ជាតិ
កូរ៉េ នឹងជួយបណ្ដុះបណ្ដាលជំនាញកសិកម្មដល់មន្រ្តី និស្សិត និងកសិករកម្ពុជា
02, Aug 2022 , 6:59 pm        
រូបភាព
Front ដំណើរទស្សនកិច្ចរបស់លោក វេង សាខុន និងក្រុមមន្រ្តីនៃក្រសួងកសិកម្ម ទៅសាកលវិទ្យាល័យ Korea National Open University ប្រទេសកូរ៉េ នៅថ្ងៃទី១សីហា។ រូបពី លោក វេង សាខុន_
Front ដំណើរទស្សនកិច្ចរបស់លោក វេង សាខុន និងក្រុមមន្រ្តីនៃក្រសួងកសិកម្ម ទៅសាកលវិទ្យាល័យ Korea National Open University ប្រទេសកូរ៉េ នៅថ្ងៃទី១សីហា។ រូបពី លោក វេង សាខុន_
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ Korea National Open University  និងក្រុមហ៊ុន Orient Group លើការបណ្ដុះបណ្ដាលជំនាញកសិកម្មដល់មន្រ្តី និស្សិត គ្រូបង្រៀន និងកសិករកម្ពុជា។


នៅក្នុងដំណើរទស្សនកិច្ចទៅសាកលវិទ្យាល័យ Korea National Open University ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១សីហា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការផលិតស្បៀងរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកតែមួយមុខនោះទេ គឺកម្ពុជាបានឈានដល់ការនាំចេញស្បៀងសំខាន់ៗសម្រាប់ផ្កត់ផ្គង់ទីផ្សារអន្តរជាតិរួចហើយ។ ជាក់ស្ដែង ដូចជា ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយ ចន្ទី និងកៅស៊ូជាដើម។ 
 
លោក បន្តថា កម្ពុជាត្រូវការពង្រឹងជំនាញកសិកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការផលិតកាន់តែមានសក្ដានុពល លទ្ធភាព សមត្ថភាព និងការប្រកួតប្រជែងទីផ្សារ។ ហេតុនេះ ទើបក្រសួងកសិកម្ម សម្រេចចុះអនុស្សរណៈយោគយល់(MOU)ជាមួយសាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម ដើម្បីពង្រឹងសមត្ថភាពផលិត ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ជាពិសេសពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ។
 
លោក CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានលើកឡើងដែរថា ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ នឹងជួយអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការទទួលបាននូវមូលដ្ឋានគ្រឹះនៃការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់កសិករ មន្រ្តី និងលោកគ្រូ-អ្នកគ្រូ។
 
លោក រំពឹងថា ការចុះអនុស្សរណៈយោគយល់គ្នា (MOU)នៅពេលនេះ នឹងដើរតាមទិសដៅដែលលោកចង់បាន គឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគដ៏ខ្លី។

នាយកប្រតិបត្តិក្រុមហ៊ុន Orient Group រូបនេះបន្ថែមដូច្នេះ៖«ការអប់រំធ្វើឲ្យអ្នកក្រក្លាយជាអ្នកមាន ហើយការអប់រំប្រែក្លាយបុគ្គលម្នាក់ដែលអសមត្ថភាព ទៅជាបុគ្គលមានសមត្ថភាព មានទេពកោសល្យប៉ិនប្រសព្វ ជាអ្នក ដឹកនាំ និងជាប្រទេសក្រីក្រ ក្លាយជាប្រទេសអភិវឌ្ឍដោយសារតែធនធានមនុស្សមានសមត្ថភាព»៕
 

Tag:
 កសិកម្ម
  ជំនាញកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com