កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកស្រី ​Yamashita ក្លាយជាអាជ្ញាកណ្តាលស្រ្តីអាជីពកម្រិតខ្ពស់ដំបូងគេរបស់ជប៉ុន
02, Aug 2022 , 6:01 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អ្នកស្រី ​Yoshimi Yamashita ថ្ងៃទី១ ខែសីហា បានក្លាយជាអាជ្ញាកណ្តាលស្ត្រីកាត់សេចក្តីបាល់ទាត់អាជីពកម្រិតខ្ពស់ដំបូងគេរបស់ជប៉ុន។ អ្នកស្រី ​Yamashita ក៏បានបង្ហាញអារម្មណ៍រីករាយ ហើយកំពុងត្រៀមខ្លួនសម្រាប់កាត់សេចក្តីនៅព្រឹត្តិការណ៍ ​World Cup 2022 នៅកាតា។

 
អ្នកស្រី Yamashita វ័យ ៣៦ឆ្នាំ ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជ្រើសរើសឱ្យធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីនៅព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២ នេះ ជាមួយអ្នកស្រី Stephanie Frappart សញ្ជាតិបារាំង និងអ្នកស្រី Salima Mukansanga សញ្ជាតិរវ៉ានដា។ World Cup 2022 នៅកាតា នឹងមានស្រ្តីជាអាជ្ញាកណ្តាលកាត់សេចក្តី ក្នុងការប្រកួតបាល់ទាត់បុរសដំបូងគេក្នុងប្រវត្តិសាស្ត្រ។
 
អាជ្ញាកណ្តាលស្រ្តីវ័យ ៣៦ឆ្នាំ រូបនេះ បានចុះកិច្ចសន្យាក្នុងនាមជាអាជ្ញាកណ្តាលកម្រិតខ្ពស់ ជាមួយសហព័ន្ធបាល់ទាត់ជប៉ុន (JFA)។ តួនាទីថ្មីរបស់អ្នកស្រី Yamashita ទទួលបាននេះ គឺ ក្រោយពេលប្រទេសជប៉ុន បានបើកដំណើរការលីគបាល់ទាត់អាជីពស្ត្រី ឬ WE League លើកដំបូង រយៈពេល ១ឆ្នាំ ពោលគឺក្នុងឆ្នាំ ២០២១។
 
«គោលដៅដ៏ចម្បងចំផុតនោះគឺបានទៅដល់ចំណុចមួយ ដែលអាជ្ញាកណ្តាលជាស្ត្រីនឹងកាត់សេចក្តី ក្នុងការប្រកួតរបស់បុរស អាចនិយាយបានថា នេះវាមិនមែនជារឿងធំឡើយ។ ប៉ុន្តែមកដល់កម្រិតនេះខ្ញុំពិតជាសប្បាយចិត្តក្នុងការបង្ហាញខ្លួន ហើយធ្វើរឿងដ៏អស្ចារ្យមួយនេះ។»។ អ្នកស្រី Yamashita បាននិយាយបែបនេះប្រាប់ទៅអ្នកកាសែត។
 
មុនឈានដល់ក្លាយជាអាជ្ញាកណ្តាលកាត់សេចក្តីនៅ World Cup អ្នកស្រ្តី Yamashita ធ្លាប់ជាអាជ្ញាកណ្តាលកាត់សេចក្តី ក្នុងការប្រកួតបាល់ទាត់បុរស នៃបានរង្វាន់ ​AFC Champions League ។ អ្នកស្រីក៏ជាស្ត្រីអាជ្ញាកណ្តាលកាត់សេចក្តីក្នុងពានរង្វាន់ J-League របស់ជប៉ុនដែរ ក្នុងឆ្នាំ ២០២១​។ 
 
ព្រឹត្តិការណ៍ World Cup 2022 ដែលធ្វើឡើងលើកដំបូងនៅតំបន់មជ្ឈឹមបូពា៍​ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ នឹងមានអាជ្ញាកណ្តាលស្ត្រីកាត់សេកក្តីការប្រកួត ៣រូបក្នុងចំណោមអាជ្ញាកណ្តាលកាត់សេចក្តីជាបុរស ៣៣រូបផ្សេងទៀត។ សម្រាប់ជំនួយការអាជ្ញាកណ្តាល ក៏មានស្រ្តី ៣រូបលើកដំបូងដែរ ក្នុងចំណោមជំនួយការអាជ្ញាកណ្តាលជាបុរសចំនួន ៦៦រូបផ្សេងទៀត៕
 

Tag:
 Yoshimi Yamashita
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com