ជាតិ
អាស៊ាន
កម្ពុជា រង់ចាំការគាំទ្រធ្វើម្ចាស់ផ្ទះលេខាធិការកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់
03, Aug 2022 , 11:00 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា រង់ចាំការគាំទ្រពីបណ្ដាប្រទេសសមាជិក និងសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (RCEP) ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ RCEP នេះ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន បានលើកពីបំណងនេះ នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៣ សីហា។


សម្ដេច ហ៊ុន សែន បានរំឭកពីគំនិតផ្តួចផ្ដើមពាក់ព័ន្ធនឹងវិធានការស្ដារ និងងើបចេញពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ បើតាមសម្ដេច ហ៊ុន សែន គំនិតផ្ដួចផ្ដើមនេះ ត្រូវបានអាស៊ានឯកភាពអនុវត្តកម្មវិធីនានា ក្រោមយុទ្ធសាស្រ្តទាំង៤ នៃក្របខណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
 
ប្រធានអាស៊ានរូបនេះ បានថ្លែងដូច្នេះ៖«ស្របតាមយុទ្ធសាស្រ្តធំទី៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្ដានុពលនៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចច ដែលធំទូលំទូលាយជាងមុន, ខ្ញុំជឿជាក់ថា យើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយ ឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមាន កាលពីខែមករា កន្លងទៅនេះ»។
 
បើតាមសម្ដេច ហ៊ុន សែន កម្ពុជាបានត្រៀមខ្លួនជាស្រេចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះលេខាធិការដ្ឋានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (RCEP) ដោយបានកំណត់ទីតាំងសម្រាប់លេខាធិការដ្ឋាននេះហើយ នៅរាជធានីភ្នំពេញ។ សម្ដេច បន្ថែមថា កម្ពុជា​កំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។
 
«ខ្ញុំសង្ឃឹមថា កម្ពុជា អាចទទួលបានការគាំទ្រពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះ ជាផ្លូវការ»។ នេះជាការបញ្ជា់របស់ប្រធានអាស៊ាន។
 
អត្ថបទទាក់ទង
 
 
Regional Comprehensive Economic Partnership (RCEP) គឺជាកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ដែលមានប្រទេសចំនួន១៥ចូលរួម ។ ក្នុងនោះមានប្រទេសទាំង១០របស់អាស៊ាន រួមជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពី RCEP ចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២ កម្ពុជាក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណា ដែលមានសក្កានុពល។
 
សូមជម្រាបថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។  កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានគ្របដណ្តប់លើប្រជាជនជាង២ពាន់លាននាក់(ប្រមាណ៣០ភាគរយ)នៃចំនួនប្រជាជនពិភពលោក ខណៈផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសជាសមាជិកទាំង១៥នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺស្មើនឹងជាង៣៣ភាគរយឬមួយភាគបី នៃGDPរបស់ពិភពលោក ហើយក៏ស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មពិភពលោក ផងដែរ៕
 

Tag:
 ហ៊ុន សែន
  អាស៊ាន
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com