អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Bloomberg៖ យន្តហោះ​ដឹក​ប្រធានសភា​តំណាង​អាម៉េរិក ចុះចត​នៅ​តៃវ៉ាន់​ហើយ​
02, Aug 2022 , 10:05 pm        
រូបភាព
រូបពីAFP
រូបពីAFP
យន្តហោះ​ដឹក​ប្រធានសភា​តំណាង​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ចុះចត​នៅ​តៃវ៉ាន់​ហើយ​នៅ​យប់​ថ្ងៃទី​២ ខែសីហា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg​។ នេះ​ជា​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​ដែលមាន​តំណែង​ដ៏​ខ្ពស់​មួយ ចាប់តាំងពី​ឆ្នាំ​១៩៩៧​។

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg យន្តហោះ​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​តៃវ៉ាន់​ហើយ​។ 
 
​នេះ​ជា​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​មាន​ឋានៈ​ខ្ពស់​មួយ ទៅ​តៃវ៉ាន់​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩៧​។ កាល​ឆ្នាំ​នោះ លោក Newt Gingrich ប្រធានសភា​តំណាង​អាម៉េរិក ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ដែរ​។ 
 
​ស្របគ្នា​នេះ ក្រសួងការបរទេស​ចិន ក្នុង​ថ្ងៃទី​២ ខែសីហា បាន​ថ្កោ​ស​ទោស​យ៉ាងខ្លាំង ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​តំណាង​នៅ​តៃវ៉ាន់​។ បើតាម​ក្រសួងការបរទេស ក្រុង​ប៉េកាំង បានដាក់​ពាក្យ​តវ៉ា​រួចហើយ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។ 
 
​ស្របពេល​មានដំណើរ​ទស្សនកិច្ច​នេះ ទូរទស្សន៍​ចិន CGTN បាន​ចុះផ្សាយ​ថា យន្តហោះ​ចម្បាំង​ចិន SU-35 បាន​ហោះ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ 
 
​មុន​ដំណើរ​ទស្សនកិច្ច​នេះ ចិន​បាន​ព្រមាន​ជាច្រើនលើក​ថា អាម៉េរិក​ទទួល​តែ​ខុសត្រូវ​។ មិនតែប៉ុណ្ណោះ ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ភីង បាន​ប្រាប់​សម​ភាគី​អាម៉េរិក លោក ចូ បៃ​ឌិន ដោយផ្ទាល់​ថា ប្រទេស​ណា​លេង​ជាមួយ​ភ្លើង ប្រទេស​នោះ​នឹង​រលាក​៕ 

Tag:
 អាម៉េរិក​
  ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com