ជាតិ
ព្រៃវែង ជាខេត្តទី២ ដែល«បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល» 
សកម្មភាពការសាងសង់បន្ទប់អនាម័យ នៅមូលដ្ឋាន ក្នុងខេត្តស្វាយរៀង នាពេលកន្លងមក។ រូបភាពរដ្ឋបាលខេត្តស្វាយរៀង។
×![]()
ភ្នំពេញ៖ ខេត្តព្រៃវែង ក្លាយជាខេត្តទី២ បន្ទាប់ពីខេត្តស្វាយរៀង ដែលនឹងត្រូវប្រកាសជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅចុងខែសីហាខាងមុខនេះ។ នេះជាការលើកឡើងរបស់ លោក ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន នាសន្នីសីទសារព័ត៌មាន នាថ្ងៃទី០១ ខែសីហា ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ជ្រុន ថេរ៉ាវ៉ាត់ បានថ្លែងថា លទ្ធផលដែលទទួលបាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទជាមួយដៃគូ ព្រមទាំងអង្គការទាំងជាតិ អន្តរជាតិ ក្នុងការផ្សព្វផ្សាយដល់ពលរដ្ឋដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋនៅមូលដ្ឋាន។ បើតាមលោក ជ្រុន ថេរ៉ាវ៉ាត់ ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចនូវលទ្ធផលល្អ ដែលខេត្តស្វាយរៀង បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងនៅចុងខែសីហានេះ ខេត្តព្រៃ នឹងក្លាយជាខេត្តទីពីរ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
«យើងសង្កេតថានៅកម្ពុជា ការបន្ទោបង់ពាសវាលពាសកាល ODF គឺមានស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែតាមរយៈការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានបង្គន់ឱ្យបានត្រឹមត្រូវ ហើយរយៈពេល៥ឆ្នាំមកនេះ ខេត្តស្វាយរៀង ជាខេត្តទី១ នៅកម្ពុជា ដែលបានសម្រេច ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF ១០០ភាគរយ ហើយខែចុងសីហាខាងមុខនេះ ខេត្តព្រៃវែងជាខេត្តទី២ នឹងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល» ។ នេះជាការអះអាងរបស់លោក ជ្រុន ថេរ៉ាវ៉ាត់ ដែលបន្ថែមថា លទ្ធផលដែលសម្រេចបាននេះ គឺជាការរួមចំណែកយ៉ាងធំ ជាមួយរាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” នាថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២។ រូបភាព capture ពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ជុំវិញការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ គិតត្រឹមឆ្នាំ២០២២នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចបានមុនផែនការ។ ក្នុងនោះក្រសួងបានសម្រេចបានភូមិ ODF ចំនួន ៥ ៣៤១ភូមិ លើគោលដៅ ៨ ៨៥៩ ស្មើនឹង ៦០ភាគរយ, ឃុំ-សង្កាត់ ODF ចំនួន ៣៩២ឃុំ-សង្កាត់ លើគោលដៅចំនួន ៤១៥ឃុំ-សង្កាត់ ស្មើនឹង ៩៤ភាគរយ, ស្រុក-ក្រុង ODF ចំនួន ៣១ស្រុក លើគោលដៅចំនួន ២០ស្រុក-ក្រុង ស្មើនឹង ១៥៥ភាគរយ និងខេត្ត ODF ចំនួន១ គឺខេត្តស្វាយរៀង៕
Tag:
Thmeythmey25
អនាម័យ
ODF
ព្រែវែង
ក្រសួងអភិវឌ្ឍន៍ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com