ជាតិ
សេដ្ឋកិច្ច
​២ខែហើយ ដែលពន្ធដារ កំណត់អត្រាប្តូរប្រាក់ផ្លូវការខ្លួនឯង សម្រាប់អ្នកជាប់ពន្ធ
02, Aug 2022 , 4:34 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាមួយនឹងសេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃទី២សីហា ឆ្នាំ២០២២ សម្រាប់អ្នកជាប់ពន្ធតាមរបបស័្វយប្រកាស ដែលប្រាក់១ដុល្លារ ស្មើនឹង ៤ ១០៧រៀល
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាមួយនឹងសេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃទី២សីហា ឆ្នាំ២០២២ សម្រាប់អ្នកជាប់ពន្ធតាមរបបស័្វយប្រកាស ដែលប្រាក់១ដុល្លារ ស្មើនឹង ៤ ១០៧រៀល
រយៈពេល២ខែហើយដែលអគ្គនាយកដ្ឋានពន្ធដារបានកំណត់អត្រាប្តូរប្រាក់ដោយខ្លួនឯងសម្រាប់អ្នកជាប់ពន្ធតាមរបបស័្វយប្រកាស។​ ថ្ងៃទី២សីហានេះ អត្រាប្តូរប្រាក់ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ១ដុល្លារអាម៉េរិក ស្មើនឹង​ ៤ ១០៧ រៀល។ តម្លៃនេះ គឺស្មើនឹងអត្រាប្តូរទីផ្សាររបស់ធនាគារឯកជននានា ប៉ុន្តែតម្លៃប្រាក់រៀលគឺទាបជាងអត្រាប្តរូប្រាក់របស់ធនាគារជាតិនៃកម្ពុជាដែល ១ដុល្លារ ស្មើនឹង ៤ ១០១រៀល ។



លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ចាប់តាំងពីថ្ងៃទី១មិថុនា ឆ្នាំ២០២២មក។​ លោក បញ្ជាក់ក្នុងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ថា ការដាក់ឱ្យប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះ គឺដើម្បីធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ។ ជាពិសេសជួយសម្រួលដល់ការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម(VAT) តាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមទៀត។​
 
បើតាមលោក គង់ វិបុល អត្រាប្តូរប្រាក់ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺមានទាំងប្រចាំថ្ងៃ, ប្រចាំខែ, ប្រចាំឆ្នាំ និងអត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស។ បច្ចុប្បន្ន អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានពន្ធដារ មានតម្លៃប្រហាក់ប្រហែលនឹងអត្រាប្តូរប្រាក់ទីផ្សារ ។ ប៉ុន្តែវាទាបជាងអត្រាប្តូរប្រាក់គោលរបស់ធនាគារជាតិនៃកម្ពុជា។​ 
 
អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃទី២សីហា ឆ្នាំ២០២២របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា  ១ដុល្លារ ស្មើនឹង ៤ ១០៧រៀល ខណៈអត្រាប្តូរប្រាក់ទីផ្សាររបស់ធនាគារអេស៊ីលីដា និងធនាគារABA ១ដុល្លារ ក៏ស្មើនឹង​ ៤ ១០៧រៀល។ ដោយឡែក អត្រាប្តូរប្រាក់គោលផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា​ នាថ្ងៃទី២ សីហានេះ គឺ ១ដុល្លារ ស្មើនឹង ៤ ១០១រៀល។ 
 
លោក គង់ វិបុល បានបញ្ជាក់ ក្នុងសេចក្តីណែនាំស្តីពីការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសថា៖ «អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាផ្លូវការ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រំលេចរូបិយវត្ថុ(ប្រាក់រៀល)លើតម្លៃសរុបក្នុងវិក្កយបត្រ។ ក្នុងករណី ការផ្គត់ផ្គង់ត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក​ ឬមុនម៉ោង ដែលអគ្គនាយកដ្ឋានមិនទាន់ចេញអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក»។
 
កាលពីថ្ងៃទី១២ធ្នូ ឆ្នាំ២០១៩ លោក គង់ វិបុល បានតម្រូវឱ្យអ្នកជាប់ពន្ធ ត្រូវប្រើប្រាស់អត្រាប្តូរផ្លូវការ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។​ ប៉ុន្តែក្រោយអនុវត្តបាន២ឆ្នាំកន្លះ លោកក៏សម្រេចឱ្យអ្នកជាប់ពន្ធ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី១មិថុនា ឆ្នាំ២០២២ មកទល់បច្ចុប្បន្ន។ ​​​​​
 
ជុំវិញនៃការកំណត់អត្រាប្តូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធនេះ លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកពន្ធដារ  បានលើកឡើងថា​​ ការកំណត់អត្រាប្តូរប្រាក់ផ្លូវការនេះ គឺដើម្បីសម្រួលដល់អ្នកជាប់ពន្ធមួយចំនួន ដែលប្រើប្រាស់រូបិយប័ណ្ណ។ ក្នុងសន្និសីទកាសែតស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាព្រឹកថ្ងៃទី២សីហា លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះ៖ «អត្រាប្តូរប្រាក់នេះយើងចេញប្រចាំថ្ងៃ ហើយមូលដ្ឋាននៃការចេញអត្រាប្តូរប្រាក់នេះ គឺយើងផ្អែកទៅលើអត្រាររបស់ធនាគារ[ឯកជន]ធំៗចំនួន៤​ ដើម្បីយើងយកមកគណនាឱ្យចេញជាអត្រាប្តូរប្រាក់នេះ។ អ៊ីចឹង! នេះគឺជាវិធានការមួយដើម្បីជួយសម្រួលទៅដល់អ្នកជាប់ពន្ធរបស់យើង ដែលប្រើប្រាស់លុយដុល្លារ»។​
 

 លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ

ជាមួយគ្នានេះ លោក មាស សុខសេនសាន អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​ បានបន្ថែមថា ការអនុវត្តនូវអត្រាប្តូរផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺមានការឯកភាពពីខាងក្រសួងសេដ្ឋកិច្ច និងរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ភាពងាយស្រួលសម្រាប់អ្នកជាប់ពន្ធផង និងងាយស្រួល ក្នុងការប្រមូលពន្ធចូលជាតិផង។  
 
លោក មាស សុខសេនសាន ថ្លែងប្រាប់សារព័ត៌មានថ្មីៗ​យ៉ាងខ្លីតាមទូរសព្ទ នារសៀលថ្ងៃទី១សីហា​ ឆ្នាំ២០២២ ថា​៖ «ការណ៍ដែល[ពន្ធដារ]ធ្វើមកនេះ យើងមានការពិគ្រោះយោបល់គ្នាហើយ ដែលយើងធ្វើដើម្បីសម្រួលដោយធ្វើយ៉ាងម៉េច កុំឱ្យការបង់ពន្ធមានភាពស្មុគស្មាញ។ ហើយយើងធ្វើហ្នឹង​ គឺធ្វើក្នុងក្របខណ្ឌរដ្ឋាភិបាល ដែលមានការសម្រួលក្នុងកិច្ចការងារហ្នឹង ​ដើម្បីការបង់ពន្ធក៏ងាយស្រួល ហើយការប្រមូលពន្ធក៏ងាយស្រួលដែរ»។ 
 

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​

យោងតាមច្បាប់ស្តីពី«ការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា» ​​​ក្នុងមាត្រា៣១​ បានបង្ហាញថា  នៅកម្ពុជា គឺមានធនាគារជាតិនៃកម្ពុជាតែមួយគត់ ដែលមានសិទ្ធិប្រកាសអត្រាប្តូរប្រាក់រវាងប្រាក់រៀល​និងរូបិយប័ណ្ណផ្សេងៗ​។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា មានសិទ្ធិចេញបទបញ្ជាដែលពាក់ព័ន្ធលើការប្តូរប្រាក់ និងមានសិទ្ធិចូលរួមក្នុងកិច្ចព្រមព្រៀងរូបិយវត្ថុអន្តរជាតិជំនួសមុខឱ្យរដ្ឋ​ ជាដើម។ 
 
ថ្ងៃទី២សីហានេះ ធនាគារជាតិនៃកម្ពុជា សម្រេចកំណត់អត្រាប្តូរប្រាក់ផ្លូវការជារៀលរាល់ព្រឹក ដោយប្រើប្រាស់អត្រាមធ្យមថ្លឹងផ្អែកលើបរិមាណជួញដូរនៅក្នុងប្រព័ន្ធជួញដូរប្រាក់រៀល អន្តរធនាគារ(NBCP) ដែលទទួលបាននៅថ្ងៃចុងក្រោយបំផុត ចាប់ថ្ងៃនេះតទៅ។ 
 
​បើតាមសេចក្តីជូនដំណឹងរបស់NBC ស្តីពី«វិធីសាស្ត្រនៃការកំណត់អត្រាប្តូរផ្លូវការ» ការកំណត់បែបនេះ គឺដោយសារប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) នាពេលបច្ចុប្បន្ន កំពុងដំណើរការកាន់តែសកម្មដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញជាច្រើនបានចូលរួម ជាមួយនឹងទំហំដោះដូរកើនឡើងជាលំដាប់។ 
 
ពាក់ព័ន្ធការកំណត់អត្រាប្តូរប្រាក់ផ្លូវការនេះ លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី  បានលើកឡើងថា នេះ គឺជាគោលនយោបាយអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ នៅលើទីផ្សារអត្រាប្តូរនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ​បន្តនិយាយថា៖ «ជាទូទៅ គឺយើងប្រើ​អត្រាប្តូរគោលរបស់ជាធនាគារជាតិ ព្រោះធនាគារជាតិ គឺជាធនាគារតែមួយនៅកម្ពុជា​ ដែលមានសិទ្ធិ និងអំណាចក្នុងការដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធផ្នែកធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា​ ផ្នែកអត្រាប្តូរប្រាក់ ដែលគ្រប់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ត្រូវប្រើអត្រាប្តូរប្រាក់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា»។
 
សូមជម្រាបថា​ ក្នុងឆមាសទីមួយ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករចូលជាតិ បានជាង១ ៩៧០​លានដុល្លារ។ ចំណូលសរុបនេះ គឺស្មើនឹង ៦៩,៨៩ភាគរយនៃផែនការ​ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ក្នុងទំហំសរុប ​២ ៨១៩,៥៤លានដុល្លារ។ សម្រាប់ឆ្នាំនេះ លោក គង់ វិបុល បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធចូលជាតិលើសផែនការបន្តទៀត៕  
 
 

Tag:
 ពន្ធដារ
  ហិរញ្ញវត្ថុ
  GDT
  លោក មាស សុខសេនសាន
  លោកស្រី ប៊ុន នារី
© រក្សាសិទ្ធិដោយ thmeythmey.com