្នាំ២០១១ តែសមាជិកអាស៊ានមិនបានទទួលយកទីម័រឱ្យ ចូលអង្គការថ្នាក់តំបន់នេះនោះឡើយ ក្រោមមូលហេតុការរៀបចំខ្លួនមិនទាន់រួចរាល់ដើម្បី បំពេញតួនាទីជាសមាជិក។
 
ឧទាហរណ៍ ទំហំសេដ្ឋកិច្ចតូច ជាហេតុផលមួយសម្រាប់ការបដិសេធរបស់សិង្ហបុរីក្នុងការ ទទួលយកទីម័រខាងកើតជាផ្នែកមួយនៃអាស៊ាន។ សិង្ហបុរីបារម្ភថា ប្រទេសមួយនេះនឹងបង្ក បន្ទុកយ៉ាងធ្ងន់ធ្ងរដល់តំបន់ និងពន្យឺតការសម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ានដែលជា ការដើរតាមគន្លងនៃសមាហរណកម្មសេដ្ឋកិច្ចអឺរ៉ុប។
 
យ៉ាងណាមិញ អ្នកវិភាគជាច្រើនបានអះអាងថា ទីម័រខាកើតនាពេលបច្ចុប្បន្នមានសមត្ថភាព គ្រប់គ្រាន់អាចចូលជាសមាជិកបានព្រោះសេដ្ឋកិច្ចរបស់ប្រទេសមួយនេះរីកចម្រើនជាងមុន ហើយទីម័រខាងកើតមានសមត្ថភាពក្នុងការបំពេញតាមតម្រូវការរបស់អង្គការតំបន់មួយនេះ ផងដែរ៕
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com