អន្តរជាតិ
លោក Marcos Jr៖ ហ្វីលីពីនគ្មានចេតនាចូលជាសមាជិក ICC វិញនោះទេ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ជាមួយលោកអតីតប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ AFP
× ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី១ ខែសីហា បានបញ្ជាក់ពីជំហរ រដ្ឋាភិបាលរបស់លោកដែលមិនមានបំណងចូលជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) វិញនោះឡើយ។ លោក Marcos Jr banបញ្ជាក់ថា ក្រុងម៉ានីលកំពុងតែស៊ើបអង្កេត និងកាត់ក្ដីចំពោះសំណុំរឿងទាក់ទិននឹងសង្គ្រាមគ្រឿងញៀនដោយខ្លួនឯង។
អតីតប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌូទើតេ បានដកហ្វីលីពីនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេក្នុងឆ្នាំ២០១៩ បន្ទាប់ពីស្ថាប័ននេះបានចាប់ផ្តើមការស៊ើប អង្កេតលើយុទ្ធនាការរបស់លោក ក្នុងការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ដែលនាំឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់។ ក្រោយបានជាប់ឆ្នោតជាប្រធានាធិបតី លោក Ferdinand Marcos Jr ដែលមានទំនាក់ទំនងស្និតស្នាលជាមួយលោកឌូទើតេក៏បានបញ្ជាក់ពីការបន្តសង្គ្រាមប្រឆាំង នឹងគ្រឿងញៀនេះដែរ ប៉ុន្តែនឹងធ្វើតាមក្របខ័ណ្ឌច្បាប់ និងការគោរពសិទ្ធិមនុស្ស។
យ៉ាងណាមិញ ទាក់ទងនឹងការចូលជាសមាជិក ICC វិញនោះ លោក Marcos Jr ក្នុងអំឡុងសន្និសីទកាសែតថ្ងៃទី១ ខែសីហា បានសង្កត់ធ្ងន់ថា ហ្វីលីពីនគ្មានបំណងចូលជាសមាជិកតុលាការនេះវិញទេ ប៉ុន្តែលោក ក៏មិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តនេះឡើយ។
ទន្ទឹមនេះ ខណៈ ICC ចង់បើកការស៊ើបអង្គេតលើសង្គ្រាមគ្រឿងញៀនហ្វីលីពីនវិញក្រោយ បានផ្អាកសកម្មភាពកាលពីខែវិឆ្ឆិកា ដោយសារដោយសារហ្វីលីពីនបានដាក់សំណើពន្យារ ពេលការស៊ីបអង្កេត លោក Marcos Jr បញ្ជាក់ថា ICC មិនចាំបាច់ធ្វើបែបនេះនោះឡើយ។
«ពួកយើងប្រាប់ហើយថា ពួកយើងមានការស៊ើបអង្កេតរួចហើយនៅទីនេះ ហើយការស៊ើបអង្កេតកំពុងបន្ត។ ហេតុអ្វីបានជាមានបែបនេះ?»។ លោក Marcos Jr បានលើកឡើងបែបនេះ ដោយចង់សំដៅលើសិទ្ធិរបស់ហ្វីលីពីនក្នុងការស៊ើបអង្គេតលើសង្គ្រាមគ្រឿងញៀននេះដោយខ្លួនឯង ហើយតុលាការ ICC មិនចាំបាច់ត្រូវជ្រៀតជ្រែករឿងដែលលោកចាត់ទុកថាជារឿងផ្ទៃក្នុងនេះ នោះឡើយ។
ថ្មីៗនេះ លោក Marcos Jr ក៏បានជួបជាមួយរដ្ឋមន្រ្តីយុត្តិធម៌ និងទីប្រឹក្សាច្បាប់ផ្សេងទៀត ដើម្បីពិភាក្សាអំពីការបន្តការស៊ើបអង្កេតរបស់តុលាការ ICC លើការសម្លាប់ប្រជាជនដោយបំពាន ក្រោមសង្គ្រាមគ្រឿងញៀន។
គួរបញ្ជាក់ថា ផ្អែកលើស្ថិតិរបស់ប៉ូលិស ជនសង្ស័យគ្រឿងញៀនច្រើនជាង៦ពាន់នាក់ ភាគ ច្រើនត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយប៉ូលីសក្រោមរបបលោកឌូទើតេ។ ក្រុមសិទ្ធិមនុស្សអះអាងថា ចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com