កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen ថាធ្លាប់ជជែកជាមួយគ្រូ Man United ទាំងអស់មុនព្រមចុះកិច្ចសន្យាជាមួយ Ten Hag
02, Aug 2022 , 9:29 pm        
រូបភាព
Christian Eriksen ថ្ងៃទី១ ខែសីហា និយាយថារូបគេបានជជែកជាមួយគ្រូរបស់ក្រុម Manchester United មុនៗ អំឡុងពេលស្ថិតនៅក្រុម Tottenham Hotspur មុនពេលសម្រេចចិត្តចូលរួមជាមួយក្រុមរហ័សនាមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក ​Erik ten Hag។

 
ខ្សែបម្រើសញ្ជាតិដាណឺម៉ាក​ Eriksen ចំណាយពេលរយៈពេលជាង ៧រដូវកាល រួមរស់ជាមួយក្រុម ​Spurs តាំងពីឆ្នាំ ២០១៣ ដល់ ២០២០ ។ រូបគេបានបង្ហាញខ្លួន ៣០០ប្រកួតឱ្យក្រុមមាន់ខ្នាយមាស។ អំឡុងពេល Eriksen នៅ Spurs ក្រុមបិសាចក្រហម Man United កាលនោះស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកដល់ទៅ៤ រូប រួមមានលោក David Moyes, Louis Van Gaal, Jose Mourinho និងលោក Ole Gunnar Solskjaer។
 
Eriksen បានចាកចេញពី Spurs ទៅចូលរួមក្រុម Inter Milan ក្នុងឆ្នាំ ២០២០ នឹងលេងឱ្យក្រុមអ៊ីតាលីមួយនេះ បានត្រឹម១ រដូវកាល។ ខ្សែបម្រើរូបនេះ ត្រូវបានក្លិបបញ្ចប់កិច្ចសន្យាមុនពេលកំណត់ ដោយសារតែរូបគេមានបញ្ហាជំងឺបេះដូង អំឡុងព្រឹត្តិការណ៍ Euro 2020 នៅអង់គ្លេស កាលឆ្នាំ ២០២១។ ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះ បានចូលរួមក្រុមបាល់ទាត់ Brentford ក្រោយពេលព្យាបាលជំងឺបេះដូងរួចរាល់ ហើយរូបគេខំហ្វឹកហាត់រហូតអាចត្រលប់មកលេងបាល់ទាត់អាជីពបានវិញ។
 
«កាលខ្ញុំនៅ Spurs ខ្ញុំបាននិយាយជាមួយអ្នកចាត់ការទាំងអស់ ដែលមកដឹកនាំក្រុមបិសាចក្រហម ដើម្បីសាកសួរអំពីស្ថានភាពរបស់ Man United។ […] មុនពេលខ្ញុំសម្រេចចិត្តថាមកកាន់ Man United ខ្ញុំបាននិយាយជាមួយលោក Ten Hag អំពីហេតុផលដែលគាត់មើលឃើញខ្ញុំក្នុងនាមជាកីឡាករមួយរូប និងទីកន្លែងដែលគាត់នឹងឃើញខ្ញុំត្រូវលេង។»។ Eriksen និយាយប្រាប់អ្នកកាសែតបែបនេះ ក្រោយចប់ការប្រកួតទល់ក្រុម Rayo Vallecano។
 
ក្រោយពេលចុះកិច្ចសន្យាជាមួយបិសាចក្រហម Eriksen បានបង្ហាញខ្លួន ២ប្រកួតហើយឱ្យក្លិបយក្សអង់គ្លេសមួយនេះ ដោយបានលេងទល់ក្រុម Atletico Madrid កាលថ្ងៃទី៣០ និង ទល់ Rayo Vallecano ថ្ងៃទី៣១ ខែកក្កដា។ Man United នឹងត្រូវស្វាគមន៍ Brighton & Hove Albion ថ្ងៃទី៧ ខែសីហា ជាប្រកួតបើកឆាករដូវកាលថ្មី ​Premier League៕
 

Tag:
 Christian Eriksen
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com