អន្តរជាតិ
គណៈកម្មការសុខភាពជាតិ៖ ចំនួនប្រជាជនចិន នឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២៥ រូបភាព៖ AFP
×
ដោយ ហ៊ួយ ស៊ីវលី
គណៈកម្មការសុខភាពជាតិចិន (NHC) នៅថ្ងៃទី១ ខែសីហា បានបញ្ជាក់ថា ចំនួនប្រជាជនចិន នឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២៥ ដោយសារការកើនឡើងយ៉ាងរហ័សនៃកម្លាំងពលកម្មដែលមានវ័យចំណាស់ និងកំណើនប្រជាជនទាបបំផុតក្នុងទសវត្សរ៍កន្លងមកនេះ។
តាមការបញ្ជាក់របស់គណៈកម្មការសុខភាពជាតិ (NHC) ចិន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោក កំពុងជួបប្រទះវិបត្តិប្រជាសាស្ត្រ ដោយអត្រានៃការមានកូនសរុប បានធ្លាក់ចុះក្រោម ១.៣ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ទន្ទឹមនេះ ចិនត្រូវបានគេរំពឹងថា នឹងឈានចូលដំណាក់កាលធ្ងន់ធ្ងរនៃការមានប្រជាជនវ័យចាស់ជរានៅក្នុងឆ្នាំប្រមាណ ២០៣៥ ដោយចំនួនប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំ មានជាង ៣០ ភាគរយនៃប្រជាជនសរុប។
«អត្រាកំណើនប្រជាជនសរុប បានធ្លាក់ចុះយ៉ាងខ្លាំង ហើយវានឹងឈានចូលកំណើនអវិជ្ជមានក្នុងផែនការប្រាំឆ្នាំលើកទី១៤»។ គណៈកម្មការសុខភាពជាតិចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១ សីហា។ ផែនការប្រាំឆ្នាំលើកទី១៤ របស់ចិន ចាប់ផ្តើមពីឆ្នាំ២០២១ ដល់២០២៥។
ការធ្លាក់ចុះនេះ អាចមកពីការចំណាយលើការរស់នៅកាន់តែខ្ពស់ និងការផ្លាស់ប្តូរវប្បធម៌នៃការរស់នៅរបស់ប្រជាជន បានធ្វើអោយអត្រាកំណើតបានធ្លាក់ចុះដល់កម្រិតទាបបំផុត បើទោះបីជារដ្ឋាភិបាល បានបញ្ចប់គោលនយោបាយកូនតែមួយនៅឆ្នាំ ២០១៦ និងអនុញ្ញាតអោយប្រជាជនមានកូនបីនាក់ក៏ដោយ។
ទាក់ទងនឹងបញ្ហាខាងលើ គណៈកម្មការសុខភាពជាតិ បានអំពាវនាវឱ្យមានការកែលម្អលើការគាំទ្រចិញ្ចឹមកូន និងគោលនយោបាយស្តីពីលំនៅដ្ឋាន ការអប់រំ និងពន្ធដារ ដើម្បីជួយកាត់បន្ថយបន្ទុកគ្រួសាររបស់ប្រជាជន។
ទន្ទឹមនេះ អាជ្ញាធរនៅក្នុងតំបន់មួយចំនួនរបស់ចិននាពេលថ្មីៗ ក៏បានដាក់ចេញនូវគោលនយោបាយគាំទ្រសម្រាប់គ្រួសារដែលមានកូនបីនាក់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតទាបផង។ តួយ៉ាងទីក្រុង ហាំងចូវ ណានឆាង និងឆាងសា បានប្រកាសថា គ្រួសារដែលមានកូនបីនាក់ នឹងអាចខ្ចី ២០ ភាគរយលើសពីការកំណត់អតិបរមា នៅពេលដាក់ពាក្យសុំកម្ចីមូលនិធិផ្តល់លំនៅដ្ឋានជាលើកដំបូង។ នេះបើការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
គួររំឭកថា គោលនយោបាយកូនមួយ ត្រូវបានដាក់ចេញដោយមេដឹកនាំចិន លោកតេង ស៊ាវពីង នៅក្នុងឆ្នាំ១៩៨០ ដើម្បីទប់ស្កាត់កំណើនប្រជាជនចិន រួមទាំងលើកតម្កើងការអភិវឌ្ឍចិន។ ប៉ុន្តែគោលនយោបាយនេះ ត្រូវបានលើកលែងសម្រាប់គ្រួសារនៅជនបទ និងជនជាតិភាគតិច៕
© រក្សាសិទ្ធិដោយ thmeythmey.com