អន្តរជាតិ
អាស៊ាន
សម្ដេចហ៊ុន សែន៖ បើមានការប្រហារជីវិតទៀត យើងបង្ខំចិត្តគិតគូរឡើងវិញលើការឯកភាព៥ចំណុច
03, Aug 2022 , 9:40 am        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា​ សម្ដេច ហ៊ុន សែន អះអាងថា អាស៊ាននឹងគិតគូរឡើងវិញលើការឯកភាព៥ចំណុច ប្រសិនបើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអនុវត្តការប្រហារជីវិតទៀតនោះ។ បើតាមមេដឹកនាំកម្ពុជា​ ស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ា​ ប្រែទៅជាអាក្រក់មុនមានការឯកភាព៥ចំណុចទៅទៀត។


ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា អាស៊ាន បានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយពុះពារការលំបាក និងជម្នះការរិះគន់យ៉ាងច្រើនដើម្បីជួយប្រទេសនេះ និងប្រជាជនមីយ៉ាន់ម៉ារកដំណោះស្រាយនយោបាយ។ សម្ដេចអះអាងថា អាស៊ាន នឹងបន្តការងារនេះដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯកភាពអាស៊ានតាមរូបភាពណាមួយឡើយ។
 
ចំពោះមុខប្រមុខការទូតអាស៊ាន ប្រមុខដឹកនាំកម្ពុជា លើកឡើងថា ដ្បិតការអនុវត្តកុងសង់ស៊ីស៥ចំណុច មិនជឿនលឿនតាមការចង់បាន ការខិតខំកន្លងមកមានការវិវឌ្ឍខ្លះលើបញ្ហាមនុស្សធម៌។ យ៉ាងណាមិញ សម្ដេច ហ៊ុន សែន ដែលជាប្រធានអាស៊ានផង បានរិះគន់ខ្លាំងៗដល់ការប្រហារជីវិតមនុស្ស៤នាក់ពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បើទោះជាសម្ដេចផ្ទាល់ និងមេដឹកនាំអាស៊ានផ្សេងទៀតស្នើឱ្យរបបសឹកពិចារណាក្ដី។
 
«ប៉ុន្តែសភាពការណ៍ពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតលើសកម្មជនប្រឆាំង៤នាក់។» មេដឹកនាំកម្ពុជាអះអាងបែបនេះ។ សម្ដេចសង្កត់ធ្ងន់ថា៖ «ក្នុងករណីមានអ្នកទោសដទៃទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងត្រូវបង្ខំចិត្តគិតគូរឡើងវិញពីតួនាទីរបស់យើងចំពោះការព្រមព្រៀងឯកច្ឆន្ឆ៥ចំណុច។»
 
កន្លងមក សម្ដេច ហ៊ុន សែន បានផ្ញើសារដោយផ្ទាល់ទៅកា​ន់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឱ្យពិចារណាឡើងវិញ ប៉ុន្តែរដ្ឋាភិបាលយោធានៅតែបន្តប្រហារជីវិតមនុស្ស៤នាក់ដែលជាសមាជិកសភាបក្សលោកស្រី អ៊ុងសាន ស៊ូជី និងសកម្មជនប្រជាធិបតេយ្យផង។

សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទសអាស៊ាន កិច្ចប្រជុំជាច្រើនទៀតក៏ត្រូវរៀបចំដែរដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក, និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូ កិច្ចប្រជុំវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា។ កិច្ចប្រជុំនៅបញ្ចប់នៅថ្ងៃចុងសប្ដាហ៍នេះ។
 
តំណាងមកពីប្រទេសប្រមាណ៣៧ នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន, រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ និងប្រមុខការទូតកូរ៉េខាងត្បូង ឥណ្ឌា ជប៉ុន ព្រមទាំងអូស្ត្រាលី ក៏មានវត្តមានសម្រាប់កិច្ចប្រជុំពាក់ព័ន្ធផងដែរ។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀត ក៏ត្រូវបានអញ្ជើញជាភ្ញៀវរបស់ប្រធានអាស៊ាន។
 
 
ជាមួយគ្នា រដ្ឋមន្រ្តីដែលអវត្តមាន គឺប្រមុខការទូតហ្វីលីពីន Enrique Manalo ដែលឆ្លងជំងឺកូវីដ-១៩ ឯកូរ៉េខាងជើង ចាត់តាំងអគ្គរដ្ឋទូតប្រចាំទីក្រុងភ្នំពេញ Jang Yun Gon ចូលរួមជំនួបវេទិកាតំបន់អាស៊ាន ជំនួសរដ្ឋមន្រ្តីការបរទេស Choe Son-hui ។ វេទិកាតំបន់អាស៊ាន ជាជំនួបសន្តិសុខពហុភាគីមួយគត់ដែលកូរ៉េខាងជើងមានវត្តមាន និងជាតុចរចាដែលមានវត្តមានកូរ៉េទាំងពីរ៕
 

Tag:
 កម្ពុជា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com